អភិបាលខេត្តឧត្តរមានជ័យ អំពាវនាវដល់អាណាព្យាលគ្រប់រូប ត្រូវបង្កលក្ខណៈងាយស្រួល ដល់​កូន​​ឱ្យខិតខំរៀនសូត្រ ដើម្បីរៀនក្លាយខ្លួនជាសិស្សពូកែ

AKP ឧត្តរមានជ័យ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០–

ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យបានអំពាវនាវដល់អាណាព្យាល មាតា​បិតា​គ្រប់រូប ត្រូវបង្កលក្ខណៈងាយស្រួលក្នុងការចូលរួមចំណែកចំពោះការសិក្សារបស់កូនៗ​ប្រុសស្រីឱ្យខិតខំរៀនសូត្រ ដើម្បីរៀនក្លាយខ្លួនជាសិស្សពូកែ ព្រោះប្អូនៗជាទំពាំងស្នងឬស្សី​សម្រាប់​​ទៅអនាគតរបស់ប្រទេសជាតិ។ ការអំពាវនាវនេះ ធ្វើឡើងក្នុងពិធីជួបសំណេះ​សំណាល និងផ្តល់រង្វាន់លើកទឹកចិត្តដល់ជ័យលាភីសិស្សពូកែថ្នាក់ខេត្ត ផ្នែកអក្សរសិល្ប៍ខ្មែរ ផ្នែកគណិតវិទ្យា ផ្នែករូបវិទ្យាថ្នាក់ទី៩ និងថ្នាក់ទី១២ ប្រចាំឆ្នាំ២០២០ កាលពីថ្ងៃសុក្រ ១៤រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនិងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ នៅសាល​ប្រជុំសាលា​ខេត្តឧត្តរមានជ័យ ។

ឯកឧត្តម ប៉ែន កុសល្យ បានលើកឡើងថា លោកគ្រូ អ្នកគ្រូ ឪពុក ម្តាយ គឺជាក្តី​សង្ឃឹម​តែមួយគត់ក្នុងការជួយណែនាំ ​និងជំរុញដល់ការសិក្សារបស់កូនៗឱ្យទទួលបានលទ្ធផលល្អ។ ដូច្នេះសូមអាណាព្យាបាលក៏ជាលោកគ្រូ អ្នកគ្រូ គ្រប់រូបចូលរួមចំណែកលើកទឹកចិត្តដល់កូន តាមរយៈសកម្មភាពនានាការបង្ហាត់បង្រៀន ដើម្បីឱ្យកូនៗបានក្លាយខ្លួនជាសិស្សពូកែ ប្រចាំ​សាលា ប្រចាំខេត្តរបស់យើង។ ឯកឧត្តមអភិបាលខេត្ដ ក៏បានជំរុញដល់សិស្សានុ​សិស្ស​ដែល​ទទួលបានជ័យលាភីនៅពេលនេះ ត្រូវខិតខំសិក្សាមុខវិជ្ជាផ្សេងៗទៀត ដើម្បីពង្រឹងសមត្ថភាព​យើងឱ្យកាន់តែពូកែទាំងនៅក្នុងថ្នាក់​ ទាំងនៅក្នុងសាលារបស់ខេត្តយើង ជាពិសេស​ឯកឧត្តម​ក៏នឹងរៀបចំរង្វាន់លើកទឹក​ចិត្តសម្រាប់អ្នក​ជាប់និទ្ទេស A ផងដែរ។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ស្របពេលនឹងការប្រឡងសញ្ញាបត្រទុតិយភូមិ (បាក់ឌុប) ជិតចូលមកដល់ ឯកឧត្តម ក៏បានអំពាវនាវឱ្យម្ចាស់ផ្ទះសំណាក់ ​ឬសណ្ឋាគារនៅ​ក្នុងខេត្ត កុំដំឡើងថ្លៃឈ្នួល៕

ដោយ ទិត ស្រ៊