ឯកឧត្ដម ឃួង ស្រេង ផ្ដល់អំណោយមនុស្សធម៌ ដល់ប្រជាពលរដ្ឋរងគ្រោះដោយ ជំនន់ទឹកភ្លៀង នៅខណ្ឌកំបូល

AKP ភ្នំពេញ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បាននាំយកអំណោយមនុស្សធម៌ ជាសម្ភារនិងថវិកា មកចែកជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន៣៨៥ គ្រួសារ មកពី៤សង្កាត់ គឺសង្កាត់ប្រទះឡាង, កំបូល, បឹងធំ និងភ្លើងឆេះរទេះ នៅខណ្ឌកំបូល កាលពីព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ នៅទីតាំងវត្ដ សុវណ្ណអម្ពាហៅ (វត្ដស្វាយមាស)។

អំណោយដែល ឯកឧត្ដម ឃួង ស្រេង នាំយកមកចែកជូនបងប្អូនប្រជាពលរដ្ឋរង គ្រោះដោយជំនន់ទឹកភ្លៀងនាថ្ងៃនេះចំនួន៣៨៥គ្រួសារ ដោយក្នុង១គ្រួសារ ទទួលបានអង្ករ ២៥គីឡូក្រាម, មី១កេស, ទឹកសុទ្ធ១កេស, ទឹកត្រី១យួ, ទឹកសាអ៊ីវ១យួរ និងថវិកា៥ម៉ឺនរៀល។

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានផ្តាំផ្ញើរសួរខុសទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយ សម្តេចទាំងទ្វេបានគិតគូរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋដោយក្តីនឹករលឹក។

ឯកឧត្ដមបានបន្ដថា មិនត្រឹមតែសង្គ្រោះប្រជាពលរដ្ឋមកលើទីទួលសុវត្ថិភាពទេ អាជ្ញាធរថែមទាំងបានរៀបចំផ្តល់អាហារជូនពួកគាត់ផងដែរ ប្រកបដោយការទទួលសុខត្រូវ និងអនុវត្តន៍តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងការផ្គត់ផ្គង់ម្ហូបអាហារដល់កម្លាំងគ្រប់ប្រភេទថែមទៀត។

ឯកឧត្ដម ឃួង ស្រេង បានបន្ដថា ទន្ទឹមនឹងការលំបាកដោយសារទឹកលិចនេះហើយ សូមបងប្អូនកុំភ្លេចអនុវត្តន៍តាមអានុសាសន៍ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាថា (ស្គាល់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អ ក្នុងគ្រា មានទុក្ខលំបាក) និងបានជួបជាមួយប្រជាពលរដ្ឋរង គ្រោះដោយសារជំនន់ទឹកភ្លៀង ដោយផ្ទាល់ ក្រោមកិច្ចសហការ ពីអាជ្ញាធរ រដ្ឋបាលសាលារាជធានីភ្នំពេញ និងអាជ្ញាធរ ពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ នៅថ្នាក់ សង្កាត់ថ្នាក់ខណ្ឌនេះតែម្ដង៕

ដោយ​ សួស សំរិត