រដ្ឋមន្ត្រីក្រសួងការងារគូសបញ្ជាក់ថា អង្គការទស្សនៈពិភពលោក បានចូលរួមយ៉ាងសកម្ម ក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០

រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានគូសបញ្ជាក់ថា អង្គការទស្សនៈ​ពិភពលោកបានចូលរួមយ៉ាងសកម្មក្នុងការចូលរួមលើកកម្ពស់គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាយ៉ាងសកម្ម ក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩មកម្ល៉េះ។  ការលើកឡើង​នេះធ្វើឡើង ខណៈពេលដែលឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈអនុញ្ញាត ឱ្យលោក Edward Danielraj Selvanayagam នាយក​ប្រចាំប្រទេស នៃអង្គការទស្សនៈពិភពលោក (World Vision) ដែលទើបទទួលតំណែងថ្មី ចូល​​ជួបពិភាក្សាការងារ នាព្រឹកថ្ងៃទី១៩ខែតុលា ឆ្នាំ២០២០ នៅទីស្តីការក្រសួងការងារ។

ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានគូសបញ្ជាក់ថា អង្គការទស្សនៈពិភពលោក បាន​ចូលមកដល់កម្ពុជាអស់រយៈពេលយូរហើយ អង្គកាមួយនេះបានធ្វើសកម្មភាពមនុស្សធម៌​តរៀងមក។  អង្គការមានគោលដៅធំៗ ក្នុងកម្មវិធីបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ គម្រោង​លុបបំបាត់ពលកម្មកុមារ ផ្តល់អាហាររូបត្ថម្ភ ពាក់ព័ន្ធសុខភាព ការអប់រំ បង្កើត​ឱកាសការងារ និងការដោះស្រាយលើកុមារតូចៗ ជាដើម។  ឯកឧត្ដមបានបន្ដថា ការងារ ទាំង​អស់នេះហើយ ដែលអង្គការបានចូលរួមយ៉ាងសកម្មក្នុងការគាំទ្រទៅដល់គោលនយោ បាយរបស់រដ្ឋាភិបាលកម្ពុជា ហើយអង្គការនេះ នៅតែទទួលបានការគាំទ្រពីអ្នកផ្តល់ ជំនួយពីបណ្តាប្រទេសផ្សេងៗ ដោយសារអង្គការនេះធ្វើការប្រកបដោយតម្លាភាព និង​ប្រសិទ្ធភាពខ្ពស់ ហើយសមិទ្ធផលជាច្រើនដែលអង្គការបានបង្កើតឡើងនៅកម្ពុជា រាប់​ទាំង​វិស័យការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈផងដែរ។  ឯកឧត្ដមរដ្ឋមន្រ្ដីបានបន្ដទៀតថា  បច្ចុប្បន្ន​បានរួមចំណែក ក្នុងការជួយគាំទ្រលើផលប៉ះពាល់នៃកូវីដ១៩ ក្នុងជំនួបនេះ ភាគី​ទាំង​ពីរ​បានពិភាក្សាគ្នាក្នុងភាពជាដៃគូថា បន្ទាប់ពីនេះទៅនឹងរៀបចំយុទ្ធសាស្រ្តដើម្បីស្តារ​មកវិញ​​នូវផល​ប៉ះពាល់ផ្សេងៗ ពាក់ព័ន្ធយុវជន កុមារ ក៏ដូចជាកម្លាំងពលកម្មនៅកម្ពុជា ដើម្បីឱ្យ​ឱកាសទាំងអស់នេះអាចស្តារឡើងវិញបណ្តើរៗ ព្រោះថាជំងឺកូវីដ១៩នេះ មិនដឹង​ថាពេលណានឹងបាត់ទៅវិញនោះទេ ដែលធ្វើឱ្យយើងទាំងអស់គ្នារងទុក្ខលំបាក ទោះបី​យ៉ាង​ណាក៏ដោយយើងនឹងរួមគ្នាសម្រេចឱ្យបាន។

លោក Edward Danielraj Selvanayagam នាយក ប្រចាំប្រទេស នៃអង្គការទស្សនៈ​ពិភពលោក (World Vision)បានថ្លែងអំណរដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានអនុញ្ញាតឱ្យអង្គការទស្សនៈពិភពលោកចូលមក​អនុវត្តន៍​កម្មវិធីមនុស្សធ៌មផ្សេងៗនៅកម្ពុជា។  លោកបានសម្ដែងនូវការ ពេញចិត្តជាខ្លាំងនូវ​អ្វី​ដែលជាវិធាន​ការរបស់រដ្ឋាភិបាលកម្ពុជា ក៏ដូចជាចំណាត់ការរបស់ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ ហើយអង្គការក៏មានបំណងចង់បន្តការងារនេះឱ្យ​ល្អប្រសើរថែម​ទៀត។

ឯកឧត្តម អ៊ិត សំហេង ក៏បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ដល់​អង្គការទស្សនៈពិភពលោក ជាពិសេសរចនាសម្ព័ន្ធ គ្រប់គ្រងដឹកនាំរបស់អង្គការតែម្តង ខណៈដែលអង្គការនេះមានបុគ្គលិកបម្រើការងារសរុបប្រមាណ៦០០នាក់ ដែលភាគច្រើន​ជាជនជាតិខ្មែរ និងមានសមត្ថភាពកាន់មុខតំណែងធំៗផងដែរ។  ទន្ទឹមនឹងនេះ ភាគី​ទាំងពីរ បានប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការ ដើម្បីពង្រឹងភាពជាដៃគូ ជាមួយគ្នាឱ្យ​កាន់តែល្អ​ប្រសើរថែមទៀត។

លោក Edward Danielraj Selvanayagam បានបន្ថែមថា អង្កការ ការយកចិត្តទុក​ដាក់លើការបណ្តុះបណ្តាលសមត្ថភាពបុគ្គលិកជាជនជាតិខ្មែរលើការទទួលខុសត្រូវលើមុខដំណែងសំខាន់ៗរបស់អង្គការ  ដែលរហូតមកដល់ពេលនេះមានបុគ្គលខ្មែរ ភាគច្រើនជា​បុគ្គលិកបរទេសដែលមានមិនដល់១០ នាក់ផងក្នុងចំណោមបុគ្គលិកជាង៥០នាក់ ក្នុងនោះ មានបុគ្គលិកខ្មែជានាយប្រតិបត្តិ របស់អង្គការផងដែរ៕

ដោយ  ប៊ុនរិទ្ធ