ខេត្តក្រចេះ បើកកិច្ចប្រជុំផ្សព្វផ្សាយផែនការអភិវឌ្ឍន៍៥ឆ្នាំ ២០២០-២០២៤

AKP ក្រចេះ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០–

​ខេត្តក្រចេះ បានបើកកិច្ចប្រជុំផ្សព្វផ្សាយអំពីផែនការអភិវឌ្ឍខេត្តរយៈពេល៥ឆ្នាំ ២០២០-២០២៤ កាលពីព្រឹកថ្ងៃចន្ទ ៣កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០។

​កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម អ៊ុំ ភី សមាជិកក្រុមប្រឹក្សាខេត្ត លោក ប៉ែន លីណាត អភិបាលរងនៃគណៈអភិបាលខេត្ត និងថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត អភិបាល អភិ បាលរងក្រុង ស្រុក និងអង្គការដៃគូអភិវឌ្ឍន៍នានាក្នុងខេត្តផងដែរ។

លោក គង់ សុជាតិ ប្រធានមន្ទីរផែនការខេត្តក្រចេះបានឱ្យដឹងថា ដំណើរការរៀបចំ និងកសាងផែនការអភិវឌ្ឍន៍៥ឆ្នាំ២០២០-២០២៤ ឬហៅថា ផែនការអភិវឌ្ឍន៍របស់ក្រុមប្រឹក្សា ខេត្តអាណត្តិទី៣ ដោយអនុវត្តន៍តាមប្រកាសអន្តរក្រសួងលេខ ០៨៤ ផក ចុះថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧ ស្តីពីការដាក់ឱ្យប្រើប្រាស់ សេចក្តីណែនាំបច្ចេកទេសស្ដីពីការរៀបចំ និងកសាង ផែនការអភិវឌ្ឍន៍ខេត្ត របស់ក្រសួងមហាផ្ទៃនិងក្រសួងផែនការដែលមានបីជំហានស្មើនឹង ១៩ សកម្មភាពដែលបានដាក់ជូននិងធ្វើការផ្សព្វផ្សាយក្នុងអង្គប្រជុំ។
​លោក ប៉ែន លីណាត អភិបាលរងនៃគណៈអភិបាលខេត្តបានមានប្រសាសន៍ថា ការអភិវឌ្ឍខេត្តត្រូវការចាំបាច់ណាស់ការចូលរួមដូចជា ស្ថាប័នរដ្ឋ វិស័យឯកជន អង្គការក្នុង និងក្រៅរដ្ឋាភិបាល ការផ្សំធាតុចូលនានាពីគ្រប់មជ្ឈដ្ឋានដែលក្លាយទៅជាឯកសារផែនការ អភិវឌ្ឍន៍រយៈ ពេល៥ឆ្នាំ ២០២០-២០២៤ ដែលជាឯកសារទូលំទូលាយ ក្នុងផែនការអភិវឌ្ឍន៍ មិនមែនជាសិទ្ធិដាច់មុខរបស់មន្ទីរ វិស័យ អង្គភាពណាមួយទេ។

លោកអភិបាលរងខេត្តបញ្ជាក់ថា តាមរយៈច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ រដ្ឋបាលខេត្ត រដ្ឋបាល ក្រុងស្រុក និងរដ្ឋបាលឃុំសង្កាត់ ត្រូវរៀបចំ និងកសាងផែនការអភិវឌ្ឍន៍ រយៈពេល៥ឆ្នាំ និងកម្ម វិធីវិនិយោគបីឆ្នាំរំកិលប្រចាំឆ្នាំ របស់អង្គភាពនីមួយៗ។ ផែនការអភិវឌ្ឍន៍៥ឆ្នាំ ដែលបានដាក់ជូននិងធ្វើការផ្សព្វផ្សាយនាពេលនេះ គឺជាឯក សារគតិយុត្តដែលបានរៀបចំ ឡើងតាមការណែ នាំប្រកាសអន្តរក្រសួង រវាងក្រសួងមហាផ្ទៃ និងក្រសួងផែនការ។

លោក ប៉ែន លីណាត បានលើកយកប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេច អគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានលើក ឡើងពីវដ្តនៃផែន គឺការរៀបចំផែនការបានចប់សព្វគ្រប់ទទួលបានលទ្ធផល ៣០ភាគរយ ការអនុវត្តផែនការទទួលបានលទ្ធផល ៣០ភាគរយ នៅសល់៤០ភាគរយ គឺការតាមដានវាយ តម្លៃនិងសម្របសម្រួលទៅតាមកាលៈទេសៈដែលអាចកើតមាន។

ក្នុងចំណុចនេះ ក្នុងនាមក្រុមប្រឹក្សាខេត្តដែលមានសិទ្ធិអំណាចធ្វើសេចក្តីសម្រេច ខាងបទបញ្ញត្តិ និងសេចក្តីសម្រេចខាងប្រតិបត្តិផែនការអភិវឌ្ឍន៍រយៈពេល៥ ឆ្នាំ២០២០-២០២៤ និងមានការសម្របសម្រួលទៅតាមកាលៈទេសៈណាមួយ ដែលអាចកើតមាន ដើម្បីធានាឱ្យមានចីរភាពដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ៕ ដោយ ជួន សុជាតិ