សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្តីពី ការជ្រើសរើស​ផ្លូវ​ក្រវាត់ក្រុង​ទី​៤ ការគ្រប់គ្រង និង​ការទប់ស្កាត់​ការទន្ទ្រាន​ដី​ចំណីផ្លូវ តម្រូវការ​ហេ​ដ្ឋា​ន​រចនាសម្ព័ន្ធ​នៃ​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់​

AKP ភ្នំពេញ ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២០–
​កាលពី​ថ្ងៃ​៣​កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃ​ចន្ទ ទី​១៩ ខែតុលា ឆ្នាំ​២០២០ នៅ​ទីស្តីការក្រសួង​សាធារណការ និង​ដឹកជញ្ជូន ឯកឧត្ដម លីម ស៊ី​ដេ​នី​ន រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្តីពី​ការជ្រើសរើស​ផ្លូវ​ក្រវាត់ក្រុង​ទី​៤ ការគ្រប់គ្រង និង​ការទប់ស្កាត់​ការទន្ទ្រាន​ដី​ចំណីផ្លូវ និង តម្រូវការ​ហេ​ដ្ឋា​ន​រចនាសម្ព័ន្ធ​នៃ​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់ ដោយមាន​ការចូលរួម​ពី​មន្ត្រីជាន់ខ្ពស់​ក្រសួង មន្ត្រី​អង្គភាព​ពាក់ព័ន្ធ​ក្រោម​ឱវាទ​ក្រសួង មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ទាំង ២៥​រាជធានី​-​ខេត្ត អង្គភាព​ពាក់ព័ន្ធ និង​តំណាង​ក្រុមហ៊ុន​សាជីវកម្ម ស្ពាន​ថ្នល់​ចិន​ផងដែរ​។​

​សិក្ខាសាលា​នេះ​ត្រូវបាន​រៀបចំឡើង​ដោយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្នុង​គោលបំណង​ពិគ្រោះ​យោបល់​ស្តីពី​ការជ្រើសរើស​ផ្លូវ​ក្រវាត់ក្រុង​ទី​៤ យន្តការ​ការ​គ្រប់ គ្រង និង​ការទប់ស្កាត់​ការទន្ទ្រាន​ដី​ចំណីផ្លូវ និង​តម្រូវការ​ហេ​ដ្ឋា​ន​រចនាសម្ព័ន្ធ នៃ​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់ ដោយមាន​ការពិគ្រោះ​យោបល់ ជាមួយ​បណ្តា​ក្រសួង​ពាក់ព័ន្ធ រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង​ដៃគូ​អភិវឌ្ឍន៍​អំពី​ផលប៉ះពាល់​លើ​អនុវត្តន៍​គម្រោង​នេះ និង​ដើម្បី​ប្រមូល​ធាតុ​ចូល​បន្ថែម​ឱ្យ​គ្រប់​ជ្រុងជ្រោយ សម្រាប់​ការអនុវត្ត​គម្រោង​ផ្លូវ​ក្រវាត់ក្រុង​ទី​៤​នេះ​មាន​ភាពរលូន និង​ប្រសិទ្ធភាព​ខ្ពស់​។​

​នៅក្នុង​ឱកាស​នោះ ឯកឧត្តម​រដ្ឋលេខាធិកា​របា​ន​មានប្រសាសន៍ថា ពាក់ព័ន្ធ​នឹង​ផ្លូវ​ខ្សែ​ក្រវាត់ក្រុង​ទី​៤ ក្រសួង​បានស្នើ​ឱ្យ​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​ថ្នល់​ចិន​សិក្សា​តាំងពី​ឆ្នាំ​២០១៨​មកម្ល៉េះ ហើយ​ក្រុមហ៊ុន​បាន​សិក្សា​ចប់សព្វគ្រប់​នៅ​ឆ្នាំ​២០២០​នេះ​។ ផ្លូវ​ក្រវាត់ក្រុង​ទី​៤​នេះ​មាន​ប្រវែង​១៩៥ គីឡូម៉ែត្រ ឆ្លងកាត់​ខេត្ត​ចំនួន​៤ គឺ​ខេត្ត​កំពង់​ស្ពី តាកែវ កណ្តាល និង​ព្រៃវែង ដោយ​កាត់​ខេត្ត​កំពង់​ស្ពី ៣​ស្រុក តាកែវ ១​ស្រុក កណ្តាល ៨​ស្រុក និង​ព្រៃវែង ២​ស្រុក​។​ជាមួយគ្នានេះដែរ ឯកឧត្ដម​បាន​មានប្រសាសន៍​បន្ថែមទៀត​ថា ផ្លូវ​ក្រវាត់ក្រុង​ទី​៤​ជា​ផ្លូវ​មួយ​មាន​សារៈសំខាន់ ក្នុងការ​រួមចំណែក​ដ​ល់​ការកាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍ និង​សម្រួល​ដល់​ការដឹកជញ្ជូន​ទំនិញ​របស់​បងប្អូន​ប្រជាពលរដ្ឋ ទៅកាន់​ផ្លូវជាតិ​ផ្សេងៗ និង​ទៅកាន់​ព្រំដែន​ប្រទេស​វៀតណាម និង​ប្រទេស​ថៃ បាន​កាន់តែ​លឿន ចំណេញ​ពេលវេលា កាត់បន្ថយ​ការ​ចំណាយបាន​មួយកំរិត​ទៀត​។

​ទន្ទឹមនឹងនេះ ឯកឧត្តម​បាន​ជំរុញ និង​លើកទឹកចិត្ត​ឱ្យ​ក្រសួង ក៏ដូចជា​មន្ទីរជំនាញ​ពាក់ព័ន្ធ លើកសំណើ​ទៅ​រដ្ឋបាលខេត្ត ដើម្បី​សិក្សា​ទីតាំង​ចាក់សំរាម ប្រព័ន្ធ​លូបង្ហូរទឹក​កខ្វក់ និង​ការទន្ទ្រាន​យក​ដី​ចំណីផ្លូវ និង​សំណូមពរ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​បញ្ឈប់​សកម្មភាព​ទន្ទ្រាន​យក​ដី​ចំណីផ្លូវ ចាក់ដី​លុប​រំលោភ​លើដី​ចំណីផ្លូវ ដែល​ធ្វើឱ្យ​ផ្លូវ​បាត់បង់​សោភណភាព និង​បណ្ដាលឱ្យ​ផ្លូវ​ឆាប់​ខូច​មុនពេល​កំណត់​៕ ដោយ ទេស ច័ន្ទ​សុធា​រី (​ប្រភព​៖ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​)