ឯកឧត្តម គួច ចំរើន នាំយកអំ ណោយមនុស្សធម៌សាខាកាកបាទក្រហមខេត្ត ចែកជូនប្រជាពលរដ្ឋ ១០៥គ្រួសារ ខេត្តព្រះសីហនុ

AKP ភ្នំពេញ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០–
ឯកឧត្តមគួច ចំរើន ប្រធានគណៈ កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ នាំយកអំំ ណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយជនន់ទឹកភ្លៀងនៅសង្កាត់លេខ១ ក្រុងព្រះ សីហនុ មានចំនួន ១០៥គ្រួសារ នៅទីស្នាក់ការភូមិ១ ស្ថិតនៅសង្កាត់១ ក្រុង ខេត្តព្រះសីហនុ ដោយមានការចូលរួមពីឯកឧត្តមអ្នកតំណាងរាស្ត្រ លោកឧកញ៉ា លោកជំទាវ លោកស្រីអភិបាលរងខេត្ត និងសមាជិក សមាជិកាសាខាកាកបាទក្រហមខេត្ត នៅព្រឹកថ្ងៃសៅរ៍ ១កើត ខែកក្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០។

លោក អ៉ី សុខឡេង អភិបាលក្រុងព្រះសីហនុ បានឱ្យដឹងថា ប្រជាពលរដ្ឋនៅក្រុមទី១០ និងក្រុម១១ នៃភូមិ១ សង្កាត់លេខ១ ក្រុងព្រះ សីហនុ ចំនួន ១០៥គ្រួសារ រង ផលប៉ះពាល់ដោយសារជំនន់ទឹក
ភ្លៀង ។ ដោយឡែកប្រជាពលរដ្ឋ ៣សង្កាត់ផ្សេងទៀត មិនរងផលប៉ះពាល់នោះទេ គឺគ្រាន់តែលិចរយៈពេលតែជាងមួយម៉ោង ទឹកនិងហូស្រកវិញជាធម្មតា ។
ឯកឧត្តម គួច ចំរើន ប្រធានគណៈ កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានពាំនាំការផ្តាំផ្ញើពីសម្ដេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែចាប់អារម្មណ៍អំពីស្ថានភាព សុខទុក និងកង្វល់របស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស និងថ្លែងអំណគុណលោកឧកញ៉ា លោកជំទាវ អស់ លោក លោកស្រីដែលបានចូលរួមបរិច្ចាគជាគ្រឿងឧបភោគ បរិភោគ និងថវិកាដល់សាខាកាកបាទក្រ ហមកម្ពុជាខេត្ត ក៏ដូចជារដ្ឋបាលខេត្តក្នុងការជួយសង្គ្រោះប្រជាពល រដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងក៍ដូចជាគ្រោះធម្មជាតិផ្សេងៗ ។
ក្នុងឱកាសនោះឯកឧត្តមអភិបាល ខេត្ត ក៏បានថ្លែងអំណរគុណសម្ដេច តេជោ និងសម្តេចកិត្តិព្រិទ្ធបណ្ឌិត បានផ្ដល់ថវិកាចំនួន ៥ម៉ឺនដុល្លា មករដ្ឋបាលខេត្តព្រះសីហនុ ដើម្បីធ្វើការជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះក្នុងខេត្តព្រះសីហនុ ។
ឯកឧត្តម អភិបាលខេត្ត ក៏ធ្វើការសំណូមពរប្រជាពលរដ្ឋមានការ យោគយល់ ពិសេសប្រជាពលរដ្ឋក្រុម១០ និង១១ ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ព្រោះតំបន់នេះជាតំបន់ទំនាប ម្យ៉ាងទៀតនៅពេលក្រុមហ៊ុនបិទទ្វាទឹក នឹងអាចលិចលង់តំបន់មួយចំនួនតូច ក៍ប៉ុន្តែបើក្រុមហ៊ុនមិនបិទ វាធ្វើឱ្យប៉ះពាល់ប្រជាពលរដ្ឋក្រុងព្រះសីហនុ ស្រុកព្រៃនប់ និងស្រុកស្ទឹងហាវ ព្រោះទំនប់នេះ វាជាប្រ ភពទឹកស្អាតសម្រាប់ប្រើប្រាស់របស់ប្រជាពលរដ្ឋ ។ កន្លងមករដ្ឋ បាលខេត្ត ជាពិសេសឯកឧត្តម សាយ សំអាល់ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះសីហនុ បានយកចិត្តទុកដាក់ឱ្យក្រុមហ៊ុនចំនួនពីរ ទី១ កងវិស្វកម្មសម្ដេចតេ ជោ និងក្រុមហ៊ុនឯករាជ្យ សិក្សាដាក់លូបង្វែទឹកកខ្វក់ទៅកាន់ស្រុកស្ទឹងហាវ ដែលមានប្រវែង ១៦គីឡូ ម៉ែត្រ និងជំរើសទី២ ដាក់លូបង្វែទឹកកខ្វក់ទៅកាន់ចំណោតអូរត្រាវមានប្រវែង ៤,២០០ម៉ែត្រ ក៍ប៉ុន្តែគម្រោងទាំងពីរកំពុងសិក្សា និងបញ្ចប់នៅពេលខាងមុខ ។
អំណោយសាខាកាកបាទក្រហមខេត្ត ចែកជូនគ្រួសាររងគ្រោះដោយជំនន់ទឹកភ្លៀងនៅសង្កាត់១ ចំនួន ១០៥គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១យួរ ទឹកស៊ីអីវ ១យួរ សាប៊ូ Protex ១ដុំ ឃីតមួយកញ្ចប់ (ភួយ១ មុង១ ក្រមា១ សារុង១) និងថវិកា ១៨ម៉ឺនរៀល (ក្នុងនោះថវិកាសាខា ៥ម៉ីនរៀល ថវិកាអ្នកតំណាងរាស្ត្រ ៥ម៉ីនរៀល និងថវិកាឧកញ៉ា អ៊ូ ឆាយ ៨ម៉ីនរៀល) ៕

ដោយ ងូ សុមុន