សភាពាណិជ្ជកម្ម​មណ្ឌល​សៀមរាប​-​ឧ​ត្ត​រ​មានជ័យ មាន​គម្រោង​បោះពុម្ព​សៀវភៅ​ផ្សព្វផ្សាយ​អំពី​សក្តានុពល​វិនិយោគ​នៅក្នុង​ខេត្ត​ទាំងពីរ​

AKP សៀមរាប ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២០–​សភា​ភា​ពាណិជ្ជកម្ម​កម្ពុជា សហការ​ជាមួយ​សភាពាណិជ្ជកម្ម​ម​ណ្ឌ​ល​សៀមរាប និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ គ្រោង​នឹងធ្វើ​ការបោះពុម្ព​សៀវភៅ​មួយ​ដែល​ផ្សព្វផ្សាយ​អំពី​សក្តានុពល​វិនិយោគ​នៅក្នុង​ខេត្ត​ទាំងពីរ​នេះ​។

​គម្រោងការ​បោះពុម្ព​សៀវភៅ​នេះដែរ ត្រូវបាន​លោក​ឧកញ៉ា ហ៊ុយ ភៀវ អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា និង​ជា​ប្រធានសភា​ភា​ពាណិជ្ជកម្ម​មណ្ឌល​សៀមរាប – ឧ​ត្ត​រ​មានជ័យ នា​ព្រឹក​ថ្ងៃ​៣​កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃ​ចន្ទ ទី​១៩ ខែតុលា ឆ្នាំ​២០២០ បាន​ដឹកនាំ​គណៈប្រតិភូ​របស់ខ្លួន​នាំយក​សៀវភៅ​នេះ​ចូលជួប ឯកឧត្តម ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប ដើម្បី​បង្ហាញ និង​សុំ​អនុសាសន៍​គន្លឹះ​ខ្លះៗ​ដើម្បី​ដាក់​ប​ញ្ជូ​ល​ទៅក្នុង​សៀវភៅ​មគ្គុទ្ទេសក៍​វិនិយោគ​ខេត្តសៀមរាប – ឧ​ត្ត​រ​មានជ័យ​នេះ​។​

នៅក្នុង​ជំនួប​ពិភាក្សា​នោះ លោក​ឧកញ៉ា ហ៊ុយ ភៀវ បានឱ្យដឹងថា សៀវភៅ​មគ្គុទ្ទេសក៍​វិនិយោគ​ខេត្តសៀមរាប​-​ឧ​ត្ត​រ​មានជ័យ នឹង​ជួយ​ផ្សព្វផ្សាយ​អំពី​សក្តានុពល ដល់​អ្នកវិនិយោគ អំពី​ចំណុច​សំខាន់​ដែល​ខេត្ត​ទាំងពីរ​មាន ដើម្បី​ទាក់ទាញ​ការចាប់អារម្មណ៍​បណ្តាក់ទុន​វិនិយោគ បន្ថែម​បង្កើន​កម្លាំង​សេដ្ឋកិច្ច និង​ជីវភាព​ប្រជាជន​យើង​។ សម្រាប់​ខេត្តសៀមរាប និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ វិស័យ​ទេសចរណ៍​និង​វិស័យ​កសិកម្ម បាន​ដើរតួ​ចម្បង សម្រាប់​សេដ្ឋកិច្ច​ក្នុង​ខេត្ត​ទាំងពីរ​។ ប៉ុន្តែ​ការ​ចងក្រង​ឯកសារ​សម្រាប់​ការផ្សព្វផ្សាយ ឬ​ទិន្នន័យ​ជាក់លាក់​អំពី​សក្តានុពល​ខេត្ត ហាក់​នៅមាន​ចំនួន​តិច​នៅឡើយ ហើយ​ជួនកាល​យើង​ពិបាក​ស្វែងរក​ព័​ត៌ មាន​ទាំងអស់​នោះដែរ ដើម្បី​ផ្សព្វផ្សាយ​ដល់​អ្នកវិនិយោគ​ក្រៅប្រទេស​។​

លោក​ឧកញ៉ា ហ៊ុយ ភៀវ បាន​បន្ត​ឱ្យដឹងទៀតថា សភាពាណិជ្ជកម្ម​កម្ពុជា ដែល​ដឹកនាំ​ដោយ​អ្នកឧកញ៉ា គិត ម៉េង បាន​បោះ​មួយ​ជំហាន​ទៅមុខ​បន្ថែមទៀត ដោយបាន​បង្កើតឱ្យមាន​ការរៀប​រៀង​នូវ​សៀវភៅ​មគ្គុទ្ទេសក៍​វិនិយោគ នៅតាម​បណ្តា​ខេត្ត​នានា​ក្នុងប្រទេស​កម្ពុជា​។ ការបោះ​ជំហាន​ថ្មី​នេះ​ត្រូវបាន​គេ​រំពឹងថា ជា​កម្លាំងចលករ​ថ្មី​មួយ​ក្នុងការ​ទាក់ទាញ​អ្នកវិនិយោគ​ថ្មីៗ​ទាំង​ក្នុង​និង​ក្រៅប្រទេស​។ គោលដៅ​ចម្បង នៃ​ការ​រៀបរៀង និង​បោះផ្សាយ​សៀវភៅ ម​គ្គុ ទ្ទេស​ក៍​វិនិយោគ​នេះ​ឡើង ក៏​ដើម្បី​ទុកជា​ឯកសារ​គោល​សម្រាប់​វិនិយោគិន និង​ធុរជន​ទាំង​ក្នុង​និង​ក្រៅប្រទេស​ដែលមាន​បំណង ប្រកប​អាជីវកម្ម​នៅ​ខេត្តសៀមរាប ឬ​ខេត្ត​ឧ​ត្ត​រ​មានជ័យ បានធ្វើ​ការសិក្សា​ស្រាវជ្រាវ​អំពី​វិស័យ​សក្តានុពល ក៏ដូចជា​ស្វែងរក​ដៃគូ​វិនិយោគ​ផងដែរ ។​

នៅក្នុង​ជំនួប​ពិភាក្សា​នោះដែរ ឯកឧត្តម ទៀ សីហា បាន​សម្ដែង​នូវ​ការពេញចិត្ត និង​គាំទ្រ​យ៉ាង​ពេញទំហឹង​នូវ​គម្រោងការ​បោះពុម្ព​សៀវភៅ​នេះ ដោយ​ឯកឧត្តម​បាន​មានប្រសាសន៍​លើកឡើងថា ការរៀបចំ​ចងក្រង​សៀវភៅ​មគ្គុទ្ទេសក៍​វិនិយោគ​ខេត្តសៀមរាប​-​ឧ​ត្ត​រ​មានជ័យ ជា​ជំហាន​ថ្មី​មួយ ដែល​នឹង​នាំឱ្យ​ទាំង​អ្នកវិនិយោគ​បរទេស និង​វិនិយោគ​ក្នុងស្រុក បានដឹង​អំពី​សក្តានុពល​របស់​ខេត្ត​។

ឯកឧត្តម ទៀ សីហា បាន​មានប្រសាសន៍​បន្តថា ខេត្តសៀមរាប​ជា​ខេត្ត​ដែលមាន​សក្តានុពល​ខ្លាំង​លើ​វិស័យ​ទេសចរណ៍​។ ដូច្នេះ​ការបោះពុម្ព​សៀវភៅ​មគ្គុទ្ទេសក៍​វិនិយោគ​នេះ គួរ​រំលេច​ឱ្យបាន​ច្រើន​អំពី​វិស័យ​នានា​ដែល​ផ្សាភ្ជាប់​ជាមួយ​វិស័យ​ទេសចរណ៍​។ ក្នុងនោះដែរ​ឯកឧត្តម​អភិបាលខេត្ត ក៏បាន​លើក​នូវ​គន្លឹះ​ល្អៗ​មួយចំនួន​ធ្វើជា​មូលដ្ឋានគ្រឹះ​ក្នុង​ការចង​ក្រ​សៀវ ភៅ​នេះ​ឡើង ឱ្យ​ប្រកបទៅដោយ​ស៊ីជម្រៅ​ក្នុង​វិស័យ​ពាណិជ្ជកម្ម និង​វិនិយោគ​នៅ​ខេត្ត​ទាំងពីរ ដើម្បី​ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាកសិករ​ខ្មែរ​យើង​៕​ដោយ​៖ហង្ស សៀក​