បញ្ចប់​ដោយ​ជោគជ័យ​ការប្រកួត​កីឡា​វាយ​កូន​បាល់​ពានរង្វាន់​សម្តេច​ក្រឡាហោម ស ខេង លើក​ទី​៣ ប្រចាំ​ឆ្នំ​២០២០

AKP ភ្នំពេញ ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២០–​ការប្រកួត​កីឡា​វាយ​កូន​បាល់​ពានរង្វាន់​សម្តេច​ក្រឡា ហោម ស ខេង លើក​ទី​៣ ឆ្នាំ​២០២០​បានបញ្ចប់​ហើយ កាលពី​ល្ងាច​ថ្ងៃ​២​កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃអាទិត្យ ទី​១៨ ខែតុលា ឆ្នាំ​២០២០ នៅ​ទីលាន​វាយ​កូន​បាល់ និង​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា នៃ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក បន្ទាប់ពី​ដំណើរការ​ប្រកួត​ជម្រុះ​ជា​បន្តបន្ទាប់​រយៈពេល ៣​ថ្ងៃ និង​បាន​រកឃើញ​ម្ចាស់​ជ័យលាភី​លើ ៥​វិញ្ញាសា​។​

​ឯកឧត្តម​បណ្ឌិត ជា ហ៊ុន​ហេង ទីប្រឹក្សា​ផ្ទាល់​សម្តេច​ក្រឡាហោម ស ខេង និង​ជា​ប្រធាន​អង្គភាព​កីឡា​ក្រសួងមហាផ្ទៃ​មានប្រសាសន៍ថា នៅក្នុង​ការប្រកួត​ឆ្នាំនេះ​ដោយសារ​បញ្ហា​កូ​វីដ​-១៩ ទើប​ព្រឹត្តិការណ៍​នេះ​មានការ​ចូលរួម​ពី​កីឡាករ កីឡាការិនី​កម្ពុជា និង​បរទេស​ចំនួន​១១ ប្រទេស ដែល​បម្រើ​ការងារ​ក្នុងស្រុក​ខ្មែរ ដែលមាន​ចំនួន​៤៥​នាក់ ហើយ​នៅ​ឆ្នាំ​ខាងមុខ​ប្រសិនបើ​ស្ថានភាព​វិបត្តិ​ជំងឺ​ផ្លូវដង្ហើម​នេះ​ល្អប្រសើរ​ឡើងវិញ ឯកឧត្តម​នឹង​បង្កើត​ការប្រកួត​កីឡា​វាយ​កូន​បាល់​ដណ្តើមពាន​រង្វាន់​ស​ម្តេច​ក្រឡា ហោម ស ខេង លើក​ទី​៤ នា​ឆ្នាំ​២០២១​ឱ្យបាន​ធំ​ជាង​នេះ​ជាមួយនឹង​ការបង្កើន​ប្រាក់រង្វាន់​ជូន​ដល់​ម្ចាស់​ជ័យលាភី​ច្រើនជាង​ឆ្នាំនេះ​ផងដែរ​។​
​យោងតាម​របាយការណ៍​របស់​គណៈកម្មការ​ប​ច្ចេកទេស​រៀបចំ​ការប្រកួត បានឱ្យដឹងថា សមា គម​កីឡា​វាយ​កូន​បាល់​ក្រសួងមហាផ្ទៃ មាន​សេចក្តីសោមនស្ស​យ៉ាង​ក្រៃលែង​ដោយ​បានទទួល​ស្វាគមន៍​នូវ​ការផ្តល់​កិត្តិយស​យ៉ាង​ឧត្តុង្គឧត្តម ក្នុងការ​ចូលរួម​លើកទឹកចិត្ត​ដល់​សមាគម​កីឡា​វាយ​កូន​បាល់​ក្រសួងមហាផ្ទៃ ក្នុង​ការរៀបចំ​ការប្រកួត​កីឡា​វាយ​កូន​បាល់​ពានរង្វាន់​សម្តេច​ក្រឡាហោម ស ខេង លើក​ទី​៣ ឆ្នាំ​២០២០ នា​ខណៈ​ពេលនេះ​។ ការចូលរួម​លើកទឹកចិត្ត ឧបត្ថម្ភ​គាំទ្រ គឺជា​ថាមពល​ដ៏​ខ្លាំងក្លា​ដើម្បី​ជំរុញ និង​អភិវឌ្ឍន៍​កីឡា​វាយ​កូន​បាល់​ឱ្យ​កាន់​តែមាន​សន្ទុះ​ជឿនលឿន និង​ខ្លាំងក្លា​បន្ថែមទៀត​។ ជាពិសេស​គឺ​ជួយ​ដាស់​ស្មារតី​ទឹកចិត្ត​កីឡាករ ស្វាហាប់ និង​ប្រកួតប្រជែង​ខ្ពស់ ដើម្បី​ប្រណាំងប្រជែង​ក្នុងការ​ដណ្តើម​យកជ័យ​លា​ភី​ជូន​ជាតិ​មាតុភូមិ​។ ការប្រកួត​នេះ​មាន​កីឡាករ កីឡាការិនី​ចូលរួម​ប្រកួតប្រជែង​មេដាយ​ចំនួន ៨៥​នាក់ ក្នុងនោះ​ខ្មែរ​៣៩​នាក់ និង​កីឡាករ កីឡាការិនី​ចូលរួម​ប្រកួត​តំណាង​ប្រទេស ចំនួន​១០​ប្រទេស​ផ្សេងទៀត ដែល​កីឡាករ​បរទេស គឺជា​អ្នកបម្រើ​ការងារ​នៅក្នុង​ស្រុក​ខ្មែរ​។​

​សូមបញ្ជាក់ថា ចំពោះ​វិញ្ញាសា ដែល​ដាក់ឱ្យ​ប្រកួត​មាន​ចំនួន​៥​វិញ្ញាសា ដែល​កីឡាករ កីឡាការិនី​ជាតិ និង​អន្តរជាតិ​ដណ្តើមបាន​ជ័យលាភី ដូចជា​វិញ្ញាសា​ឯកត្តជន យុវជន យុវនារី​ក្រោម​១៦​ឆ្នាំ ឯកត្តជន​នារី វាយ​គូ​នារី វាយ​គូ​បុរស​-B និង​វិញ្ញាសា​វាយ​គូ​បុរស​-A៕​ដោយ​ហេង ណា​លីន​ សម្រួលផ្សាយដោយ៖ ធូ កុសល