ឯកឧត្តម អ៊ុន ចាន់ដា បានជំរុញឱ្យប្រជាកសិករបង្កើនការចិញ្ចឹមសត្វ និងដាំដំណាំរួមផ្សំ ដើម្បីធានាដល់ការផ្គត់ផ្គង់ក្នុងគ្រួសារ

AKP កំពង់ចាម ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០–

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានជំរុញឱ្យប្រជាកសិករត្រូវ បង្កើនការយកចិត្តទុកដាក់ខ្ពស់លើការងារចិញ្ចឹមសត្វ និងដាំដំណាំរួមផ្សំគ្រប់ប្រភេទដើម្បី ធានាបាននូវសន្តិសុខស្បៀងដល់ការផ្គត់ផ្គង់ក្នុងគ្រួសារ និងអាចផ្គត់ផ្គង់ទីផ្សារ ខណៈបច្ចុប្បន្ននេះប្រទេសយើងជួបបញ្ហាជំងឺកូវីដ-១៩ និងអាកាសធាតុប្រែប្រួល។

ការថ្លែងដូចនេះក្នុងឱកាសដែល ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញក្នុងពិធី ចែកធាតុ ចូលកសិកម្ម ជូនដល់ប្រជាកសិករ ជាសមាជិកបណ្ដុំអាជីវកម្មចិញ្ចឹមសត្វ នៃអនុកម្មវិធីផ្សព្វ ផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ហៅកាត់ថា (អាស់ ស្ពាយ) (ASPIRE) របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម ជូនកសិករ ចំនួន ១១៧គ្រួសារ នៅឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម នាព្រឹកថ្ងៃចន្ទ ៣កើត ខែកត្ដិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ ។

ឯកឧត្តម អ៊ុន ចាន់ដា បានបញ្ជាក់ថា ASPIRE គឺជាកម្មវិធីផ្សព្វផ្សាយបច្ចេក ទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម។ កម្មវិធីនេះ នឹងផ្តល់ឱ្យកសិករទទួលបាននូវការអនុវត្ត បច្ចេកទេសថ្មី ធាតុចូលកសិកម្មថ្មីលើការចិញ្ចឹមសត្វ និងដាំដុះដំណាំគ្រប់ប្រភេទបានគ្រប់ រដូវកាលពេញមួយឆ្នាំដែលមិនប្រឈមនឹងការប្រែប្រួលអាកាសធាតុធានា ធ្វើឱ្យផលិតកម្ម កសិផលមានគុណភាពសមស្របតាមតម្រូវការទីផ្សារ។

ឯកឧត្ដម មានប្រសាសន៍ថា ការចិញ្ចឹមសត្វជាលក្ខណៈគ្រួសារ គឺបានជួយផ្គត់ផ្គង់ដល់ សេដ្ឋកិច្ចគ្រួសារ របស់បងប្អូនផ្ទាល់ ក៏ដូចជា ការបំពេញតម្រូវការនៅមូលដ្ឋាន និងទីផ្សារ ក្នុងស្រុកផងដែរ។ ក្រៅពីនោះ បងប្អូនត្រូវខិតខំបង្កបង្កើនផល បង្កើនមុខរបរបន្ថែមតាមរយៈ ការដាំដុះដំណាំរួមផ្សំ ដោយប្រើប្រាស់លក្ខណៈបច្ចេកទេសកសិកម្មថ្មី ដើម្បីទទួលបានទិន្ន ផលខ្ពស់ និងប្រកបដោយគុណភាព ដែលអាចចូលរួមប្រកួតប្រជែង ក្នុងទីផ្សារកសិកម្ម ហើយបានចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា លើការលើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋផងដែរ។

ឯកឧត្តម អ៊ុន ចាន់ដា បានធ្វើការណែនាំដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ត្រូវ តាមដានស្ថានភាពអាកាសធាតុ និងផលប៉ះពាល់នានា ដែលកើតមាននៅក្នុងមូលដ្ឋានរបស់ ខ្លួន។ ត្រូវត្រៀមលក្ខណៈជាស្រេច ដោយប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប ដើម្បី ត្រៀមឆ្លើយតបឱ្យបានទាន់ពេលវេលា ក្នុងករណីកើតមានជាយថាហេតុ នូវគ្រោះមហន្តរាយ ក្នុងភូមិសាស្រ្តនៃដែនសមត្ថកិច្ចរបស់ខ្លួននោះ។

សូមបញ្ជាក់ថា ប្រជាកសិករសរុប១១៧គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន កូនមាន់៣០ក្បាល ចំណីមួយបាវ និងទ្រុងមួយ ហើយក្នុងនោះដែរបានចែកម៉ាស៊ីនកិនចំណី សត្វចំនួន៤គ្រឿង ទៅគ្រួសារប្រជាកសិករក្នុងឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាមផងដែរ៕

ដោយ៖ឆាយ ម៉ុត

សម្រួលផ្សាយ៖ កន​ ចំំណាន