ប្រធានរដ្ឋសភាកូរ៉េខាងត្បូង នឹងអញ្ជើញមកកម្ពុជានៅដើមខែវិច្ឆិកាខាងមុខនេះ

AKP ភ្នំពេញ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០–

ក្នុងជំនួបសម្តែងការគួរសម សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្តម ប៉ាក់ ហឿងឃ្យុង (Park Heung-Kyeong) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ទើបតែងតាំងថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជា បានជម្រាប ជូនពីដំណើរទស្សនកិច្ចរបស់ ឯកឧត្តមប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ មកកាន់ ព្រះរាជាណាចក្រកម្ពុជា នៅដើមខែវិច្ឆិកាខាងមុខនេះ ដើម្បីពង្រឹងពង្រីកកិច្ច សហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទាំងពីរឱ្យកាន់រឹងមាំឡើង។

ក្នុងជំនួបនោះសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានស្វាគមន៍ ដំណើរទស្សនកិច្ចរបស់ឯកឧត្តមប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ មកកាន់កម្ពុជា ហើយរដ្ឋសភាកម្ពុជាត្រៀមស្វាគមន៍ដំណើរទស្សនកិច្ចដ៏មានសារៈសំខាន់នេះឱ្យបានល្អ។

សម្តេចប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងប្រទេសទាំងពីរនាពេលកន្លងមក ដែលបាននាំមក នូវឧត្តមប្រយោជន៍ សម្រាប់ប្រជាជនទាំងសងខាង និងបានស្វាគមន៍ ចំពោះបេសកកម្មរបស់ ឯកឧត្តម ប៉ាក់ ហឿងឃ្យុង នៅកម្ពុជា។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានលើកឡើងថា សាធារណរដ្ឋកូរ៉េ បាន និងកំពុងដើរតួយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជា ដូចជាហេដ្ឋារចនាសម្ព័ន្ធ សុខាភិបាល និងអភិវឌ្ឍន៍ជនបទជាដើម។ សម្តេចបានស្នើសុំសាធារណរដ្ឋកូរ៉េបន្ថែម ចំនួនកូតាពលរដ្ឋខែ្មរទៅធ្វើការងារនៅកូរ៉េទៀតផងដែរ។

ឯកឧត្តម ប៉ាក់ ហឿងឃ្យុង បានគាំទ្រប្រសាសន៍លើកឡើងរបស់ សម្តេច ប្រធានរដ្ឋសភា និងបានជម្រាបសម្តេច អំពីការរីកចម្រើនខាងផ្នែកនយោយបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការផ្លាស់ប្តូរប្រជាជននៃប្រទេសទាំងពីរ នៅក្នុងរយៈពេលចុង ក្រោយនេះ មានការរីកចម្រើនខ្លាំងគួរឱ្យកត់សម្គាល់។ ទំហំពាណិជ្ចកម្មកម្ពុជា-កូរ៉េនៅ ឆ្នាំ២០១៩ បានកើនដល់ ១ពាន់លានដុល្លារ ហើយទុនវិនិយោគកូរ៉េនៅកម្ពុជាមានជាង ៥ពាន់លានដុល្លារ ដែលនាំកូរ៉េក្លាយជាប្រទេសទី២ ក្នុងការវិនិយោគនៅកម្ពុជា។ ចំណែក ពលរដ្ឋកម្ពុជា ដែលកំពុងធ្វើការនៅសាធារណរដ្ឋកូរ៉េ មានប្រមាណ៤ម៉ឺននាក់។

ឯកឧត្តមឯកអគ្គរដ្ឋទូតបន្តថា នៅឆ្នាំខាងមុខ សាធារណរដ្ឋកូរ៉េនឹងផ្តល់ជំនួយ ដល់កម្ពុជាបន្ថែម ខាងផ្នែកដោះមីន ហើយនិមិត្តរូបនៃទំនាក់ទំនងប្រទេសទាំងពីរមួយ អាចលេចជារូបរាងផងដែរ។ ទាក់ទងជំនួយសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ឆ្លងកាត់ទន្លេ មេគង្គនោះ បច្ចុប្បន្ន យើងកំពុងតែបន្តការពិភាក្សាគ្នា៕

ដោយ៖ ប៉ាល់ សុង

សម្រួលផ្សាយ៖ កន ចំណាន