ឯកឧត្តម មាស សុភា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះ​មូលដ្ឋានខេត្តព្រះវិហារ​ដឹកនាំ​ក្រុមការ​ងារចុះពិនិត្យជាក់ស្តែងដល់ទីតាំងទឹកជំនន់ជន់លិចក្នុងស្រុកជ័យសែន

AKP ព្រះវិហារ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០

ឯកឧត្តម មាស សុភា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ និងឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ បានដឹកនាំក្រុមការងារចុះពិនិត្យ​ជាក់ស្តែង​ដល់ទីតាំងមួយចំនួនក្នុងស្រុកជ័យសែន ដែលកំពុងប្រឈមនឹងបញ្ហាទឹកជំនន់ទឹកភ្លៀងជន់​លិច​ផ្ទះ​សម្បែងរបស់បងប្អូនប្រជាពលរដ្ឋ ដើម្បីរកមធ្យោបាយធ្វើការអន្តរាគមន៍ ជួយសង្រ្គោះ​ឱ្យទាន់ពេលវេលា។ ការចុះពិនិត្យនេះ ធ្វើឡើង កាលពីថ្ងៃទី១៧ ខែតុលា ​ឆ្នាំ២០២០ ដោយ​សារតែ​ស្ថានភាពទឹកដងស្ទឹងសែន ក្នុងខេត្តព្រះវិហារ នៅតែបន្តហក់ឡើងខ្លាំងលើសកម្រិត​ប្រកាសអាសន្ន។

បើតាមការបញ្ជាក់ឱ្យដឹងពីលោក ចាប កុយ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត​ព្រះវិហារបានគូសបញ្ជាក់ថា កម្ពស់ទឹកដងស្ទឹងសែនបានឡើងដល់១២,៣៨ម៉ែត្រ គិតត្រឹម​ម៉ោង​១១៖០០នាទី បើប្រៀបធៀបថ្ងៃម្សិលមិញ គឺទឹកមានកម្ពស់១១,៩៤ម៉ែត្រ លើសកម្រិត​ត្រូវ​ប្រកាសអាសន្នគឺទឹកមានកម្ពស់ត្រឹមតែ ១១,៥០ម៉ែត្រ។

លោក រស់ ហេង អភិបាលស្រុកជ័យសែន ខេត្ដព្រះវិហារបានថ្លែងថា ស្ថានភាពទឹក​ក្នុង​ស្រុកជយ័សែនថ្ងៃនេះមានការហក់ឡើង ប៉ុន្តែមិនទាន់ប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋនោះទេ។ លោកអភិបាលស្រុកបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ​គ្រប់លំ​ដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់ខ្ពស់ចំពោះបញ្ហាទឹកជំនន់ក្នុងស្រុកជយ័សែន ហើយ​លោក​ក៏បានថ្លែងនូវការអរគុណផងដែរដល់លោក កង សៅគុណ មេបញ្ជាការកងរាជអាវុធ​ហត្ថខេត្ត​​ និងជាប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយស្រុក ដែលបានផ្តល់កាណូត​មួយគ្រឿង​ទុកចម្លងប្រជាពលរដ្ឋដោយមិនយកលុយ ។

ឯកឧត្តម មាស សុភា បានអំពាវនាវដល់អាជ្ញាធរដែនដី និងសមត្ថកិច្ចនៅតាមមូលដ្ឋាន ត្រូវតាមដានឃ្លាំមើលស្ថានភាពទឹកនៅតាមតំបន់របស់ខ្លួន គ្រប់ពេលវេលា និង រាយការណ៍​ឱ្យបានឆាប់បំផុត ពិសេសត្រូវផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងសែន​ឱ្យមានការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈបង្ការទុកជាមុន កុំឱ្យមានការបាត់បង់ខូចខាត​ទ្រព្យ សម្បត្តិ និងរងគ្រោះថ្នាក់ផ្សេងៗទៀតដោយទឹកជំនន់នេះ៕

ដោយ ទិត ស្រ៊