លោកជំទាវ ឱ វណ្ណឌី​ន ជំ​រុញឱ្យ​អាជ្ញាធរខេត្ត និង​មន្ទីរ​សុខាភិបាល​ខេត្ត យកចិត្តទុកដាក់​ខ្ពស់​ធ្វើការ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ចូលរួម​ការពារ​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ ជំងឺ​គ្រុន​ឈិ​ក និង​ជំងឺគ្រុនចាញ់​

AKP ឧ​ត្ត​រ​មានជ័យ ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២០–​ឯកឧត្ដម ប៉ែន កុស​ល្យ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ឧត្ដរមានជ័យ អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ​លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល និង​លោកជំទាវ លី អៃ​ឡែ​ន ( LI AILAN ) តំណាង​អង្គការ​សុខភាព​ពិភពលោក ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ជំនួប​នេះ​ក្នុង​គោលបំណង​ដើម្បី​ជំរុញ​ឱ្យ​អាជ្ញាធរ ក្រុង ស្រុក ឃុំ សង្កាត់ និង​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​ការពារ និង​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ ជំងឺ​គ្រុន​ឈិ​ក និង​ជំងឺគ្រុនចាញ់ តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល និង ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​ការធ្វើ​ច​ត្តា​ឡី​ស័ក​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ដែលជា​ពលករ​ត្រឡប់​មកពី​ប្រទេស​ថៃ​វិញ​ផងដែរ កាលពី​ថ្ងៃ​៣​កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃ​ចន្ទ​ទី​១៩ ខែតុលា ឆ្នាំ​២០២០ នៅ​សាលប្រជុំ​សាលាខេត្ត ព្រមទាំង​បាន​ចុះ​ពិនិត្យ​ឈ្វេងយល់​ស្ថានភាព​ច្រក​អន្តរជាតិ​អូរ​ស្មាច់ ក៏ដូចជា​មណ្ឌល​ច​ត្តា​ឡី​ស័ក​មួយចំនួន​ក្នុង​ខេត្ត​ផងដែរ ។

​ឯកឧត្ដម ប៉ែន កុស​ល្យ បាន​ថ្លែងអំណរគុណ​ដល់​លោកជំទាវ ឱ វណ្ណឌី​ន ដែល​បាន​ឆ្លៀតពេល​ដ៏​មមាញឹក​ចុះមក​បំពេញភារកិច្ច​ឈ្វេងយល់​ស្ថានភាព ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​នាពេលនេះ ។ ឯកឧត្ដម ក៏​ជម្រាបជូន​ពី​ការខិតខំ​ប្រឹងប្រែង​ចូលរួម​ពី​អាជ្ញាធរខេត្ត ក្រុង ស្រុក និង​មន្ទីរ​សុខាភិបាល​ខេត្ត កងកម្លាំងប្រដាប់អាវុធ​ទាំង​៣​ប្រភេទ ក្នុង​កិច្ច​ការចូលរួម​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ជំងឺ​គ្រុន​ឈិ​ក និង​ជំងឺគ្រុនចាញ់ តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល និង​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​ការធ្វើ​ច​ត្តា​ឡី​ស័ក​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ដែលជា​ពលករ​ត្រឡប់​មកពី​ប្រទេស​ថៃ​វិញ​បាន​យ៉ាង​ល្អ​ផងដែរ ។ ឯកឧត្ដម អភិបាលខេត្ត ក៏​សំណូមពរ​ទៅ​លោកជំទាវ​វេជ្ជបណ្ឌិត រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល ស្នើសុំ​រថយន្ត​សង្គ្រោះបន្ទាន់​មួយគ្រឿង ដើម្បី​ប្រើប្រាស់​សម្រាប់​ដឹកជញ្ជូន​អ្នកជំងឺ​ផងដែរ ។​

​លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន បាន​មានប្រសាសន៍​លើកឡើងថា បញ្ហា​ជំងឺ​កូ​វីដ​-១៩ គឺ​អត់​ទាន់​ចប់​ទេ ថ្វីត្បិតតែ​យើង​មាន​បញ្ហា​ទឹកជំនន់​ក៏ពិតមែន ក៏​យើងទាំងអស់គ្នា​មិនត្រូវ​ភ្លេច​បញ្ហា​បន្ត​កិច្ចការពារ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩​នោះទេ ពិសេស​ធ្វើយ៉ាងណា​យើង​ត្រូវធ្វើ​ការការពារ​បន្តទៀត ព្រមទាំង​ជំងឺ​គ្រុន​ឈិ​ក និង​ជំងឺគ្រុនចាញ់ ផងដែរ ។​
​លោកជំទាវ​វេជ្ជបណ្ឌិត បាន​ថ្លែងបន្តថា ក្នុងនាម​ក្រសួងសុខាភិបាល លោកជំទាវ​សូម​សម្ដែង​នូវ​អំណរគុណ​ចំពោះ​អាជ្ញាធរខេត្ត​ឧ​ត្ត​រ​មានជ័យ ដែល​បាន​យកចិត្តទុកដាក់​ខ្ពស់​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩​នេះ ដែល​រហូតមកដល់​ថ្ងៃនេះ​ក្នុង​ខេត្ត​ទាំងមូល​មិនទាន់មាន​ន​ណា​ម្នាក់​ឆ្លង​ជំងឺ​កូ​វីដ​-១៩ នោះទេ ។ តែ​ទោះបី​មិនមាន​ការឆ្លង​ក៏​យើង​ត្រូវ​គិត​ទៅមុខ​បន្តទៀត ពីព្រោះ​លទ្ធភាព​នៃ​ការចម្លង​អស់ទាំង​នេះ គឺ​តែងតែ​កើតមាន ពិសេស​ដល់​បងប្អូន​អ្នកដំណើរ​ឆ្លងកាត់​ដែល​ធ្វើដំណើរ​ចុះឡើងៗ ដូចជា​បងប្អូន​ធ្វើដំណើរ​មកពី​ប្រទេសក្រៅ ។​

​លោកជំទាវ​វេជ្ជបណ្ឌិត បានបញ្ជាក់​បន្ថែមថា ករណី​ជំងឺ​កូ​វីដ​-១៩ ដែល​កម្ពុជា​រកឃើញ​ក​ន្ល​ង​មក​សុទ្ធសឹង​ជា​ករណី​ឆ្លង​ចូល​ពី​ក្រៅប្រទេស ។ ដូច្នេះ​យើង​ត្រូវ​រួមគ្នា​ការពារ​បន្ថែមទៀត ជា​សិ​សេស​ការត្រួតពិនិត្យ​នៅ​ច្រកចេញ​-​ចូល​ព្រំដែន យើង​ត្រូវតែ​ពង្រឹង​បន្ថែមទៀត ។ លោក​ទាវ​ក៏បាន​សំណូមពរ​ដល់​ឯកឧត្ដម​អភិបាលខេត្ត ឱ្យ​ពង្រឹង​ការធ្វើ​ច​ត្តា​ឡី​ស័ក គឺមាន​សារៈសំខាន់​ណាស់ បាន​ជោគជ័យ​របស់​កម្ពុជា ដែល​ទប់​បាន​ការរីក​រាលដាល់​ជំងឺ​កូ​វីដ​-១៩ និង​ការអនុវត្ត​នូវ​ការរុករក​អ្នក​ដែល​ប៉ះពាល់​ជំងឺ និង​អ្នក​ដែល​សង្ស័យ​មាន​ជំងឺ​កូ​វីដ -១៩ បានមក​ការធ្វើ​ច​ត្តា​ឡី​ស័ក​ឱ្យបាន​គ្រប់​១៤​ថ្ងៃ​ដែរ ហើយក៏​នៅតែ​ជា​ចំណុច​ក្តៅគគុក​ផងដែរ ។​

​លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន ក៏បាន​ណែនាំ​ឱ្យ​មន្ត្រី​មន្ទីរ​សុខាភិបាល​ទាំងអស់ ស្រប​ពេលដែល​ទឹកជំនន់​កំពុង​កើតមានឡើង​នៅក្នុង​ខេត្ត ត្រូវធ្វើ​ការអប់រំ​ណែនាំ​ប្រជាពលរដ្ឋ​ឱ្យ​ថែរក្សា​សុខភាព ត្រូវ​ត្រៀម​រៀបចំ​កន្លែង​ផ្តល់​សេវា​សុខភាព​ឱ្យបាន​ល្អ​មុន​ទឹកជំនន់​កើតឡើង​។ ត្រូវ​ពង្រឹង​សេវា​នៅតាម​មណ្ឌល​សុខភាព ព្រោះ​មណ្ឌល​សុខភាព​ជាទី​តាំង​មួយ​នៅ​កៀក​ជាមួយ​ប្រជាពលរដ្ឋ បើ​ដំណើរការ​មណ្ឌល​សុខភាព​ល្អ រឹងមាំ នោះ​សុខភាព​ប្រជាពលរដ្ឋ​នឹងមាន​ភាពប្រសើរឡើង ។ លោកជំទាវ​ក៏បាន​កោតសរសើរ និង​ថ្លែងអំណរគុណ​ដល់​មន្ត្រី​សុខាភិបាល ក្រុមគ្រូពេទ្យ​ជួរមុខ​ទាំងអស់ សូម​បន្ត​នូវ​បេសកកម្ម​ដ៏​ថ្លៃថ្លា​នេះ ក្នុងតម្លៃ​សុខាភិបាល ថែរក្សា​នូវ​ក្រមសីលធម៌ វិជ្ជាជីវៈ​ជា​គ្រូពេទ្យ ឱ្យ​បានល្អ​សម្រាប់​អ្នកជំងឺ ៕ ដោយ៖ ទិ​ត ស្រ៊​