ឯកឧត្តម គួច ចំរើន ចុះពិនិត្យលំហូរទឹកក្នុងសង្កាត់លេខ៤ ខេត្តព្រះសីហនុ

AKP ព្រះសីហនុ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០–

ឯកឧត្តម គួច ចំរើន អភិបាលនៃ គណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញ អាជ្ញាធរក្រុងព្រះសីហនុ និងសមត្ថកិច្ច ចុះពិនិត្យមើលលំហូរទឹកនៅតាមអូរ ប្រឡាយ មួយ​ចំនួននៅក្នុងសង្កាត់ លេខ៤ ក្រុង ខេត្តព្រះសីហនុ កាលពីចុងសប្ដាហ៍កន្លងទៅនេះ ។

ឯកឧត្ដម គួច ចំរើន បានដឹកនាំបញ្ជាគ្រឿងចក្រកាយ ស្ថារប្រឡាយនៅស្ថានីយច្រោះ សម្អាតទឹកកាកសំណល់ ស្ថិតនៅសង្កាត់លេខ៤ ឱ្យបានធំទូលាយ ដើម្បីរំដោះជំនន់ទឹកភ្លៀង​នៅតាមតំបន់ទំនាបមួយចំនួនក្នុងសង្កាត់លេខ៤ កុំឱ្យលិចលង់ផ្ទះសម្បែងរបស់បងប្អូន​ប្រជា​ពលរដ្ឋ។

ឯកឧត្តមអភិបាលខេត្តក៏បានក្រើនរម្លឹកដល់អាជ្ញាធរសង្កាត់ និងក្រុង ត្រូវបន្តយក​ចិត្ត​ទុកដាក់តាមដានត្រួតពិនិត្យអំពីស្ថានភាព អាកាសធាតុជាប់ជាប្រចាំ នៅពេលមាន​ជំនន់ទឹក​ភ្លៀងកើតឡើង យើងជួយប្រជាពលរដ្ឋបានទាន់ពេលវេលា។ ជាមួយគ្នានេះដែរ ឯកឧត្ដមក៏​បានណែនាំដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ត្រៀមកម្លាំងសរុប ដើម្បីចូលរួមជួយសង្គ្រោះ​បងប្អូនប្រជាពលរដ្ឋ រងគ្រោះដោយជំនន់ទឹកភ្លៀង មកកាន់ទីទួលសុវត្ថិភាពបានទាន់ពេល​វេលាប្រកបដោយសុវត្ថិភាព៕


ដោយ ងូ សុមុនី
សម្រួលផ្សាយដោយ៖ កន ចំណាន