ឯកឧត្តម គួច ចំរើន អញ្ជើញទទួលអំណោយមនុស្សធម៌ ពីសប្បុរសជន

AKP ព្រះសីហនុ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០

នាព្រឹកថ្ងៃអង្គារ ៤កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទ ក្រហមកម្ពុជា ខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយមនុស្សធម៌ពី ព្រះសង្ឃវត្តឥន្ទញ្ញាណ ឯកឧត្តម លោកឧកញ៉ា លោក លោកស្រី និងក្រុមហ៊ុន សហគ្រាស ដែលបាននាំយកអំណោយ មនុស្សធម៌ ឧបត្ថម្ភដល់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ នៅទីស្នាក់ការសាខា កាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ។

ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានថ្លែងអំណរគុណ និងអរគុណចំពោះព្រះសង្ឃ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី និងក្រុមហ៊ុន សហគ្រាស ដែលបានចូលរួមការ ងារសង្គម បានចូលរួមឧបត្ថម្ភជាគ្រឿងឧបភោគ បរិភោគ មានដូចជា៖ អង្ករ មី ត្រីខកំប៉ុង និងថវិកា​ ដល់សាខាកាកបាទក្រហមខេត្តព្រះសីហនុ មានលទ្ធភាពជួយដល់ប្រជាពលរដ្ឋរងគ្រោះ ហើយនេះក៏ជាសកម្មភាពការងារមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយ ជំនន់ទឹកភ្លៀង ប្រជាពលរដ្ឋក្រីក្រ ចាស់ជរាគ្មានទីពឹង កុមារកំព្រា និងគ្រោះធម្មជាតិផ្សេងៗ។

ឯកឧត្តមប្រធានគណៈកម្មការសាខាកាកបាទក្រហមខេត្តព្រះសីហនុ សង្ឃឹមនឹង ជឿជាក់ថា សប្បុរសជនក្នុងខេត្ត និងក្រៅខេត្ត នឹងបន្តសកម្មភាពមនុស្សធម៌ ឧបត្ថម្ភដល់ សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ក៏ដូចជាអាជ្ញាធរខេត្ត ក្នុងការជួយសង្គ្រោះ ជនរងគ្រោះដោយជំនន់ទឹកភ្លៀង និងគ្រោះមហន្តរាយនានាក្នុងខេត្តព្រះសីហនុ៕

ដោយ៖ ងូ សុមុនី

សម្រួលផ្សាយ៖ កន ចំណាន