សម្តេចក្រឡាហោម ស ខេង ដឹកនាំកិច្ចប្រជុំពិភាក្សាដំណើរការប្រព្រឹត្តទៅនៃ មូលនិធិ សម្ដេចតេជោដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០–

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដឹកនាំកិច្ចប្រជុំពិភាក្សាដំណើរការប្រព្រឹត្តទៅនៃមូលនិធិសម្ដេចតេជោដើម្បីអភិវឌ្ឍន៍សហគ្រាសធនតូច និងមធ្យមនៅកម្ពុជា។ កិច្ចប្រជុំនេះបានរៀបចំឡើងនៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ជាអនុប្រធានកិត្តយសមូលនិធិ។

សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា កិច្ចប្រជុំនេះគឺពិតជាផ្ដល់សារៈសំខាន់ខ្លាំងណាស់ដល់ការងារបង្កើតមូលនិធិដើម្បីជួយដល់សហគ្រាសធុនតូច និងមធ្យមនេះ ហើយដោយសារជាបទពិសោធន៍នៅប្រទេសអភិវឌ្ឍន៍តែងបានគិតគូរអំពីបញ្ហានេះ បន្ទាប់ពីមានការចាត់ទុកថាសហគ្រាសធុនតូច និងមធ្យមជាឆ្អឹងខ្នងដើម្បីពង្រឹង និងពង្រីកសេដ្ឋកិច្ច។

សម្ដេចក្រឡាហោមបានរម្លឹកអំពីដំណើរបំពេញទស្សនកិច្ចនៅប្រទេសអាល្លឺម៉ង់ កាលពីឆ្នាំ២០១៩ តាមការអញ្ជើញរបស់រដ្ឋលេខាធិការទទួលបន្ទុកសហប្រតិបត្តិការសេដ្ឋកិច្ចអាល្លឺម៉ង់ ដោយភាគីអាល្លឺម៉ង់ក៏បានធ្វើបទបង្ហាញជូនសម្ដេចអំពីគោលការណ៍អភិវឌ្ឍន៍សេដ្ឋកិច្ចរវាងអាល្លឺម៉ង់ប៉ែកខាងលិចដែលសឹងតែគ្រប់ភូមិឃុំបានផ្ដោតលើសហគ្រាសធុនតូច និងមធ្យម ដោយផ្ដល់ការងារជូនប្រជាជននៅនឹងកន្លែង និងអាល្លឺម៉ង់ប៉ែកខាងកើតដែលបានផ្ដោតទៅលើឧស្សាហកម្មធុនធ្ងន់។

លោកឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលមូលនិធិសម្ដេចតេជោដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ក៏បានធ្វើរបាយការណ៍ការងាររយៈពេល២ខែចុងក្រោយរបស់មូលនិធិ ជូនសម្ដេចក្រឡាហោម ព្រមទាំងអង្គប្រជុំ មុននឹងកិច្ចប្រជុំទាំងមូលបានបន្តការពិនិត្យ និងពិភាក្សាលម្អិតបន្ថែមទៀតអំពីការងារមួយចំនួនពាក់ព័ន្ធនឹងការប្រព្រឹត្តទៅរបស់មូលនិធិ៕ដោយ ចាន់ សុធីវង្ស