រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច​ចែក​អំណោយ​ដល់​គ្រួសារ​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ស្រុក​ថ្មគោល​

AKP បាត់ដំបង ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២០–​នៅ​ព្រឹក​ថ្ងៃ​៣​កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃ​ចន្ទ ទី​១៩ ខែតុលា ឆ្នាំ​២០២០ ឯកឧត្តម វង់ សូត រដ្ឋមន្ដ្រីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ចែក​អំណោយ​ដល់​ក្រុមគ្រួសារ​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ស្រុក​ថ្មគោល ចំនួន​៣០០​គ្រួសារ ដែល​ប្រព្រឹត្តទៅ​នៅ​វត្ត​ជ្រោយ​ស្ដៅ ឃុំ​បឹង​ព្រីង ស្រុក​ថ្មគោល ខេត្តបាត់ដំបង ។

​ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង​បាន​មានប្រសាសន៍ថា សម្រាប់​ឆ្នាំនេះ ខេត្តបាត់ដំបង​ហាក់​ខុសប្លែក​ពី​ឆ្នាំ​កន្លងទៅ ដោយ​ឆ្នាំនេះ​ទឹកជំនន់​បណ្ដាលឱ្យ​ជន់​លិច​ស្ទឹង​ទាំង​៣​ក្នុង​ខេត្ត​តែម្ដង​។ ក្នុងនោះ​មាន​ស្ទឹង​សង្កែ ស្ទឹង​មោង និង​ស្ទឹង​ប​វេ​ល ដែលជា​ទូទៅ​គឺ​លិច​តែ​ស្ទឹង​មួយៗ​តែប៉ុណ្ណោះ ដូចនេះហើយ​ទើប​ឆ្នាំនេះ​ខេត្តបាត់ដំបង​រង​នូវ​ផលប៉ះពាល់​ដោយ​គ្រោះទឹកជំនន់​ធ្ងន់ធ្ងរ​។ គណៈបញ្ជាការ​ឯកភាព​ខេត្ត បាន​ដឹកនាំ​កម្លាំង ធ្វើការ​សង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះថ្នាក់​ដោយ​ទឹកជំនន់ លិច​ផ្ទះ​របស់​ពួកគាត់​មួយចំនួន យើង​ក៏បាន​ធ្វើការ​ជម្លៀស​ពួកគាត់​ឱ្យមក​កាន់​ទីទួល​សុវត្ថិភាព សរុប​បាន​ជាង​៥.០០០​គ្រួសារ ហើយ​នៅពេល​បច្ចុប្បន្ននេះ​ពួកគាត់​បាន​វិលត្រឡប់​ទៅ​ភូមិឋាន​របស់គាត់​វិញ​បាន​ចំនួន​ជាង ២.០០០​គ្រួសារ​រួចមកហើយ​ដែរ ដោយសារ​ស្ថានភាព​ទឹកជំនន់​នៅផ្ទះ​របស់គាត់​មានការ​ធូរស្បើយ ។​

​ឯកឧត្តម វង់ សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បាន​មានប្រសាសន៍ថា ភ្ជាប់​ជាមួយ​ការរីក​រាល​នូវ​ជំងឺ​កូ​វីដ​-១៩ និង​ការផ្ដល់​ប័ណ្ណ​សមធម៌ ដោយ សារ​តែ​បច្ចុប្បន្ននេះ​ពិភពលោក ក៏ដូចជា​ប្រទេស​កម្ពុជា​ជួប​នូវ​វិបត្តិ​កូ​វីដ​-១៩ ហើយ​បច្ចុប្បន្ននេះ​ទៀតសោត ប្រទេស​យើង​ក៏​កំពុងតែជួបប្រទះ​នូវ​គ្រោះទឹកជំនន់​ទៀតផង​។ ដូចនេះ​សូម​សូម​បងប្អូន​ប្រជាពលរដ្ឋ​គិតគូរ​ពី​សុវត្ថិភាព និង​បង្កើន​ការប្រុងប្រយ័ត្ន​ពី​គ្រោះថ្នាក់ ដែល​បង្កឡើង​ដោយ​ទឹកជំនន់ ជាពិសេស​កុមារ​ដែល​ងាយ​ប្រឈម​នឹង​គ្រោះថ្នាក់​នេះ ។ សំខាន់​ត្រូវ​គិតគូរ​ថែទាំ​សុខភាព​ឱ្យបាន​ល្អ រក្សា​អនាម័យ​ស្អាត បរិភោគ​ទឹក​ដាំ​ឆ្អិន ឬ​អាហារ​ដែល​ចម្អិន​បានល្អ ចៀសវាង​ជំងឺ​រាតត្បាត​នានា​ដែល​បង្កឡើង​ដោយ​ទឹក និង​ប្រុងប្រយ័ត្ន​ពី​សត្វ​អាសិរ្ពិស​គ្រប់​ប្រភេទ ។​

​ក្នុង​ពិធី​នោះ​ឯកឧត្តម​រដ្ឋមន្ត្រី ក៏​ចែក​អំណោយ​គ្រឿងឧបភោគ បរិភោគ និង ថវិកា​មួយចំនួន​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ទាំង ៣០០​គ្រួសារ​ផងដែរ​៕ ដោយ ណ​យ នឿន (​ប្រភពៈ​រដ្ឋបាល​ខេត្តបាត់ដំបង​)