សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប ចែក​អំណោយ​ជូន​គ្រួសារ​ងាយ​រងគ្រោះ​

AKP សៀមរាប ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២០–
​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ចំនួន ១១៦​គ្រួសារ ក្នុង​ក្រុង​សៀមរាប មកពី​៣​សង្កាត់ ស្មើនឹង ៤​ភូមិ បានទទួល​អំណោយ​មនុស្សធម៌​របស់​សាខា​កាកបាទក្រហមកម្ពុជា ដែល​ពិធី​ចែក​អំណោយ​នេះ​បាន​ប្រ​ព្រឹ​ទ​ត្ត​ទៅ​ព្រឹក​ថ្ងៃ​៣​កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃ​ចន្ទ ទី​១៩ ខែតុលា ឆ្នាំ​២០២០ ក្រោម​អធិបតីភាព​ឯកឧត្តម ទៀ សីហា អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប និង​លោកជំទាវ​។​

​មានប្រសាសន៍​នៅក្នុង​ពិធី​សំណេះសំណាល​នាឱកាស​នោះ ឯកឧត្តម ទៀ សីហា បាន​ពាំ​នាំនូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពីស​ម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែលជា​និច្ចកាល​សម្ដេច​តែងតែ​យកចិត្តទុកដាក់​គិតគូរ​ខ្ពស់បំផុត​ចំពោះ​សុខទុក្ខ​ប្រជាពលរដ្ឋ​គ្រប់រូប មិន​ប្រកាន់វណ្ណៈ ពណ៌​សម្បុរ ជំនឿ​សាសនា ឬ​និន្នាការ​នយោបាយ​ណាមួយ​ឡើយ​។

​ឯកឧត្តម ទៀ សីហា បាន​គូសបញ្ជាក់ថា ជាពិសេស​ក្នុងពេលដែល​ពិភពលោក​កំពុង​ព្រួយបារម្ភ និង​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ ហើយ​ប្រទេស​យើង​កំពុង​ប្រឈម​នឹង​បញ្ហា​ទឹកជំនន់​ផង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាន​យកចិត្ត​ទុក្ខ​ដាក់​ខ្ពស់បំផុត​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​នៅ​មូលដ្ឋាន ព្រោះ​ឥទ្ធិ​ល​ជំងឺ​កូ​វីដ​-១៩ បានធ្វើឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច និង​ជីវភាព​របស់​បងប្អូន​ក្នុងការ​ប្រកប​រប​រទ​ទួល​ទាន​ប្រចាំថ្ងៃ ។ សំខាន់​គ្រួសារ​ចាស់ជរា​គ្មាន​ទីពឹង កុមារកំព្រា ស្ត្រី​មេម៉ាយ​ក្រីក្រ​មានកូន​ច្រើន អ្នក​ផ្ទុកមេរោគ​អេដស៍ និង​ជនពិការ​ក្រីក្រ​។ ឯកឧត្តម បាន​ក្រើនរម្លឹក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​មិនត្រូវ​ធ្វេសប្រហែស​អំពី​ជំងឺ​កូ​វីដ​-១៩ ដែលជា​បញ្ហា​ប្រឈម​រួម​ទូទាំង​សកលលោក​នាពេលនេះ ទោះបី​ចំនួន​អ្នក​ឆ្លង​នៅក្នុង​ប្រទេស​យើង​មាន​ចំនួន​តិចក្តី តែ​យើង​ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ខ្ពស់ តាមរយៈ​ការធ្វើ​អនាម័យ​សុខភាព​ឱ្យបាន​ជាប្រចាំ ត្រូវ​ដុសលាង​សម្អាត​ដៃ​ជាមួយ​ទឹកសាប៊ូ អាល់កុល ឬ​ជែ​ល និង​ពាក់​ម៉ាស​ឱ្យបាន​ត្រឹមត្រូវ​។

​ឯកឧត្តម ទៀ សីហា ក៏បាន​ក្រើនរម្លឹក​ផងដែរ​អំពី​ការប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​បញ្ហា​ជំងឺឆ្លង​ថ្មី គឺ​ជំងឺ​គ្រុន​ឈី​ក និង​ជំងឺគ្រុនឈាម ដែល​ឆ្លង​តាមរយៈ​មូស​ខ្លា​ញី​ខាំ​។​ដូច្នេះ​ត្រូវ​ប្រុងប្រយ័ត្ន​តាមរយៈ​ធ្វើ​អនាម័យ​នៅ​ជុំវិញ​លំនៅឋាន បំបាត់​ជម្រក់​មូស​ខ្លា ស្លៀកពាក់​ខោអាវ​វែងៗ និង​ត្រូវ​ដេក​ក្នុង​មុង ទោះ​យ ប់​ឬ​ថ្ងៃ​ក៏ដោយ​។ ព្រម​គ្នា​ពេល​ដែលមាន​គ្រោះទឹកជំនន់​នេះ បងប្អូន​ត្រូវ​ហូប​ទឹកស្អាត ទឹក​ឆ្អិន​ដាំ​ពុះ​ជាដើម ចៀសវាង​ជំងឺ​តម្កាត់​ផ្សេងៗ​។ បើ​សង្ស័យ​មាន​រោគសញ្ញា​អ្វីមួយ​កើតឡើង សូម​រួសរាន់​យក​អ្នកជំងឺ​ទៅ​មណ្ឌល​សុខភាព​ដែល​នៅ​ជិត​បំផុត ដើម្បី​ពិគ្រោះ ពិនិត្យ​និង​ព្យាបាល​ជំងឺ​ឱ្យបាន​ទាន់ពេលវេលា​។​
​ដោយ​ហង្ស សៀក អំណោយ​ដែល​ចែកជូន​បងប្អូន​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ទាំង ១១៦​គ្រួសារ ដោយ​ក្នុង​មួយ​គ្រួសារៗ​ទទួលបាន អង្ករ​៣០​គីឡូក្រាម​, ឃី​ត​១​កញ្ចប់​, កន្ទេល​១, មី​១​កេស​, ត្រីខ​១​យូរ​, ទឹកស៊ីអ៊ីវ​៤​ដប​, អា​យឺត​២, សាប៊ូ​ប្រូ​តិច​២​ដុំ​, តង់​ប្លា​ស្ទិ​ច​១, និង​ថវិកា​១០​ម៉ឺន​រៀល​៕​ដោយ​៖​ហង្ស សៀក​