ក្រុមហ៊ុន BEC Multimedia Company Limited ធ្វើការ​សុំទោស​ចំពោះ​កំហុសឆ្គង​ក្នុងការ​ដាក់​ផ្ទាំង​ឃោសនា​ផ្សាយពាណិជ្ជកម្ម​ដោយ​ប្រើប្រាស់​រូប​ប្រាសាទអង្គរវត្ត​

AKP ភ្នំពេញ ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២០
បើតាម​លិខិត​មួយ​ផ្ញើជូន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ព្រះរាជាណាចក្រ​ថៃឡង់​ដ៍ ចុះ​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២០ បានឱ្យដឹងថា ក្រុមហ៊ុន BEC Multimedia Company Limited បានធ្វើការ​សុំទោស​ចំពោះ​ប្រជាពលរដ្ឋ​កម្ពុជា ទាក់ទង​នឹង​ផ្ទាំង​ឃោសនា​ផ្សាយពាណិជ្ជកម្ម​នៃ​ល្ខោន​ទូរទស្សន៍​មួយ​មាន​ចំណងជើង​ថា “The Promise” ដោយបាន​ប្រើប្រាស់​រូបភាព​ប្រាសាទអង្គរវត្ត​នៅលើ​ផ្ទៃ​ខាងក្រោយ (Background)​។​

​ជាមួយគ្នានេះដែរ ក្រុមហ៊ុន​បាន​គូសបញ្ជាក់​នៅក្នុង​លិខិត​របស់ខ្លួន​ថា ក្រុមហ៊ុន​មានការ​យកចិត្តទុកដាក់​ខ្លាំង​ពី​បញ្ហា​នេះ និង​បាន​ឆ្លើយតប​ភ្លាមៗ តាមរយៈ​ការ​រចនា​ផ្ទៃ​ខាងក្រោយ​ឡើងវិញ និង​បាន​ដក​រូប​អង្គរវត្ត​ពី​ផ្ទាំង​ឃោសនា​ផ្សាយពាណិជ្ជកម្ម​ហើយ​។​

​លើសពីនេះ​ទៀត ក្រុមហ៊ុន​បាន​គូសបញ្ជាក់​បន្ថែមទៀតថា នឹង​គ្មាន​រូប​ប្រាសាទអង្គរវត្ត​លេចឡើង​នៅលើ​សម្ភារ​ផ្សព្វផ្សាយ​នៃ​រឿង “The Promise” តទៅទៀត​ឡើយ​។ ក្រៅពីនេះ សាច់រឿង​នៃ “The Promise” ក៏​ពុំមាន​ទាក់ទង​អ្វី​ទៅនឹង​ប្រាសាទអង្គរវត្ត​ដែរ​។​

​ក្នុង​លិខិត​នោះដែរ ក្រុមហ៊ុន​បាន​សំណូមពរ​ឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា ក៏ដូចជា​ឯកឧត្តម ឯកអគ្គរាជទូត ទទួលយក​ការសុំ​ទោស​ពី​ក្រុមហ៊ុន ចំពោះ​កំហុសឆ្គង​ដ៏​រសើប​នេះ ហើយ​ក្រុមហ៊ុន​គ្មាន​បំណង​ប្រើប្រាស់​រូបភាព​ប្រសាទ​អង្គរវត្ត ក្នុងន័យ​ទុច្ចរិត​ណាមួយ​ឡើយ​។ ដូច្នេះ ក្រុមហ៊ុន​នឹង​បន្តធ្វើ​ការ​ដោយ​ប្រុងប្រយ័ត្ន ដើម្បី​ចៀសវាង​ផលប៉ះពាល់​ដែល​កើតឡើង​នាពេល​អនាគត ដែលនាំឱ្យ​ខូចខាត​ទំនាក់ទំនង​ប្រទេស​ទាំងពីរ​៕ ដោយ៖ ទេស ច័ន្ទ​សុធា​រី​