ប្រទេសអ៊ីតាលីចាប់ផ្តើមវិធានការថ្មីទប់ទល់នឹងការឆ្លងកូវីដ ១៩ នៅពេលដែលការឆ្លងបានកើនឡើងជារៀងរាល់ថ្ងៃ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆាណែលញូវអាស៊ី   (១៩.១០.២០)  ​

អ៊ីតាលី៖ តាមការផ្សាយរបស់ទូរទស្សន៍បរទេសនៅថ្ងៃចន្ទទី ១៩ ខែ តុលានេះ បានឲ្យដឹងថា នាយករដ្ឋមន្រ្តីរបស់​ប្រទេសអ៊ីតាលី លោក យ៉ួសេប កុងតេ បានផ្តល់សិទ្ធិអំណាចដល់អភិបាលក្រុងទំាងអស់ ឲ្យបិទ​ទីធ្លាសាធារណៈក្នុងទីក្រុងរបស់ខ្លួន ចាប់ពីម៉ោង ៩ យប់ទៅ ដើម្បីកុំឲ្យមានការជួបជុំគ្នា ។

លោកនាយករដ្ឋមន្រ្តីរបស់ប្រទេសអ៊ីតាលីបានធ្វើការសម្រេចចិត្តបែបនេះ នៅពេលដែល លោកបាន​ដាក់ចេញវិធានការជាបន្តបន្ទាប់កាលពីថ្ងៃអាទិត្យទី ១៨ ខែ តុលា នេះ  ដើម្បីទប់ស្កាត់​ការកើនឡើង​យ៉ាងខ្លំាងនូវករណីឆ្លងកូវីដ ១៩ ក្នុងប្រទេសអ៊ីតាលី ។

កាលពីថ្ងៃអាទិត្យទី ១៨ ខែ តុលា នេះ ប្រទេសអ៊ីតាលីមានការឆ្លងកូវីដ​១៩ រហូតដល់ទៅ ១១.៧០៥ ករណី ដែលធ្វើឲ្យលោកនាយករដ្ឋមន្រ្តីចាត់ទុកថាជាស្ថានការណ៍មួយធ្ងន់ធ្ងរបំផុត ។​