ជំនន់ទឹកភ្លៀង ធ្វើឱ្យចំនួនអ្នកស្លាប់កើនដល់ ២៥នាក់ និងប្រមាណ ៧៨ ០៥៦គ្រួសាររងផលប៉ពាល់

AKP ភ្នំពេញ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០

ជំនន់ទឹកភ្លៀងចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ មានប្រជាជន កម្ពុជាប្រមាណ ៧៨ ០៥៦គ្រួសារ ស្មើប្រមាណ៣១២ ២២៤នាក់ បានរងផលប៉ះពាល់ ដោយជំនន់ទឹកភ្លៀង ក្នុងនោះប្រជាពលរដ្ឋចំនួន ២៥នាក់បានស្លាប់បាត់បង់ជិវិត។ នេះបើ​យោតាមទិន្នន័យរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គិតពីថ្ងៃទី០១ ខែកញ្ញា ដល់ព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០។

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយក៏បានឱ្យដឹងដែរថា ជំនន់ទឹកភ្លៀង នេះបានប៉ះពាល់ដល់១៩ រាជធានី-ខេត្ត ស្មើ៩១ក្រុង/ស្រុក/ខណ្ឌ រួមមាន ពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ ភ្នំពេញ បាត់ដំបង ស្វាយរៀង ឧត្តរមានជ័យ សៀមរាប តាកែវ កំពង់ស្ពឺ មណ្ឌលគិរី ព្រះសីហនុ កោះកុង ព្រះវិហារ ស្ទឹងត្រែង កំពង់ចាម កណ្តាល កំពង់ឆ្នាំង និងកំពង់ធំ។

ជាមួយគ្នានេះ ប្រជាជនរងផលប៉ះពាល់ប្រមាណ ៧៨ ០៥៦​គ្រួសារ ស្មើប្រមាណ ៣១២ ២២៤នាក់។ ប្រជាជនជម្លៀសប្រមាណ ៩ ៣៤៩គ្រួសារ ស្មើប្រមាណ ៣៧ ៣៩៦នាក់ និងប្រជាជនស្លាប់២៥នាក់។  ចំពោះផ្ទះប៉ះពាល់ប្រមាណ ៧៣ ៧២០ខ្នង និងខូចខាត ៥៦ខ្នង។  សាលារៀនលិចទឹកប្រមាណ ៥៦៨កន្លែង។ ស្រូវលិចទឹកប្រមាណ ២១៣ ២៨៩ហិកតា និងដំណាំរួមផ្សំលិចទឹក ៧៩ ៨៨៨ហិកតា។  ផ្លូវជាតិ ផ្លូវខេត្ត ផ្លូវគ្រួសក្រហម ប៉ះពាល់ប្រមាណ ៣៩៣ គីឡូម៉ែត្រ។ ផ្លូវលំជនបទ​លិច​ទឹកប្រមាណ ១ ៤៦៧ គីឡូម៉ែត្រ។

ទំនប់ ប៉ះពាល់ប្រមាណ ២៤ គីឡូម៉ែត្រ។ ប្រឡាយ​​មេ ប៉ះពាល់ប្រមាណ ១៩៧.៣ គីឡូម៉ែត្រ។  ប្រឡាយរង ប៉ះពាល់ប្រមាណ ១៤១,៦ គីឡូ​ម៉ែត្រ និងប្រឡាយស្រោចស្រព ប៉ះពាល់ប្រមាណ ៨៥,៩ គីឡូម៉ែត្រ៕ដោយ ជឹម ណារី