ឯកឧត្តម គួច ចំរើន ចុះ​ពិនិត្យ​លំហូរ​ទឹក​ក្នុង​សង្កាត់​លេខ​៤​ខេត្ត​ព្រះសីហនុ​

AKP ព្រះសីហនុ ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០២០
​ឯកឧត្តម គួច ចំរើន អភិបាល​នៃ គណៈ​អភិបាលខេត្ត​ព្រះសីហនុ បាន​ដឹកនាំ​មន្ត្រី​ជំនាញ អាជ្ញាធរ​ក្រុងព្រះសីហនុ និង​សមត្ថកិច្ច ចុះ​ពិនិត្យមើល​លំហូរ​ទឹក​នៅតាម​អូរ ប្រឡាយ មួយចំនួន​នៅក្នុង​សង្កាត់ លេខ​៤ ក្រុង ខេត្ត​ព្រះសីហនុ កាលពី​ចុង​សប្ដាហ៍​កន្លងទៅនេះ ។​

​ឯកឧត្ដម គួច ចំរើន បាន​ដឹកនាំ​បញ្ជា​គ្រឿងចក្រ​កាយ ស្ថា​រ​ប្រឡាយ​នៅ​ស្ថានីយ​ច្រោះ សម្អាត​ទឹក​កាកសំណល់ ស្ថិតនៅ​សង្កាត់​លេខ​៤ ឱ្យបាន​ធំ​ទូលាយ ដើម្បី​រំដោះ​ជំនន់​ទឹកភ្លៀង​នៅតាម​តំបន់​ទំនាប​មួយចំនួន​ក្នុង​សង្កាត់​លេខ​៤ កុំឱ្យ​លិចលង់​ផ្ទះសម្បែង​របស់​បងប្អូន​ប្រជាពលរដ្ឋ​។

​ឯកឧត្តម​អភិបាលខេត្ត​ក៏បាន​ក្រើនរម្លឹក​ដល់​អាជ្ញាធរ​សង្កាត់ និង​ក្រុង ត្រូវ​បន្ត​យកចិត្តទុកដាក់​តាមដាន​ត្រួតពិនិត្យ​អំពី​ស្ថានភាព អាកាសធាតុ​ជាប់​ជាប្រចាំ នៅពេល​មាន​ជំនន់​ទឹកភ្លៀង​កើតឡើង យើង​ជួយ​ប្រជាពលរដ្ឋ​បាន​ទាន់ពេលវេលា​។ ជាមួយគ្នានេះដែរ ឯកឧត្ដម​ក៏បាន​ណែនាំ​ដល់​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់​ត្រៀមកម្លាំង​សរុប ដើម្បី​ចូលរួម​ជួយសង្គ្រោះ​បងប្អូន​ប្រជាពលរដ្ឋ រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង មកកាន់​ទីទួល​សុវត្ថិភាព​បាន​ទាន់ពេលវេលា​ប្រកបដោយ​សុវត្ថិភាព​៕ ដោយ​៖ ងូ សុ​មុនី​