ខេត្តកំពង់ធំ​ផ្ទៃដី​ស្រូវ​ប៉ះពាល់ និង​ខូចខាត​ដោយ​គ្រោះទឹកជំនន់​ចំនួន ៨.៤៥១​ហិកតា​

AKP កំពង់ធំ ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២០–​លោក ប៉ែន វណ្ណ​រិ​ទ្ធ ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តកំពង់ធំ បានឱ្យដឹង​នៅ​ល្ងាច​ថ្ងៃ​ចន្ទ​៣​កើត ខែ​ក​ត្ដិក ឆ្នាំជូត ទោស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃ​ចន្ទ ទី​១៩ ខែតុលា ឆ្នាំ​២០២០​ថា ផ្ទៃដី​ស្រូវ​ចំនួន ៨.៤៥១​ហិកតា បាន​ប៉ះពាល់​និង​ខូចខាត​ដោយ​គ្រោះ​ជំនន់​ទឹកភ្លៀង​កន្លងទៅនេះ ។ ក្នុងនោះ​មាន​ស្រូវធ្ងន់​ចំនួន​១.០៦៦​ហិកតា ស្រូវកណ្ដាល​ចំនួន ៣.៣២៤​ហិកតា និង​ស្រាល​ចំនួន ៤.១៤៧​ហិកតា​។ ក្នុងចំណោម​នោះ​ខូចខាត​ស្រូវស្រាល មានស្រុក​បារាយណ៍ ៤​ឃុំ​លើ​ផ្ទៃដី ៥៦៥​ហិកតា​, ស្រុក​តាំងគោក ៤​ឃុំ ផ្ទៃដី​ចំនួន ១៨៧​ហិកតា​, ស្រុក​កំពង់ស្វាយ ៤​ឃុំ លើ​ផ្ទៃដី​ចំនួន ១.១៤៩​ហិកតា​, ស្រុក​ប្រាសាទ​ប​ល្ល័​ង្គ ៦​ឃុំ លើ​ផ្ទៃដី​ចំនួន​១.៧១៩​ហិកតា​, ស្រុក​ស្ទោង ១០​ឃុំ លើ​ផ្ទៃដី​ចំនួន ៣.៣៩៩​ហិកតា​, ស្រុក​សន្ទុក ៣​ឃុំ លើ​ផ្ទៃដី​ចំនួន ២០៦​ហិកតា​,​ស្រុក​ប្រាសាទ​សំបូរ ៥​ឃុំ លើ​ផ្ទៃដី​ចំនួន ៨០៦​ហិកតា ,​ស្រុក​សណ្ដាន់ ៣​ឃុំ លើ​ផ្ទៃដី​ចំនួន ៥៧៨​ហិកតា​,​និង​ក្រុង​ស្ទឹងសែន ២​សង្កាត់ លើ​ផ្ទៃដី​ចំនួន ៣៥​ហិកតា​។​

​នៅ​រដូវវស្សា​ឆ្នាំនេះ​គិត​ត្រឹម​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២០ ប្រជាកសិករ​ខេត្តកំពង់ធំ​ធ្វើស្រែ​វស្សា​បាន​ចំនួន ២២៣.៧៨៥​ហិកតា ស្មើនឹង ១០៤,៩២​ភាគរយ នៃ​ផែនការ ២១៣.៣០០​ហិកតា ទាប​ជាង​ឆ្នាំមុន​ចំនួន ១​។​១០៥​ហិកតា ក្នុងនោះ​ព្រោះស្រូវ​វារ ឬ​ស្រូវ​ឡើង​ទឹក​ចំនួន​១១.៩៨២​ហិកតា ព្រោះ​និង​ស្ទូងស្រូវ​ធ្ងន់​បាន​ចំនួន ៥៨.៥៨៨​ហិកតា ព្រោះ និង​ស្ទូង​ស្រូវកណ្ដាល​បាន​ចំនួន ៩៥.៤២២​ហិកតា ព្រោះស្រូវ​ស្រាល​បាន​ចំនួន ៥៧.០៧០​ហិកតា ក្នុងនោះ​ស្រូវស្រាល​ធម្មតា​ចំនួន ៣៤.៤៩៩​ហិកតា និង​ស្រូវស្រាល​បង្កើន​រដូវ​ចំនួន ២២.៥៧១​ហិកតា​និង​ដាំ​ស្រូវចម្ការ​បាន​ចំនួន ៥១៨​ហិកតា​។​

​រយៈពេល​ជាមួយគ្នានេះដែរ​ប្រជាកសិករ​ខេត្តកំពង់ធំ បានធ្វើការ​ប្រមូល​ផល​ស្រូវស្រាល​ដើមរដូវ​លើ​ផ្ទៃដី​ចំនួន ៣៨.០៧៧​ហិកតា ទទួលបាន​ទិន្នផល​មធ្យម ៤,២៧៥​តោន​ក្នុង​មួយ​ហិកតា​។ តម្លៃ​ស្រូវ​ប្រភេទ​៥៤៥១​សើម​ថ្លៃ​មធ្យម ៨៣៧​រៀល ក្នុង​១​គីឡូក្រាម ស្រូវ​៤៩​សើម​ថ្លៃ​មធ្យម ៩០០​រៀល ក្នុង​១​គីឡូក្រាម និង​ស្រូវ​សែន​ក្រអូប​សើម​ថ្លៃ​មធ្យម ១.១៥០​រៀល​ក្នុង​១​គីឡូក្រាម​។ ជាមួយគ្នានេះដែរ​ប្រជាកសិករ​ខេត្តកំពង់ធំ​បាន​យកចិត្តទុកដាក់​ដាំ​ដំណាំ​រួមផ្សំ​ផ្សេងៗ​បាន​ចំនួន​ជាង ៤៩.៥០០​ហិកតា​៕​ដោយ​៖ ស៊ុម វណ្ណា​