ជំនន់ទឹកភ្លៀង ចាប់ផ្តើមឡើងលិចផ្ទះពលរដ្ឋ និងផ្លូវមួយចំនួន នៅស្រុកអង្គរជុំ ខេត្ដសៀមរាប

AKP សៀមរាប ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០

ជំនន់ទឹកភ្លៀង នៅព្រឹកថ្ងៃទី១៩ខែតុលាឆ្នាំ២០២០នេះបានជន់លិចផ្ទះរបស់ពលរដ្ឋ និងផ្លូវ​មួយចំនួនក្នុងឃុំនានា ដែលស្ថិតនៅប៉ែកខាងលើ ក្នុងស្រុកអង្គរជុំ ខេត្តសៀមរាប។

លោក លុក ផុស អភិបាលស្រុកអង្គរជុំ ខេត្តសៀមរាបបានឱ្យដឹងថា ការជន់​លិច​ភូមិឋាន និងផ្ទះសម្បែងរបស់ពលរដ្ឋ ក្នុងឃុំនានារបស់ស្រុកអង្គរជុំនាពេលនេះ មិនទាន់​ធ្ងន់ធ្ងរ  ឈានដល់ការជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាពនៅឡើយទេ។  លោក​បានណែនាំឱ្យក្រុមអាជីវករផ្សារឈូក ត្រៀមរៀបចំទុកដាក់សម្ភារ របស់របររបស់ខ្លួន ឱ្យ​ផុត​ពីទឹក ព្រោះទឹកជនន់នេះ  នឹងបន្តហូរមកជន់លិចមកប៉ែកខាងក្រោម ដូចជាផ្សារ  មន្ទីរ​ពេទ្យ  សាលារៀន ជាលើកទី២ទៀត។

តែទោះបីយ៉ាងណាក៏ដោយ បើទោះជាស្ថានភាពទឹកជំនន់នៅពេលនេះ​មិនទាន់ធ្ងន់​ធ្ងរក៏ពិតមែន ប៉ុន្តែលោកអភិបាលស្រុកក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋមាន​ការប្រុង​ប្រយ័ត្ន​ឱ្យបានខ្ពស់ចំពោះស្ថានភាពទឹកជំនន់នេះដូចជាពាក់ព័ន្ធទៅនឹងអគ្គិសនី និងក្មេងៗលេង ទឹកជាដើម ព្រោះវាអាចគ្រោះថ្នាក់ដោយយើងមិនបានដឹងមុននោះទេ៕ ដោយ ឃុត សៅ