អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មលើកទឹកចិត្តឱ្យបងប្អូនសហគមន៍ ធ្វើកសិកម្មក្នុងនាមសហគ្រិន គឺធ្វើជាពាណិជ្ជកម្មដើម្បីលើកកម្ពស់ជីវភាព

AKP បន្ទាយមានជ័យ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០–

ឯកឧត្តម កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មបានលើកទឹកចិត្តឱ្យបងប្អូនសហគមន៍ដាំដុះបន្លែសុវត្ថិភាព ធ្វើកសិកម្មក្នុងនាមសហគ្រិន គឺធ្វើជាពាណិជ្ជកម្មដើម្បីលើកកម្ពស់ជីវភាព និងមានសុខុមាលភាព មិនមែនធ្វើកសិកម្មសម្រាប់តែប្រើប្រាស់ ហូបចុក ផ្ទាល់ខ្លួន គ្រួសារ និងមិនមានស្តង់ដារនោះទេ។ ការលើកឡើងរបស់ឯកឧត្ដមនេះ ក្នុងឱកាសអញ្ជើញចូលរួមក្នុងកម្មវិធីសំណេះសំណាលជាមួយបងប្អូនប្រជាសហគមន៍ដាំដុះបន្លែសុវត្ថិភាព មកពីខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្តបាត់ដំបង សរុបប្រមាណ ១៩១ នាក់ នៅសាលាខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០។ នេះបើយោងតាមធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម។

ឯកឧត្តម កៅ ថាច បានណែនាំដល់បងប្អូនសហគមន៍ធ្វើការដាំដុះបន្លែសុវត្ថិភាព ដោយមានផែនការច្បាស់លាស់ និងមានគោលដៅជាក់លាក់ដើម្បីផ្គត់ផ្គង់ចូលទីផ្សារមាននិរន្តរភាព និងមានតម្លៃ ហើយសូមចៀសវាងការដាំដុះបន្លែតាមគ្នា ដែលជាមូលហេតុធ្វើឱ្យរាល់ពេលប្រមូលផលតែងតែធ្លាក់ថ្លៃចុះ។

ជាមួយគ្នានេះ ឯកឧត្តមប្រតិភូបានស្នើសុំឱ្យបងប្អូនសហគមន៍កែប្រែទម្លាប់ក្នុងការដាំដុះមានភាពបត់បែន និងចេះឈ្វេងយល់ពីព័ត៌ មាន ទីផ្សារពីផលិតផលកសិកម្ម។ ឯកឧត្តមប្រតិភូក៏បានជំរុញឱ្យបងប្អូនសហគមន៍ចុះកិច្ចសន្យាទិញលក់បន្លែសុវត្ថិភាព ជាមួយក្រុមហ៊ុនបន្លែសុវត្ថិភាពខ្មែរ ដើម្បីធានាថា ការដាំដុះរបស់បងប្អូនសហគមន៍មានទីផ្សារច្បាស់លាស់ និងធានាបានតម្លៃតាមកិច្ចសន្យា។ ទន្ទឹមនេះ ឯកឧត្ដមក៏បានស្នើសុំសូមបងប្អូនត្រូវពង្រឹងគុណភាពលើការដាំដុះ និងដោយគោរពបាននូវគុណភាព និងស្តង់ដារសុវត្ថិភាព។

ឯកឧត្តម កៅ ថាច បានសម្ដែងនូវសេចក្តីសោកស្តាយដែលផលដំណាំរបស់បងប្អូនត្រូវទទួលរងការបំផ្លាញដោយសារជំនន់ទឹកភ្លៀងក្នុងសប្តាហ៍កន្លងមកនេះ។ ឯកឧត្តម បានលើកទឹកចិត្តឱ្យបងប្អូនសហគមន៍ ធ្វើការដាំដុះឡើងវិញ និងបង្កើនការដាំដុះ និងពង្រីកការដាំដុះ បន្ទាប់ពីទឹកស្រកទៅវិញ ដើម្បីធ្វើការប៉ះប៉ូវការខាត់បង់ និងផ្គត់ផ្គង់ទីផ្សារទាន់ពេលវេលា។

ឯកឧត្តមប្រតិភូក៏បានធ្វើការផ្សព្វផ្សាយពីគោលការណ៍ឥណទានដោយអត្រាការប្រាក់ទាប ០,៤២ភាគរយ ក្នុងមួយខែជូនដល់បងប្អូនសហគមដាំដុះបន្លែ និងលើកទឹកចិត្តឱ្យបងប្អូនសហគមន៍ទាក់ទងមកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម ក្នុងករណីមានតម្រូវការឥណទាន៕

ដោយ៖ រិទ្ធី

សម្រួលផ្សាយ៖ កន ចំណាន