ណាហ្គាវើលដ៍ និងភ្នំពេញក្រោន ហ្វឹកហាត់ត្រៀមការប្រកួតពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់សម្តេចតេជោ ហ៊ុន សែន រដូវកាល ២០២០

AKP ភ្នំពេញ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០–

ក្រុមណាហ្គាវើលដ៍ និងក្រុមភ្នំពេញក្រោន បានហ្វឹកហាត់ផ្លូវការ កាលពីល្ងាចថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដើម្បីត្រៀមការប្រកួតជាមួយគ្នា នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពាន​រង្វាន់​សម្តេចតេជោ ហ៊ុន សែន លើកទី១៣ រដូវកាល ២០២០ នាថ្ងៃទី២១ តុលា ឆ្នំា២០២០។

គណៈកម្មការបាល់ទាត់ជាតិកម្ពុជា (CNCC)នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានរៀបចំការហ្វឹក​ហាត់ផ្លូវ​ការ​នេះ ដើម្បីឱ្យក្រុមទាំងនេះបានស្គាល់ពហុកីឡដ្ឋានជាតិអូឡាំពិក ដែលជាទីលានប្រកួតវគ្គពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ នាថ្ងៃទី២១តុលា ខណៈ១ប្រកួតទៀត នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះដែរ គឺជា​ការជួបគ្នារវាងក្រុមជើងឯកថ្នាក់ខេត្ត ព្រៃវែងប៉ះជាមួយក្រុមវិសាខា នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ វេលា​ម៉ោង៦ល្ងាច​ដូចៗគ្នា។ ២ក្រុមដែលឈ្នះៗវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនឹងត្រូវឡើងទៅប្រជែង ជើងឯកពាន​រង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១៣ រដូវកាល ២០២០។

សូមរម្លឹកថា ប្រវត្តិរបស់ណាហ្គាវើលដ៍ធ្លាប់លើកពាននេះតែម្តងគត់ កាលពីឆ្នាំ២០១៣ ចំណែក​ឯភ្នំពេញ​ក្រោន និងវិសាខា គឺជាក្រុមចំណាត់ថ្នាក់លេខ៣ និងលេខ៣ស្ទួន រដូវកាល ២០១៩ ស្របពេល​ដែលក្រុមខេត្តព្រៃវែង គឺជាក្រុមខ្លំាងលេចធ្លោតែមួយគត់ ដែលបានទម្លាក់ក្រុមខ្លាំងៗជាបន្តបន្ទាប់​តាំងពី​ថ្នាក់ខេត្តរហូតដល់វគ្គជម្រុះថ្នាក់ជាតិជាច្រើនក្រុមរហូតបានឈានចូលដល់វគ្គពាក់កណ្តាលផ្តាច់​ព្រ័ត្រថ្នាក់​ ជាតិ រដូវកាល ២០២០នេះ៕ដោយ ហេង ណាលីន