សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ឧបត្ថម្ភ​ដល់​គ្រួសារ​សព ដែល​ស្លាប់​ដោយ​គ្រោះធម្មជាតិ​ជំនន់​ទឹកភ្លៀង ចំនួន​១០​លាន​រៀល ក្នុង​មួយ​សព​

AKP ភ្នំពេញ ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០២០ —

​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បាន​ឧបត្ថម្ភ​ដល់​គ្រួសារ​សព ដែល​ស្លាប់​ដោយសារ​គ្រោះធម្មជាតិ​ជំនន់​ទឹកភ្លៀង ចំនួន​២០​នាក់ ដោយ​ក្នុង​អ្នកស្លាប់​ម្នាក់ ទទួលបាន​ថវិកា​ចំនួន​១០ លាន​រៀល​។

​ជាមួយគ្នានេះដែរ សម្ដេច​តេ​ជោ និង​សម្ដេច​កិត្តិ​ព្រឹត្តិ​បណ្ឌិត បាន​ឧបត្ថម្ភ​ថវិកា​ដល់​ខេត្តបន្ទាយមានជ័យ ដែល​រងគ្រោះ​ដោយ​គ្រោះធម្មជាតិ​ជំនន់​ទឹកភ្លៀង លើក​ទី​១​ចំនួន ១០​ម៉ឺន​ដុល្លារ​អាម៉េរិក និង​លើក​ទី​២ ចំនួន​១០​ម៉ឺន​ដុល្លារ​អាម៉េរិក​បន្ថែមទៀត (​សរុប​ចំនួន ២០​ម៉ឺន​ដុល្លារ​អាម៉េរិក )​។​

​គួរ​បញ្ជាក់ដែរថា ជំនន់​ទឹកភ្លៀង​ចាប់តាំងពី​ថ្ងៃទី​០១ ខែកញ្ញា ដល់​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០២០​នេះ បាន​បណ្តាលឱ្យ​មនុស្ស ២០​នាក់​ហើយ បាន​ស្លាប់បាត់​បង់ជីវិត និង​ប៉ះពាល់​ប្រជាពលរដ្ឋ​ជាង ២៤​ម៉ឺន​នាក់​។​

​យោងតាម​របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ដែល​ចេញផ្សាយ​នា​ល្ងាច​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០២០​នេះ បានឱ្យដឹងថា ជំនន់​ទឹកភ្លៀង​នេះ បាន​ប៉ះពាល់ ១៩ រាជធានី​-​ខេត្ត ស្មើនឹង ៧១​ក្រុង​/​ស្រុក​/​ខណ្ឌ​។ រាជធានី​-​ខេត្ត​ប៉ះពាល់​នេះ រួមមាន រាជធានី​ភ្នំពេញ ពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ ភ្នំពេញ បាត់ដំបង ស្វាយរៀង ឧ​ត្ត​រ​មានជ័យ សៀមរាប តាកែវ កំពង់ស្ពឺ មណ្ឌលគិរី ព្រះសីហនុ កោះកុង ព្រះវិហារ ស្ទឹងត្រែង កំពង់ចាម កណ្តាល កំពង់ឆ្នាំង និង​កំពង់ធំ​។ របាយការណ៍​ដដែល​បានឱ្យដឹង​ដែរ​ថា ទឹកជំនន់​នេះ​បាន​ប៉ះពាល់​ប្រជាពលរដ្ឋ​ជាង ៦​ម៉ឺន​គ្រួសារ ហើយ​ពលរដ្ឋ​ជិត ៨​ពាន់​គ្រួសារ ស្មើនឹង​ជិត ៣​ម៉ឺន​នាក់ ត្រូវបាន​ជម្លៀស​ទៅ​ទីទួល​សុវត្ថិភាព​។ ជំនន់​ទឹកភ្លៀង ក៏បាន​ធ្វើ​ប៉ះពាល់​ផ្ទះ​ជិត ៦​ម៉ឺន​ខ្នង ខូចខាត ៥៦​ខ្នង លិច​សាលារៀន ៤៥៩​កន្លែង លិច​ស្រូវ​ជិត ១៧​ម៉ឺន​ហិកតា ខូចខាត​ជាង ៣​ម៉ឺន​ហិកតា ដំណាំ​រួមផ្សំ​លិច​ទឹក​ជាង​៧​ម៉ឺន​ហិកតា និង​ខូចខាត​ជិត​៤​ម៉ឺន​ហិកតា​។ ទន្ទឹមនឹង​នេះដែរ ជំនន់​ទឹកភ្លៀង​នេះ ក៏​ធ្វើឱ្យប៉ះពាល់​ផ្លូវជាតិ ផ្លូវ​ខេត្ត និង​ផ្លូវ​ក្រួស​ក្រហម ៣៤៤​គីឡូម៉ែត្រ ផ្លូវលំ​ជនបទ ១ ៤៥៩​គីឡូម៉ែត្រ​។ លិច​ស្ពាន ២៤​កន្លែង ប៉ះពាល់​ទំនប់​ជាង ២២​គីឡូម៉ែត្រ ប្រឡាយទឹក​ជាង ៣០០​គីឡូម៉ែត្រ និង​ប៉ះពាល់​ច្រាំងទន្លេ ៤១០​ម៉ែត្រ​៕ ​ដោយ៖ ជឹម ណា​រី​