អភិបាលខេត្ដកំពត៖ ថវិកាកាកបាទក្រហមកម្ពុជា សម្រាប់ត្រៀមបម្រើឱ្យការប្រើប្រាស់ចំគោលដៅ ក្នុងសកម្មភាពមនុស្សធម៌

AKP កំពត ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០–

អភិបាលខេត្ដ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពតបានលើកឡើងថា ថវិកា សម្ភារ គ្រឿងឧបភោគ បរិភោគផ្សេងៗដែលសប្បុរសជនបរិច្ចាគជូនកាកបាទក្រហមកម្ពុជា មិនមែនសម្រាប់សន្សំទុកទេ គឺដើម្បីត្រៀម ទុកសម្រាប់បម្រើក្នុងសកម្មភាពមនុស្សធម៌ និងចែកជូនទៅដល់ដៃពលរដ្ឋគោលដៅដែលជាជនងាយរងគ្រោះ និងជនរងគ្រោះគ្រប់ប្រភេទ។

ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រេចបាន ៩ខែ និងដាក់ផែនការអនុវត្តន៍បន្តត្រីមាសទី៤ ឆ្នាំ២០២០ កាលពីថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០២០ ឯកឧត្ដម ជាវ តាយ អភិបាលខេត្ដ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត បានធ្វើការកត់សម្គាល់ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលសម្រេចបានល្អប្រសើរ ដែលសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត និងអនុសាខា ក្រុង ស្រុក ដែលបានបម្រើការឆ្លើយតបដល់ប្រជាពលរដ្ឋងាយរងគ្រោះនិងរងគ្រោះបានទាន់ពេលវេលានិងចំគោលដៅប្រកបដោយប្រសិទ្ធភាព។

ឯកឧត្ដមបានបន្តថា កន្លងមក សមាជិក សមាជិកាតែងតែបានយកចិត្តទុកដាក់យ៉ាងសស្រាក់សស្រាំក្នុងការបំពេញសកម្មភាពការងារមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះ ដោយគ្រោះធម្មជាតិ និងឧប្បត្តិហេតុផ្សេងៗ បានចំគោលដៅ និងទាន់ពេលវេលាយ៉ាងល្អប្រសើរ។

ឯកឧត្ដមអភិបាលខេត្ដក៏បានក្រើនរម្លឹក ដល់សមាជិក សមាជិកាគណៈកម្មាធិការសាខា ប្រធានកិត្តិយស អនុសាខាក្រុង ស្រុក ប្រធានគណៈកម្មាធិការអនុសាខាក្រុងស្រុក រួមនឹងក្រុមប្រតិបត្តិសាខា ត្រូវបន្តយកចិត្តទុកដាក់ចូលរួមឱ្យបានសកម្មថែមទៀត ពិសេសអនុវត្តន៍តាមអនុសាសន៍ណែនាំរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងគោលការណ៍គ្រឹះទាំង៧របស់កាកបាទក្រហមកម្ពុជា ក្នុងការបំពេញបេសកកម្មការងារមនុស្សធម៌ ដោយយកចិត្តទុកដាក់គិតគូរកៀរគរ និងគ្រប់គ្រងប្រភពចំណូលចំណាយឱ្យបានច្បាស់លាស់។

ទន្ទឹមនេះ ប្រើប្រាស់ថវិកាឱ្យចំគោលដៅ ដើម្បីជួយសង្គ្រោះ និងសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលខ្វះខាត និងជួបប្រទះគ្រោះធម្មជាតិ ឬជួបឧប្បតិ្តហេតុផ្សេងៗឱ្យបានកាន់តែប្រសើរឡើងថែមទៀត។ ឯកឧត្ដមបានបន្ថែមថា ថវិកា សម្ភារ គ្រឿងឧបភោគ បរិភោគ ដែលសប្បុរសជនបរិច្ចាគមក មិនមែនសម្រាប់សន្សំទុកនោះទេ គឺសម្រាប់ត្រៀមទុកចាយ និងចែកជូនដល់ដៃប្រជាពលរដ្ឋគោលដៅ ដែលជាជនងាយរង់គ្រោះ និងរងគ្រោះដោយសារបញ្ហាផ្សេងៗ៕ដោយ ប្រាក់ លាង