អភិបាលខេត្ត យកអំណោយចែកជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន៦៥០គ្រួសារ នៅស្រុកកណ្តាលស្ទឹង

AKP កណ្តាល ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០–

នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងលោកជំទាវ ព្រមទាំងសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែក ជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន៦៥០គ្រួសារ រស់នៅភូមិបុណ្ណា ឃុំព្រះពុទ្ធ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ឯកឧត្តម បានថ្លែងអំណរគុណដល់ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ ដែលបាន យកចិត្តទុកដាក់សង្គ្រោះបងប្អូនប្រជាពលរដ្ឋបានទាន់ពេលវេលា និងសូមបន្ត ចាត់វិធាន ការចាំបាច់នានា និងដឹកនាំកម្លាំងក្នុងការចេញទៅជួយសង្គ្រោះប្រជាពលរដ្ឋ តាមភូមិសាស្ត្រ ដែលទទួលខុសត្រូវឱ្យបានទាន់ពេលវេលា ដើម្បីទប់ទល់នឹងគ្រោះទឹកជំនន់ ព្រមទាំងកាត់ បន្ថយឱ្យបានជាអតិបរមានូវការលំបាក និងផលប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិនានា។

ពិធីនោះក៏មានការនិមន្ត និងអញ្ជើញចូលរួមពីព្រះភិក្ខុ វជិរប្បញ្ញោ គូ សុភាព ព្រះគ្រូ សូត្រស្តាំវត្តនិគ្រោធវន្ត ហៅវត្ត គល់ទទឹង ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកឧកញ៉ា ដួង ឆាយ និងភរិយា ព្រមទាំងសហការី លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងថ្នាក់ដឹកនាំអាជ្ញាធរស្រុកផងដែរ៕ ដោយ ណយ នឿន