KOICA បណ្ដុះបណ្ដាលមន្រ្តីរាជរដ្ឋាភិបាលចំនួន២១នាក់ ទាក់ទងនឹងការកសាងសមត្ថភាពលើការតាមដាន និងវាយតម្លៃ

 

AKP ភ្នំពេញ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០

ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បានបណ្ដុះបណ្ដាល ពង្រឹងសមត្ថភាពមន្រ្តីរាជរដ្ឋាភិបាលចំនួន២១នាក់ មកពីគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ត្រូវបានជ្រើសរើសឱ្យចូលរួមក្នុងការសិក្សាតាមអ៊ីនធឺណេតសម្រាប់វគ្គបណ្តុះបណ្តាលសម្រាប់ឆ្នាំទី៣ នៃវគ្គបណ្ដុះបណ្ដាលរយៈពេល៣ឆ្នាំ(២០១៨-២០២០)ស្តីពី “ការកសាងសមត្ថភាពលើ ការតាមដាន និងវាយតំលៃ (Monitoring & Evaluation) សម្រាប់ប្រទេសកម្ពុជា” ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ (មានរយៈពេល១០ថ្ងៃ)។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ទីភ្នាក់ងារ KOICA។

ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលតាមអ៊ិនធឺណេត ស្តីពី “ការកសាងសមត្ថភាពលើ ការតាមដាន និងវាយតំលៃ (Monitoring & Evaluation) សម្រាប់ប្រទេសកម្ពុជា” នាព្រឹក ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ លោក គីម ជុនស៊ូ អនុប្រធានតំណាងប្រទេស នៃ ការិយា ល័យ KOICA ប្រចំានៅប្រទេសកម្ពុជាបានមានប្រសាសន៍ថា គោលបំណងនៃការបណ្តុះបណ្តានេះគឺដើម្បីរកវិធីសាស្រ្តតាមដាននិងវាយតម្លៃជាក់លាក់ ដើម្បីប្រើប្រាស់ធនធានដែលបានផ្តល់ឱ្យតាមវិធីដែលមានប្រសិទ្ធភាពជាងមុន និងបង្កើតផែនការបន្ថែមទៀត ដែលអនុវត្តន៍សម្រាប់ការអនុវត្តនៅក្នុងវិស័យនីមួយៗ។ លោកបានបន្ដថា ដើម្បីឆ្លើយតបទៅនឹងការស្នើសុំរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ទីភ្នាក់ងារ KOICA បានផ្តល់កម្មវិធីបណ្តុះបណ្តាលរយៈពេល៣ឆ្នាំ(២០១៨-២០២០)សម្រាប់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង ក្រសួង ស្ថាប័នពាក់ព័ន្ធដទៃទៀត។ ជាមួយគ្នានេះ ដើម្បីឱ្យការអនុវត្តទៅដោយរលូននៃវគ្គបណ្តុះបណ្តាលនេះ KOICA បានផ្តល់ជូននូវឧបករណ៍សិក្សាដូចជាកុំព្យូទ័រយួរដៃ សម្រាប់បរិយាកាសសិក្សាតាមអ៊ីនធឺណេតឱ្យបានប្រសើរជាងមុន។
លោកបានស្នើសុំឱ្យមន្រ្តីទាំងអស់ខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីសិក្សាតាម អ៊ីនធឺណេត និងចែករំលែកបទពិសោធន៍ និងជំនាញថ្មីៗដែលទទួលបានជាមួយមិត្តភក្តិកម្ពុជា។ លោកបានគូសបញ្ជាក់ផងដែរថា ឥឡូវនេះ ទីភ្នាក់ងារ KOICA កំពុងអនុវត្តន៍កម្មវិធី៣ឆ្នាំ(២០១៨-២០២០) ដើម្បីលើកស្ទួយមន្រ្តីកម្ពុជា នៅក្នុងទីភ្នាក់ងារ និងស្ថាប័នរដ្ឋាភិបាល។ សម្រាប់ឆ្នាំទី១ ផ្តោតលើការកសាងសមត្ថភាពគ្រប់គ្រងដោយផ្តោតលើមន្រ្តីទទួលបន្ទុកត្រួតពិនិត្យប្រព័ន្ធតាមដាននិងវាយតម្លៃ។ ក្នុងឆ្នាំទី២ មានគោលបំណងពង្រឹងសមត្ថភាពមូលដ្ឋានដើម្បីបង្កើតប្រព័ន្ធតាមដាន និងវាយតម្លៃ នៅក្នុងវិស័យជាក់លាក់ និងកំណត់គោលដៅអ្នកឯកទេស ក្នុងឧស្សាហកម្មនីមួយៗ។ ចុងក្រោយ ឆ្នាំទី៣នេះ កម្មវិធីត្រូវបានរៀបចំឡើង ដើម្បីបង្កើនសមត្ថភាពជាក់ស្តែងរបស់ក្រុមការងារ ដែលកំពុងអនុវត្តន៍ជាក់ស្តែងនូវការតាមដាន និងវាយតម្លៃ ហើយផ្តោតលើមន្រ្តីកម្រិតការងារ ដែលទទួលបន្ទុកអនុវត្តន៍ការតាមដាន និងវាយតម្លៃចំពោះគម្រោងពិតប្រាកដ។

អនុប្រធានតំណាង KOICA បានបន្ថែមថា ទីភ្នាក់ងារ KOICA នឹងបន្តគាំទ្រនិងអនុវត្តន៍កម្មវិធីនៅកម្ពុជាដែលផ្តោតលើការអភិវឌ្ឍធនធានមនុស្ស។

សូមបញ្ជាក់ផងដែរថា ចាប់ពីឆ្នាំ ១៩៩៤ រហូតដល់ឆ្នាំ២០១៩ មន្រ្តីរដ្ឋាភិបាលប្រមាណ ៣ ០១៤នាក់ ត្រូវបានអញ្ជើញឱ្យចូលរួមវគ្គបណ្តុះបណ្តាល និងកម្មវិធីសិក្សាថ្នាក់អនុបណ្ឌិត នៅសាធារណរដ្ឋកូរ៉េ ក្រោមកម្មវិធីពង្រឹងសមត្ថភាពរបស់ ទីភ្នាក់ងារ KOICA៕ ដោយ រិទ្ធី