លោកជំទាវ ឱ វណ្ណឌីន ៖ ការព្យាបាលជំងឺទឹកនោមផ្អែម ដោយមិនត្រឹមត្រូវតាមក្បួនវេជ្ជសាស្ត្រ អាចមានគ្រោះថ្នាក់ដល់ជីវិត

AKP ភ្នំពេញ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ —

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានឱ្យដឹងនៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ នេះថា ការព្យាបាលជំងឺទឹកនោមផ្អែម គឺតម្រូវឱ្យមានការពិនិត្យព្យាបាលតាមបច្ចេកទេសវេជ្ជសាស្ត្រដោយគ្រូពេទ្យដែលមានការបណ្តុះបណ្តាលត្រឹមត្រូវ ទើបអាចព្យាបាលជាសះស្បើយ និងពុំមានហានិភ័យចំពោះសុខភាព។

លោកជំទាវ បានសង្កត់ធ្ងន់ថា ៖ «ការទិញថ្នាំមកព្យាបាលខ្លួនឯង និងមានគ្រោះថ្នាក់ដល់អាយុជីវិត។ ដោយឡែកចំពោះការផ្សព្វផ្សាយតាមអនឡាញបែបអនាធិបតេយ្យ និងមិនមានច្បាប់ត្រឹមត្រូវ ក្រសួងសុខាភិបាល បាននិងកំពុងចាត់វិធានការស្រាវជ្រាវរួចហើយដែរ ដោយមានការផាកពិន័យ និងបិទបានមួយចំនួនរួចហើយ»។

ក្នុងឱកាសនោះ ក្នុងនាមក្រសួងសុខាភិបាល លោកជំទាវក៏បានអំពាវនាវ ចំនួន ០៥ចំណុច ចំពោះអ្នកជំងឺទឹកនោមផ្អែមថា

ទី១ រាល់បុគ្គលដែលមានបញ្ហាសុខភាព សូមកុំទិញថ្នាំប្រើប្រាស់ដោយខ្លួនឯង ហេីយត្រូវទៅស្វែងរកការពិនិត្យព្យាបាលពីគ្រូពេទ្យជំនាញត្រឹមត្រូវ

ទី២ រាល់ជនដែលផ្សាយលក់តាមអនឡាញនូវឱសថ ឬបរិក្ខាពេទ្យ គ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល ត្រូវតែបញ្ឈប់ជាបន្ទាន់ ក្នុងនោះក្រសួងសុខាភិបាល នឹងចាត់ការតាមផ្លូវច្បាប់ជាធរមាន ផងដែរ។ ត្រូវគោរពច្បាប់គ្រប់គ្រងឱសថ ដែលមានជាធរមាន ដែលគ្រប់មុខឱសថ ត្រូវតែចុះបញ្ជិកានៅក្រសួងសុខាភិបាល ហេីយការផ្សព្វផ្សាយឱសថតាមរូបភាពណាក៏ដោយ ក៏ត្រូវតែមានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាលដែរ។

ទី៣ ការផ្សព្វផ្សាយលក់តាមអនឡាញនេះ តម្រូវឱ្យមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋ គឺសូមកុំជឿតាមការឃោសនា ឬការផ្សាយ ឱសថ នេះឱ្យសោះ ហេីយចូលរួមរាយការណ៏ជូនក្រសួងសុខាភិបាល នូវភាពមិនប្រក្រតីទាំងឡាយ ជាមួយនឹងប្រភពច្បាស់លាស់ ដេីម្បីជាមូលដ្ឋាននៃការស្រាវជ្រាវ និងចាត់វិធានការបានទាន់ពេល។ បេីប្រជាពលរដ្ឋមិនជឿ និងមិនទិញ គឺមិនបារម្ភដល់ហានិភ័យសុខភាព ហេីយអ្នកលក់ក៏លក់មិនដាច់ យូរៗទៅឈប់ឯងហេីយ។

ទី៤ សូមអាជ្ញាធរមានសមត្ថកិច្ច ជួយចាត់ការតាមផ្លូវច្បាប់ផងដែរ។ ប្រព័ន្ធបច្ចេកវិទ្យាកាន់តែទំនេីប ធ្វើឱ្យការតាមរកប្រភពពិបាកណាស់ ដូច្នេះទាល់តែមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ហេីយនៅស្រុកគេ ក៏មានការពិបាកតាមរកដូចគ្នាដែរ។ ដូច្នេះ សំខាន់គឺការចូលរួមពីបុគ្គលម្នាក់ៗ កុំជឿ និងកុំទិញ ។

គួររម្លឹកថា នៅលើបណ្តាញសង្គមហ្វេសប៊ុក មួយរយៈចុងក្រោយនេះ មានការផ្សព្វផ្សាយលក់ថ្នាំពេទ្យ ក៏ដូចជាវិធីព្យាបាលបែបបុរាណមួយចំនួន ក្នុងនោះក៏មានលក់ថ្នាំព្យាបាលជំងឺទឹកនោមផ្អែមផងដែរ ដែលពុំមានលក្ខណៈវេជ្ជសាស្រ្តទាល់តែសោះ៕

ដោយ ផែន រតនៈ