ឯកឧត្តម គួច ចំរើន អនុញ្ញាតឱ្យក្រុមយុវជនរត់ដើម្បីសប្បុរសធម៌ ចូលជួបសម្តែងការគួរសម

AKP ព្រះសីហនុ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០

រសៀលថ្ងៃចន្ទ ៣កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អនុញ្ញាតឱ្យក្រុម រត់ដើម្បីសប្បុរសធម៌ ប្រមូលថវិកាយកទៅជួយឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ចូលជួបសម្តែងការគួរសមនៅសាលាខេត្តព្រះសីហនុ។

លោក អ៊ួន បឋម ប្រធានគម្រោងរត់ដើម្បីសប្បុរសធម៌ បានឱ្យដឹងថា ការរត់ដើម្បីសប្បុរសធម៌នេះឆ្លងកាត់ខេត្ត-ក្រុង ចំនួន២១ ទូទាំងប្រទេស មានប្រវែងផ្លូវ ២,៤០០គីឡូម៉ែត្រ រយៈពេល ៩៩ថ្ងៃ  ចាប់ផ្តើមចេញដំណើរពីរាជធានីភ្នំពេញ ឆ្លងកាត់ខេត្តកំពង់ស្ពី តាកែវ កំពត ខេត្តព្រះសីហនុ និងបន្តទៅកាន់គោលដៅខេត្តផ្សេងទៀត ក្នុងគោលបំណងឱ្យយុវជនមានការយល់ដឹងចូលរួមកាន់តែច្រើនដូចជា៖ ទី១. រៃថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប, ២.ប្រើប្រាស់ផ្លូវ ផ្សព្វផ្សាយច្បាប់ចរាចរណ៍ ការជិះបញ្ច្រាសទិស, ៣. ការពាក់មួកសុវត្ថិភាព, ៤.ផ្សព្វផ្សាយពីសំរាម និងបរិស្ថាន, ៥.ឱ្យយុវជនចូលរួមក្នុងការងារសង្គមទាំងអស់គ្នា។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានស្វាគមន៍ក្មួយមានគំនិតផ្តួច ផ្តើមរត់ចម្ងាយកៀរគរថវិកា ជួយដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ក្នុងនាមរដ្ឋបាលខេត្ត សូមកោតសរសើរនូវគំនិតរៀបចំប្រកបដោយឆន្ទៈ ក្នុងការកៀរគរថវិកា ការអប់រំតាមដងផ្លូវ ស្ដីពីច្បាប់ចរាចរណ៍ សំរាម និងបរិស្ថាន។ រដ្ឋបាលខេត្តក៏បានជួយផ្សព្វ ផ្សាយដល់សប្បុរសជនក្នុងខេត្តដើម្បីចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួន ជាពិសេសធ្វើឱ្យ យុវជនយើងមានការយល់ដឹងកាន់តែច្រើនកាត់បន្ថយនូវគ្រោះថ្នាក់ចរាចរការ បោះចោល សំរាម និងបញ្ហាបរិស្ថានជាដើម។

ឯកឧត្តម គួច ចំរើន បន្តថា គំនិតផ្តួចផ្តើមកៀរគរថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាបវាមានសារៈសំខាន់ ហើយជឿជាក់ថា ការប្ដេជ្ញាចិត្តរបស់ក្មួយៗនឹងទទួល បានជោគជ័យរួមចំណែកជួយដល់កុមារកម្ពុជា ហើយជាការងារជួយដល់សង្គម។ យុវជន និងប្រជាពលរដ្ឋរបស់យើងក្នុងក្របខ័ណ្ឌ ទូទាំងប្រទេសកាន់តែយល់ដឹង និងជួយគាំទ្រកាន់តែច្រើនបន្ថែមទៀត។

ក្នុងឱកាសនោះ លោកឧកញ៉ា អស់លោក បានចូលរួមថវិកាជា មួយក្រុមរត់ ដើម្បីសប្បុរសធម៌។  ដោយឡែករដ្ឋបាលខេត្តក៏បានចូលថវិកា ១០លានរៀលផងដែរ ៕

ដោយ ងូ សុមុនី