សម្តេច​ប្រធានរដ្ឋសភា​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ពិនិត្យ និង​អនុម័ត​សេចក្តីព្រាងច្បាប់​មួយចំនួន​តាម​ការ​ស្នើឡើង​របស់​រាជរដ្ឋាភិបាល​

AKP ភ្នំពេញ ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២០–​

សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅ​ព្រឹក​ថ្ងៃ​៤​កើត ខែ​ក​ក្ដិ​ក ឆ្នាំជូត ទោស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃ​អង្គារ ទី​២០ ខែតុលា ឆ្នាំ​២០២០​នេះ បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ដើម្បី​ពិនិត្យ និង​អនុម័ត​បញ្ចូល​ក្នុង​របៀបវារៈ​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៥ នីតិកាល​ទី​៦ នូវ​សេចក្តីព្រាងច្បាប់​មួយ ចំនួន ដែល​គណៈកម្មាធិការ​ជំនាញ​រដ្ឋសភា​បាន​ពិនិត្យ​សិក្សា​រួចរាល់​។​

​សេចក្តីព្រាងច្បាប់​ដែល​បានអនុម័ត​បញ្ចូល​ក្នុង​របៀបវារៈ​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៥ នីតិកាល​ទី​៦ រួមមាន​៖ ១-​សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​ពិធីសារ​ទីមួយ ធ្វើ​វិសោធនកម្ម​កិច្ចព្រមព្រៀង ស្តីពី​ភាពជា​ដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ​រវាង​រដ្ឋ​ជា​សមាជិក សមា គម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​(​អាស៊ាន​) និង​ជប៉ុន​។ ២- សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​ពិធីសារ​អនុវត្តន៍​កញ្ចប់​សន្យា​ទី​១០ ក្រោម​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​អាស៊ាន ស្តីពី​សេវាកម្ម​។ ៣- សេចក្តីព្រាងច្បាប់ ស្តីពី​ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ស្តីពី​ការវិនិយោគ​ក្រោម​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ ស្តីពី​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ទូលំទូលាយ រវាង​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ និង​សាធារណរដ្ឋ​ឥណ្ឌា​។ ៤- សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ស្តីពី​ការវិនិយោគ​រវាង​បណ្តា​រដ្ឋ​សមាជិក​នៃ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ និង​រដ្ឋាភិបាល​នៃ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។

​កិច្ចប្រជុំ​ព្រឹក​នេះ​ផងដែរ​ក៏បាន​ទទួលយក​សេចក្តីព្រាងច្បាប់​ចំនួន​៤​ថ្មី​ទៀត ដែលជា​សំណើ​របស់​រាជរដ្ឋាភិបាល ប្រគល់ជូន​គណៈកម្មកា​រ​ជំនាញ​នានា​របស់​រដ្ឋសភា ពិនិត្យ​សិក្សា​។ សេចក្តីព្រាង ច្បាប់​ទាំង​៤ ដែល​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា បានទទួល​យកតាម​សំណើ​របស់​រាជរដ្ឋាភិបាល និង​បានអនុម័ត​ប្រគល់​ដល់​គណៈកម្មការ​ជំនាញ​នានា​របស់​រដ្ឋសភា ពិនិត្យ​សិក្សា​នោះ​មាន ១-​សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​ពិធីសារ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​គោក រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។ ២-​សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​សន្ធិសញ្ញា​ស្តីពី​ការហាមឃាត់​អាវុធ​នុយក្លេអ៊ែរ​។ ៣-​សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​ពិធីសារ​ទី​៣ ស្តីពី​សិទ្ធិ​សហការ​លើ​ជើងហោះហើរ​ក្នុងស្រុក ក្នុង​រង្វង់​ទឹកដី​នៃ​ប្រទេស​ជា​សមាជិក​អាស៊ាន​ណាមួយ -​ពិធីសារ​ទី​៤ ស្តីពី​សិទ្ធិ​ហោះហើរ​កូ​ធ័​រ​មីណ​ល រវាង​អាកាសយានដ្ឋាន​នៅក្នុង​ទឹកដី​នៃ​ប្រទេស​ជា​សមាជិក​អាស៊ាន ។ ៤-​សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​ពិធីសារ​អនុវត្តន៍​កញ្ចប់​កិច្ចសន្យា​ទី​៩ និង​ទី​១០ នៃ​សេវាកម្ម​ដឹកជញ្ជូន​តាមផ្លូវ​អាកាស​ក្រោម​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​អាស៊ាន ស្តីពី​សេវាកម្ម​៕ ដោយ៖ ប៉ាល់​សុង​