ការប្រកួតជើងឯកថ្នាក់ជាតិតេក្វាន់ដូ WT ជាការត្រៀមខ្លួន ស៊ីហ្គេម ២០២៣

AKP ភ្នំពេញ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០–

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋ មន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានខេមរៈសហព័ន្ធកីឡាតេក្វាន់ដូ WT បានចាត់ទុកថា ការប្រកួតជើងឯកថ្នាក់ជាតិកីឡាតេក្វាន់ដូ WT ឆ្នាំ២០២០នេះ គឺជាការត្រៀមខ្លួន ក្នុងដំណើរឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ នេះជាការលើកឡើងរបស់ឯកឧត្តម នៅក្នុងពិធីបិទការប្រកួតជើងឯកថ្នាក់ជាតិ តេក្វាន់ដូWT ប្រចាំឆ្នាំ២០២០ កាលពីល្ងាចថ្ងៃ២កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃអាទិត្យ ទី១៨ ខែតុលា ឆ្នាំ២០២០ នៅមជ្ឈមណ្ឌលហ្វឺកហាត់កីឡាតេក្វាន់ដូប៊ូយ៉ុង-ខ្មែរ នៃពហុកីឡដ្ឋានជាតិអូឡាំពិក។

ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់បណ្តាក្លិបតេក្វាន់ដូ WTទាំងអស់ដែលបានចូលរួម​ប្រកួតនិងខិតខំប្រកួតប្រជែងដណ្តើមបានម្ចាស់ជ័យលាភីនាពេលនេះដែលកំពុងបញ្ជ្រាបការផ្សព្វផ្សាយដល់យុវជនទូទាំងប្រទេសឱ្យចូលរួមលេងកីឡាដើម្បីសុខភាព ចៀសឆ្ងាយពីគ្រឿងញៀន។

សកម្មភាពរបស់ក្លិបនានារួមទាំងសហព័ន្ធកំពុងបង្កើនគោលដៅឱ្យប្រភេទកីឡាជំនាញមួយនេះ បន្តសក្តានុ​ពល​លើផ្នែកបច្ចេកទេសឱ្យកាន់ តែល្អប្រសើរ ដើម្បីត្រៀមឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ផងដែរ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានអះអាងថា ប្រភេទកីឡាតេក្វាន់ដូ WT នេះ កំពុងត្រៀមបញ្ចូលក្នុងកម្មវិធីសិក្សាឆ្នាំ២០២១ក្នុងគ្រឹះស្ថានសិក្សានិងលើកទឹកចិត្តឱ្យបញ្ចូលក្នុងកម្រិតឧត្តមសិក្សាទៀត ជាពិសេសគឺក្រសួងអប់រំ យុវជន និងកីឡា និងសហព័ន្ធតេក្វាន់ដូនឹងបង្កើតបរិញ្ញាបត្រតេក្វាន់ដូលើកដំបូង នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ដែលត្រូវសិក្សារយៈពេល៤ឆ្នាំ។

សូមបញ្ជាក់ថា ការប្រកួតកីឡាតេក្វាន់ដូ WTជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២០នេះមានកីឡាករ-កីឡាការិនីចំនួន ៩០នាក់ ក្នុងនោះកីឡាការិនីចំនួន៤១នាក់ ចំណែកប្រតិភូចំនួន២៩នាក់ សរុបចំនួន ១១៩នាក់ មកពីក្លិបចំនួន២៩ ដោយមានវិញ្ញាសាចំនួន១៧នោះបែងចែកចេញជា ២ផ្នែកធំៗ គឺវិញ្ញាសាមេគុន និងវិញ្ញាសាប្រយុទ្ធ៕ដោយ៖ហេង ណាលីន សម្រួលផ្សាយដោយ៖ ធូ កុសល