សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយ ជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន ៣ ៣៨៤ គ្រួសារ ក្នុងខណ្ឌដង្កោ

AKP ភ្នំពេញ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះ​សំណាលសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅតាម​ស្ទឹង​ព្រែកត្នោតចំនួន ៣ ៣៨៤ គ្រួសារ រស់នៅក្នុងសង្កាត់ចំនួន៩ ក្នុងខណ្ឌដង្កោ រាជធានី​ភ្នំពេញ។ នេះបើយោងតាមកាកបាទក្រហមកម្ពុជា។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសម្តែងនូវមនោសញ្ចេតនា​អាណិតអា​សូរ​ចែករំលែកនូវការលំបាក និងចូលរួមសោកស្តាយយ៉ាងក្រៃលែងជាមួយបងប្អូនប្រជា​ពល​រដ្ឋ​ទាំងអស់ដែលបានទទួលរងគ្រោះដោយទឹកជំនន់ ដែលជាគ្រោះធម្មជាតិមិនអាចស្មាន​បាន។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានគូសបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចផ្ទាល់ រួមជា​មួយថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា តែងតែនៅរួមសុខរួមទុក្ខជាមួយបងប្អូនប្រជាពល​រដ្ឋនៅគ្រប់កាលៈទេសៈទាំងអស់។ ទន្ទឹមនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតក៏បានថ្លែងនូវការកោត​សរសើរ និងអំណរគុណចំពោះមន្ត្រីរាជការ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងគ្រប់ប្រភេទ និងក្រុមយុវជនស្ម័គ្រចិត្ត ដែលបានចេញប្រតិបត្តិការព្រមៗគ្នាជួយសង្គ្រោះប្រជាពលរដ្ឋ​ទៅ​កាន់ទីទួលសុវត្ថិភាព និងបម្រើប្រជាពលរដ្ឋដោយស្មោះ។ ជាមួយគ្នានេះដែរ សម្ដេចកិត្ដិ​ព្រឹទ្ធបណ្ឌិតក៏មួយគ្នានេះដែរ សម្ដេចកិត្ដិ្រើីសូមថ្លែងអំណរគុណចំពោះសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលបានបរិច្ចាគធន​ធាន​​ដោយស្ម័គ្រចិត្តជាបន្តបន្ទាប់ ដើម្បីរួមចំណែកជួយសម្រាលការលំបាកដល់បងប្អូន​ប្រជា​ពលរដ្ឋរងគ្រោះ ដែលនេះបានបង្ហាញពីកម្លាំងសាមគ្គីគ្នា «ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្ត​ល្អ​​ក្នុង​គ្រាមានអាសន្ន ខ្មែរជួយខ្មែរ ខ្មែរកាន់តែរឹងមាំ»។

សូមបញ្ជាក់ថា អំណោយរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលទទួលបានពី​សប្បុរស​ជន បានផ្តល់ជូនគ្រួសាររងគ្រោះនីមួយៗ រួមមាន អង្ករ ២៥គីឡូក្រាម មី ១កេស ទឹកត្រី ៣ដប ទឹកស៊ីអ៊ីវ ៣ដប ទឹកសុទ្ធ ១កេស ឃីត(មុង ភួយ ខ្នើយ កន្ទេល) ១ឃីត និងថវិកា ៥ម៉ឺនរៀល។ បន្ថែមពីនេះ គ្រួសាររងគ្រោះទាំងអស់នៅបានទទួលអំណោយពីកាកបាទ​ក្រហម​កម្ពុជា ទទួលបានក្នុងគ្រួសារនីមួយៗ រួមមាន មី ១កេស ត្រីខ ១០កំប៉ុង និងទឹកសុទ្ធ ១កេស។ សម្រាប់ខណ្ឌដង្កោនេះ គឺមានភូមិចំនួន៤២ សង្កាត់ចំនួន១១ និងផ្ទះចំនួន ៤ ៩៦៥​ខ្នង បានជន់លិច និងមានពលរដ្ឋចំនួន ៥ ៥៨៧ គ្រួសារ (ស្មើនឹង២៣.៥២០នាក់) បានរង​គ្រោះ​ដោយសារទឹកជំនន់តាមស្ទឹងព្រែកត្នោតនេះ។ ក្នុងចំណោមពលរដ្ឋរងគ្រោះទាំង ៥ ៥៨៧ គ្រួសារនេះ មានពលរដ្ឋរងគ្រោះ ២ ២០៣ គ្រួសារ រស់នៅសង្កាត់ចំនួន២ គឺសង្កាត់​ព្រែកកំពឹស និងសង្កាត់រលួស បានទទួលអំណោយកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០។ បើសរុបទាំងអំណោយក្នុងថ្ងៃនេះ គឺពលរដ្ឋរងគ្រោះទាំង ៥ ៥៨៧គ្រួសារ បានទទួល​អំណោយ​គ្រប់គ្នាៗគ្នារួចហើយ៕

ដោយ រិទ្ធី