រដ្ឋបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំស្ដីពី ការកែលម្អ ការផ្ដល់សេវារដ្ឋបាលនៅអង្គភាពច្រកចេញចូលតែមួយ

AKP ព្រះសីហនុ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០–

នាព្រឹកថ្ងៃអង្គារ ៤កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំស្ដីពី ការកែលម្អការផ្ដល់សេវារដ្ឋបាលនៅអង្គភាពច្រកចេញចូលតែមួយ ខេត្តព្រះសីហនុ ស្រុកស្ទឹងហាវ និងការពន្លឿនរៀបចំអគារការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋនៅក្រុងកោះរ៉ុង និងស្រុកកំពង់សិលា ដោយមានការចូលរួមពី លោកអភិបាលរងខេត្ត អភិបាល អភិបាលរងក្រុង-ស្រុក ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត និងការិយាល័យចំណុះសាលាខេត្ត។

លោក ជា បាឈុន ប្រធានអង្គភាពច្រកចេញចូលតែមួយខេត្តព្រះសីហនុ បានឱ្យដឹងថា អង្គភាពច្រកចេញចូលតែមួយសាលាខេត្តព្រះសីហនុ បម្រើសេវា និងចំណូល ប្រចាំឆ្នាំ គិតមកត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ការបម្រើសេវាលើវិស័យចំនួន១៤ ក្នុងនោះ មានចំនួន ១៣,៣៣៤សេវា កំពុងដំណើរការ ១,៩០៨ និងបានបញ្ចប់ចំនួន ១១,៤២៦ ស្មើនឹង ៨៦ភាគរយ និងចំណូលសរុបចំនួន ១៣,៦០៥,២១៤,៣០០រៀល ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា យើងនៅមាន បញ្ហាប្រឈមខ្លះ ត្រូវចូលរួមកែសម្រួលនូវចំណុចខ្វះខាត និងការបែងចែកអត្ថប្រយោជន៍ ដល់មន្ត្រីបម្រើ សេវានៅអង្គភាពច្រកចេញចូលតែមួយ ដើម្បីលើកទឹកចិត្តដល់មន្ត្រីនៅក្នុង អង្គភាពច្រកចេញចូលតែមួយឱ្យកាន់តែល្អ ផ្តល់អាទិភាពចំពោះមន្ត្រីផ្តល់សេវានៅអង្គភាព ច្រកចេញចូលតែមួយ។

ឯកឧត្តម គួច ចំរើន បានបន្តថា ចាប់ពីខែតុលា ឆ្នាំ២០២០ យើងត្រូវធ្វើការបែងចែក អត្ថប្រយោជន៍ ជូនដល់មន្ត្រីអង្គភាពច្រកចេញចូលតែមួយ ដោយមានការអនុម័តដោយ ក្រុមប្រឹក្សាខេត្ត ប្រកបដោយគណនេយ្យភាព ក្នុងការផ្តល់ប្រាក់លើកទឹកចិត្តដល់មន្ត្រីនៅ អង្គភាពច្រកចេញចូលតែមួយ ដើម្បីឱ្យគាត់បម្រើ សេវាសាធារណៈជូនប្រជាពលរដ្ឋប្រកប ដោយតម្លាភាព និងប្រសិទ្ធភាព។ ដូច្នេះក្រុង -ស្រុក មន្ទីរ និងអង្គភាពពាក់ព័ន្ធត្រូវរួមគ្នា ទទួលខុសត្រូវក្នុងការបម្រើ សេវាសាធារណជូនប្រជាពលរដ្ឋដោយការទទួលខុសត្រូវ និងពន្លឿនការផ្តល់សេវាបានលឿនប្រកបដោយគុណភាព ។

ឯកឧត្តម គួច ចំរើន បានកោតសរសើរមន្ទីរដែលបានទទួលសេវា និងបានផ្តល់សេវា បញ្ចប់តាមការស្នើសុំរបស់ប្រជាពលរដ្ឋ។ មន្ទីរដែលនៅសេសសល់សេវា ត្រូវខិត ខំពន្លឿនការកកស្ទះសេវាឱ្យបានទាន់ពេលវេលា ។ ដោយឡែកមន្ទីរដែលមិនទាន់មានសេវា ត្រូវអនុវត្តន៍តាមគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ រួមគ្នាជំរុញកែលម្អការ ផ្តល់សេវាសាធារណជូនប្រជាពលរដ្ឋបានទាន់ពេលវេលា៕ ដោយ ងូ សុមុនី