ក្រុមហ៊ុនព្រីនស៍ហូលឌីងគ្រុប ផ្ដល់ជំនួយជាសម្ភារគិតជាទឹកប្រាក់សរុប ៧៥០០០ដុល្លារអាម៉េរិក ជូនដល់សម្តេច ហេង សំរិន

AKP ភ្នំពេញ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០

ក្រុមហ៊ុនព្រីនស៍ហូលឌីងគ្រុប ផ្ដល់ជំនួយជាអង្ករចំនួន១០០តោន មីចំនួន៣០០កេសធំ និងទឹកបរិសុទ្ធចំនួន១០០០កេស គិតជាទឹកប្រាក់សរុប៧៥០០០ដុល្លារអាម៉េរិក ជូនដល់ សម្តេច អគ្គមហាពញាចក្រី ហេង សំរិន ដើម្បីជួយដល់ប្រជាជន ដែលកំពុងរងគ្រោះដោយ បាតុភូតធម្មជាតិជំនន់ទឹកភ្លៀង។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ក៏បានផ្ដល់ជូនលិខិតថ្លែងអំណរគុណ ដល់ឯកឧត្តមអ្នកឧកញ៉ា ចេន ហ្ស៊ី ចំពោះការផ្ដល់ជាជំនួយដល់ប្រជាជនរងគ្រោះដោយ ជំនន់ទឹកភ្លៀងជាបន្តបន្ទាប់។ ជាមួយនឹងពាក្យថា «ទឹកជំនន់គឺគ្មានមេត្តា តែមនុស្សមានក្ដីស្រលាញ់» ឯកឧត្តមអ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនព្រីនស៍ ហូលឌីងគ្រុប បានបំពេញទំនួលខុសត្រូវសង្គមរបស់ខ្លួនយ៉ាងសកម្ម ដោយបានផ្ដល់ជំនួយ ជាអង្ករ ចំនួន១០០តោន មីចំនួន៣០០កេសធំ និងទឹកបរិសុទ្ធចំនួន១០០០កេស គិតជាទឹក ប្រាក់ សរុប៧៥០០០ដុល្លារអាម៉េរិក ដល់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដើម្បីជួយ ដល់ប្រជាជនដែលកំពុងរង គ្រោះដោយបាតុភូតធម្មជាតិជំនន់ទឹកភ្លៀង។

យោងតាមព័ត៌មានដែលចេញផ្សាយដោយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយកម្ពុជានៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ ខេត្ត ក្រុងចំនួន១៩ នៅទូទាំងប្រទេស ត្រូវបានរង គ្រោះដោយជំនន់ទឹកភ្លៀង ដែលបណ្តាលឱ្យមានមនុស្ស ស្លាប់១៣នាក់ ក្នុងនោះមាន កុមារ៥នាក់។ប្រជាជនចំនួន១២.៣៧៦នាក់ត្រូវបានជម្លៀសចេញ ហើយ១៩៣.២៦៨នាក់បានរងផលប៉ះពាល់។

គួរបញ្ជាក់ថា ក្រុមហ៊ុនព្រីនស៍ហូលឌីងគ្រុបមានអាជីវកម្មគ្របដណ្តប់លើវិស័យ អចលនទ្រព្យ ធនាគារ ហិរញ្ញវត្ថុ អាកាសចរណ៍ ទេសចរណ៍ឡូជីស្ទីកបច្ចេកវិទ្យា ភោជនីយដ្ឋាន ការកម្សាន្ត និងវិស័យផ្សេងៗជាច្រើនទៀត ព្រមទាំងជាសហគ្រាស ចម្រុះខ្នាតធំលំដាប់កំពូល នៅកម្ពុជាផងដែរ។ បន្ថែមពីនេះអង្គការមូលនិធិសប្បុរសធម៌ ព្រីនស៍រៀលអ៊ីស្ទេតដែលបង្កើតឡើងដោយក្រុមហ៊ុន ព្រីនស៍រៀលអ៊ីស្ទេត(ខេមបូឌា) គ្រុបបាន រៀបចំសកម្មភាពសប្បុរសធម៌នៅកម្ពុជាសរុបជាង២៤០លើក ដែលបានបរិច្ចាគថវិកា និងសម្ភារជាង៧,៧២លានដុល្លារអាម៉េរិក និងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជន ជាង៣២ម៉ឺននាក់៕ ដោយ ម៉ៅ ចរិយា