ថ្នាក់ដឹកនាំ​ក្រសួងសុខាភិបាល និង​តំណាង​អង្គការ​សុខភាព​ពិភពលោក​នៅ​កម្ពុជា ចុះជួយ​គាំទ្រ និង​ពិនិត្យ​ស្ថានភាព​ទឹកជំនន់ នៅ​មន្ទីរពេទ្យបង្អែក​ស្រុកថ្ម​ពួក​

AKP បន្ទាយមានជ័យ ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០២០ —

​ឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​ដឹកនាំ​ក្រុមការងារ ដែលមាន​វត្តមាន លោកជំទាវ​វេជ្ជបណ្ឌិត លី អាយ​ឡែ​ន តំណាង​អង្គការ​សុខភាព​ពិភពលោក ប្រចាំ​នៅ​កម្ពុជា និង​មន្ត្រី​សុខាភិបាល​មួយចំនួនទៀត ធ្វើដំណើរ​ចុះទៅពិនិត្យ​ស្ថានភាព​ទឹកជំនន់​ជន់​លិច​មន្ទីរពេទ្យ​ថ្មពួក និង​មូលដ្ឋាន​សុខាភិបាល​មួយចំនួន នៅក្នុង​ខេត្តបន្ទាយមានជ័យ នា​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០២០ ។ នេះ​បើតាម​ការ​ឱ្យដឹងពី​លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល ថ្លែងប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា នៅ​ល្ងាច​ថ្ងៃនេះ​។​

​លោកជំទាវ​បាន​បន្ថែមថា យោងតាម​របាយ​ការ​ណ៌​ពី​លោក​វេជ្ជបណ្ឌិត ឡេ ច័ន្ទ​សង្វាត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តបន្ទាយមានជ័យ បាន​បញ្ជាក់ថា នៅ​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០២០ វេលា​ម៉ោង​ប្រហែល ១៩:២១ នាទី មានទឹក​ហូរ​ធ្លាក់​យ៉ាងគំហុក ពី​ប្រទេស​ថៃ ហើយ​បាន​ជន់​លិច​ឃុំ​មួយចំនួន​របស់​ស្រុក​ថ្មពួក ក្នុងនោះ បានធ្វើឱ្យ​មានការ​ជន់​លិច​មន្ទីរពេទ្យបង្អែក​ថ្មពួក ស្រុក​ប្រតិបត្តិ​ថ្មពួក និង​មណ្ឌល​សុខភាព​គំរូ ដែល​ទីតាំង​ទាំងបី​នេះ ស្ថិតក្នុង​មន្ទីរពេទ្យបង្អែក​ថ្មពួក ដោយ​កម្ពស់​ទឹក​ជន់​លិច ប្រហែល​១​ម៉ែត្រ ហើយ​កន្លែង​ខ្លះ​អាច​លើសពីនេះ​។​

​របាយការណ៍​ក៏បាន​បញ្ជាក់ថា អ្នក​ជម្ងឺ​ចំនួន ១៣​នាក់ ដែល​កំពុង​ព្យាបាល ត្រូវបាន​ជួយសង្គ្រោះ​ជម្លៀស​ដឹកចេញទៅ​កាន់​មន្ទីរពេទ្យបង្អែក​ស្វាយចេក បាន​ទាន់ពេលវេលា ហើយ​ករណី​ជំងឺ​ធ្ងន់ ០១​នាក់ ក៏ត្រូវ​បាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ស្រុក​មង្គល​បូរី រីឯ​អ្នក​ជម្ងឺ​ផ្សេងទៀត​ចំនួន ២៧​នាក់ ដែលមាន​សភាព​ធូរស្បើយ​ខ្លះ បាន​សុំ​ចេញ ទៅផ្ទះ ខ្លះទៀត​ត្រូវបាន​នាំយក​ចេញទៅ​សម្រាក​នៅផ្ទះ​បងប្អូន​នៅ​ជិត​មន្ទីរពេទ្យ​ដែល​មិន​លិច​ទឹក​។​

​ជំនន់​នេះ​ក៏បាន​បំផ្លិចបំផ្លាញ សម្ភារ​-​បរិក្ខា​ពេទ្យ​សំខាន់ៗ ដូចជា ម៉ាស៊ីន​អេកូ​សាស្ត្រ ឱសថ និង​បរិក្ខា​ពេទ្យ​សំខាន់ៗ​មួយចំនួន តាម​ការពិនិត្យ​ជាបឋម ទំហំ​នៃ​ការខូចខាត​មន្ទីរពេទ្យ​បង្អែក​ថ្មពួក​នេះ គឺអាច​លើសពី ៧០%​។ រីឯ​បុគ្គលិក និង​ក្រុមគ្រូពេទ្យ​មួយចំនួនធំ​ដែល​បម្រើការ​នៅក្នុង​មន្ទីរពេទ្យបង្អែក​ថ្ម​ពូក ក៏ត្រូវ​រង​នូវ​ទឹក​ជន់​លិចលង់​ផ្ទះសម្បែង​របស់​ពួកគាត់​ដែរ​។​

​ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន ឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​សម្ដែង​នូវ​ការសោកស្តាយ​ចំពោះ​គ្រោះទឹកជំនន់​នេះ ហើយ​បាន​ណែនាំ​មន្ទីរ​សុខាភិបាល​ខេត្ត ចាត់ចែង​បន្ត ឱ្យមាន​ក្រុមគ្រូពេទ្យ​ចល័ត និង​ប្រចាំការ បន្ត​ការយកចិត្តទុកដាក់​ផ្តល់​សេវា​សុខភាព​ជូន​បងប្អូន​ប្រជាពលរដ្ឋ និង​ណែនាំ​ឱ្យ​រៀបចំ​ផែនការ​សម្រាប់​រៀបចំឡើង​វិញ​នូវ​ការខូចខាត​ទាំង​ប៉ុន្មាន ក្រោយពេល​ទឹក​ស្រក​ទៅវិញ ។ ឯកឧត្តម​រដ្ឋមន្ត្រី ក៏បាន​អំពាវនាវ​ឱ្យ​បងប្អូន​ប្រជា​ល​រដ្ឋ មានការ​ប្រុងប្រយ័ត្ន រក្សា​អនាម័យ​ដៃ និង​ខ្លួនប្រាណ ឱ្យបាន​ជាប់​ជាប្រចាំ អនាម័យ​ចំណីអាហារ ពិសេស​ត្រូវ​ប្រេ​ី​ប្រាស់​ទឹកស្អាត ពិសា​ទឹក​ដាំ​ពុះ ដើម្បី​ចៀសវាង​ជំងឺ​រាករូស រាក​មួល ឬ​ពុល​ចំណីអាហារ ត្រូវ​ប្រយ័ត្ន​ពស់​ចឹក និង​សត្វ​អ​សិរ​ពិស​ទិច ឬ​ខាំ ការពារ​កូនចៅ​ក្រែង​លង់ទឹក និង​ការពារ​ជំងឺឆ្លង ដូចជា​គ្រុន​ផ្តាសាយធំ គ្រុន​ឈី​ក គ្រុនឈាម គ្រុនចាញ់ ជំងឺ​រលាក​ផ្លូវដង្ហើម ជំងឺ​កូ​វីដ​-១៩ ជំងឺ​រលាក​បំពង់ក កមរមាស់​ជាដើម​៕ ដោយ​៖ ផែន រតនៈ​