បើកការប្រកួតកីឡាវាយកូនឃ្លីលើតុជើងឯកថ្នាក់ជាតិ និងពានរង្វាន់សហព័ន្ធ លើកទី១ ប្រចាំឆ្នាំ២០២០

AKP ភ្នំពេញ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០–
ការប្រកួតកីឡាវាយកូនឃ្លីលើតុជ្រើសរើសជើងឯកថ្នាក់ជាតិ និងពានរង្វាន់សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា លើកទី១ ប្រចាំឆ្នាំ២០២០បានចាប់ផ្តើមដំណើរការជាផ្លូវការ នាល្ងាចថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ នៅសាលដំបូលទូកនៃពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោមវត្តមានឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា។

ក្នុងនាមឯកឧត្តមបណ្ឌិត ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC), ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC មានប្រសាសន៍ថា ក្នុងនាមចលនាអូឡាំពិក និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាពិតជារីករាយចំពោះការប្រកួតកីឡាវាយកូនឃ្លីលើតុជ្រើសរើសជើងឯកថ្នាក់ជាតិ និងពានរង្វាន់សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជាប្រចាំឆ្នាំ២០២០ នាពេលនេះ។

ឯកឧត្តមអគ្គលេខាធិការបានវាយតម្លៃខ្ពស់ចំពោះការគ្រប់គ្រងដឹកនាំរបស់គណៈកម្មាធិការប្រតិបត្តិថ្មីបានបង្ហាញនូវសកម្មភាពរស់រវើកមានការរីកចម្រើនគួរជាទីកក់ក្តៅរបស់កីឡាករ កីឡាការិនី ក្រោយពីសហព័ន្ធនេះត្រូវបានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រសួងអប់រំ យុវជន និង កីឡា ព្រមទាំងទទួលបានការចង្អុលបង្ហាញ ជ្រើសរើសប្រធានសហព័ន្ធ និងគាំទ្ររបស់ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ទើបធ្វើឱ្យសហព័ន្ធប្រែមុខមាត់ថ្មីគួរជាទីសង្ឃឹម ស្វែងរកឧត្តមភាពកីឡា វាយកូនឃ្លីលើតុ ក្នុងការត្រៀមប្រកួតកីឡា SEA Games លើកទី៣២ ឆ្នាំ២០២៣។

ឯកឧត្តម វ៉ាត់ ចំរើន បានលើកឡើងបន្ថែមទៀតថា “ដើម្បីជំរុញបន្ថែមល្បឿនអភិវឌ្ឍន៍គុណផលកីឡា (Performance) កម្រិតខ្ពស់ ដល់កីឡាករ កីឡាកាវិនីវាយកូនឃ្លីលើតុ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC) បានឯកភាពជាមួយក្រុមជំនាញកីឡា និងក្រុមសិក្សាស្រាវជ្រាវមកពីក្រុមហ៊ុនកីឡាអន្តរជាតិ តំណាងឱ្យអាជ្ញាធរកីឡា នៃសាធារណរដ្ឋប្រជាមានិតចិនផ្តល់ចំនួនកីឡាករ កីឡាការិនី វាយកូនឃ្លីលើតុចំនួន៨នាក់ ត្រៀមទៅហ្វឹកហាត់រយៈពេលវែង នៅសាធារណរដ្ឋប្រជាមានិតចិន”។

ឯកឧត្ដមបានជំរុញឱ្យសហព័ន្ធត្រៀមលក្ខណៈជ្រើសរើសកីឡាករ កីឡាការិនីមានទេពកោសល្យ មានវិន័យ ក្រមសីលធម៌កីឡាល្អបញ្ជូនទៅធ្វើការហ្វឹកហាត់ឱ្យទទួលបានជោគជ័យត្រឡប់មកប្រកួតកីឡា SEA Games ឆ្នាំ២០២៣ដណ្ដើមយកមេដាយមាស ចំនួន១គ្រឿង សម្រាប់កីឡាវាយកូនឃ្លីលើតុ តាមតារាងសន្ទស្សន៍មេដាយ ដែលគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានប្រកាសក្នុងមហាសន្និបាតនាដើមឆ្នាំ២០២០ កន្លងមក។

លោក ស៊ុន សុទ្ធារិទ្ធ អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជាបានគូសបញ្ជាក់ថា ការប្រកួតឆ្នាំនេះ សហព័ន្ធបានរៀបចំការប្រកួតចំនួនពីរក្របខ័ណ្ឌ គឺក្របខ័ណ្ឌក១ ចាប់ពីអាយុ១៩ឆ្នាំឡើងទៅ និងក្របខ័ណ្ឌក២ ក្រោមអាយុ១៨ឆ្នាំ ដោយបែងចែកក្នុងមួយក្របខ័ណ្ឌមាន៤វិញ្ញាសា ដើម្បីបំផុសយុវកីឡាករ កីឡាការិនីឱ្យបានផុសផុល ក្នុងប្រទេស។ ព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំរបស់សហព័ន្ធកីឡាជំនាញមួយនេះមានប្រតិភូកីឡាករ កីឡាការិនីចូលរួមសរុបចំនួន១៧៣នាក់ មកពី២២ក្លឹបទូទាំងប្រទេស៕ ដោយ ហេង ណាលីន