មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន ចង់ឱ្យយុវជនយល់ដឹងពីសារៈសំខាន់របស់សត្វស្លាបនៅកម្ពុជា និងចូលរួមការពារសត្វស្លាបទាំងអស់គ្នា

AKP ខេត្តសៀមរាប ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០-

ដើម្បីជាការអភិរក្ស និងបង្ហាញពីសក្តានុពលនៃសត្វស្លាបនៅកម្ពុជា ក្រសួងបរិស្ថានសហការណ៍ជាមួយរដ្ឋបាលខេត្តសៀមរាបបានរៀបចំពិព័រណ៍សត្វស្លាបកម្ពុជា លើកទី២ក្រោមប្រធានបទ«ការមើលសត្វស្លាបផ្សារភ្ជាប់ជាមួយទេសចរណ៍ធម្មជាតិរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៧ដល់១៨ខែតុលាឆ្នាំ២០២០ ដើម្បីផ្សព្វផ្សាយដល់យុវជនឱ្យយល់ដឹងពីសារៈសំខាន់របស់សត្វស្លាបនៅកម្ពុជា។

ឯកឧត្តម ជួប ប៉ារីស៍ អគ្គនាយកចំណេះដឹង និងព័ត៌មានបរិស្ថាន នៃក្រសួងបរិស្ថានបានថ្លែងថា ការរៀបចំពិព័រណ៍សត្វស្លាបកម្ពុជា នៅក្នុងខេត្តសៀមរាបនាពេលនេះ ដើម្បីផ្សព្វ ផ្សាយដល់យុវជនជំនាន់ក្រោយឱ្យបានស្គាល់ពីប្រភេទសត្វកម្រៗ ជាច្រើនប្រភេទដែលបណ្តាប្រទេសផ្សេងៗមិនមានដូចកម្ពុជា និងដើម្បីបំផុសគំនិតដល់ពួកគាត់ឱ្យចេះស្រឡាញ់ ថែរក្សា និងការពារព្រៃឈើដែលជាជម្រករបស់សត្វគ្រប់ប្រភេទផងដែរ។

ឯកឧត្តមបានបញ្ជាក់ថា បច្ចុប្បនេះកម្ពុជា ជាប្រទេសមួយដែលមានសត្វស្លាបសម្បូណ៌បែប ហើយបក្សីខ្លះនៅប្រទេសគេអត់មានទេ ដូចជា ទាស្លាបស ត្រកៀលទ្រូងលឿង ក្ងោកពណ៌ប្រាក់ សុទ្ធតែជាសត្វដែលនៅតែនៅកម្ពុជាយើង ហើយប្រទេសគេមួយចំនួនអត់មាន។ដូចនេះឯកឧត្តមចង់ឱ្យយុវជនកម្ពុជាសិក្សាឈ្វេងយល់ពីសារៈសំខាន់របស់សត្វស្លាបនៅកម្ពុជា និងចង់ឱ្យពួកគាត់ជួយផ្សាយផ្សាយឱ្យប្រជាពលរដ្ឋមួយចំនួនដែលតែងតែកាប់បំផ្លាញព្រៃឈើផ្លាស់ប្តូរគំនិតរបស់គាត់ មកថែទាំព្រៃឈើជាជម្រករបស់សត្វផង របស់មនុស្សផង និងសម្រាប់បម្រើរឱ្យវិស័យទេសចរណ៍ផងដែរ។

លោក ង៉ាន់ ភិរុន អភិបាលរងខេត្តសៀមរាបបានថ្លែងគាំទ្រ ចំពោះការផ្សព្វផ្សាយពិព័រណ៍សត្វស្លាបនៅកម្ពុជានៅពេលនេះ ជាការរួមចំណែកកាត់បន្ថយការបរបាញ់ ឬសម្លាប់សត្វគ្រប់ប្រភេទយកមកបរិភោគ និងត្រូវផ្តល់សេចក្តីស្រឡាញ់ចំពោះសត្វ ដើម្បីជាផលប្រយោជន៍ដល់វិស័យទេសចរណ៍។ លោកបន្តថា បន្ថែមពីនេះស្ថាប័នពាក់ព័ន្ធត្រូវខិតខំកៀរគរថវិការពីអង្គការដៃគូនានា ដើម្បីមកអភិរក្សសត្វនៅក្នុងប្រទេសកម្ពុជា។

សូមបញ្ជាក់ថា ក្រសួងបរិស្ថានបានរៀបចំតាំងបង្ហាញរូបភាពសត្វស្លាបដ៏កម្រនៅពេលនេះមានចំនួន២១ប្រភេទ និងបានឱ្យកុមារដែលចូលរួមក្នុងពិព័រណ៍ចូលរួមគូសរូបសត្វស្លាបផ្សេងៗនិងមានបង្ហាញពីសារៈសំខាន់របស់សត្វស្លាបយ៉ាងក្បោះក្បាយពីអ្នកជំនាញសត្វស្លាបកម្ពុជាផងដែរ៕


ដោយ៖ ឃុត សៅ
សម្រួលផ្សាយដោយ៖ Micheal