កម្ពស់ទឹកស្ទឹងព្រែកត្នោតនៅព្រឹកថ្ងៃនេះបន្តស្រកចុះ ០,២៤ ម៉ែត្រ បើធៀបនឹងល្ងាចថ្ងៃម្សិលមិញ

AKP ភ្នំពេញ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០—

នៅលើផេកផ្លូវការរបស់ក្រសួងធនធានទឹក និងឧតុនិយមបានឱ្យដឹងថា ស្ថានភាពកម្ពស់ទឹកស្ទឹងព្រែកត្នោត នៅសំណង់ទ្វារទឹកទំនប់អាង៧មករា នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ៧:៣០ នាទីព្រឹកនេះ រួមមាន កម្ពស់ទឹកខាងមុខទ្វារ ៥,៦២ ម៉ែត្រ ស្រកចុះ ១,០២ ម៉ែត្រ ធៀបនឹងកម្ពស់ទឹកអតិបរិមា ៦,៦៧ ម៉ែត្រ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០។

ក្រសួងបានបន្តថា កម្ពស់ទឹកហូរលើទំនប់បង្ហៀរ ០,៨២ ម៉ែត្រ។ កម្ពស់ទឹកខាងក្រោយទ្វារ ៨,៤៥ ម៉ែត្រ។

ព្រឹកនេះកម្ពស់ទឹកស្ទឹងព្រែកត្នោត បានបន្តស្រកចុះ ០,២៤ ម៉ែត្រ ធៀបនឹងល្ងាចថ្ងៃម្សិលមិញ៕
ដោយ ជឹម ណារី
សម្រួលផ្សាយដោយ៖ កន ចំណាន