ព្រះករុណា​ព្រះមហាក្សត្រ កោតសរសើរ​សម្ដេច​តេ​ជោ ហ៊ុន សែន ដែលមាន​វិធានការ​ដោះស្រាយ​ទាន់ពេលវេលា ក្នុងការ​សង្គ្រោះ​ប្រជាពលរដ្ឋ​ពី​ជំនន់​ទឹកភ្លៀង​

AKP ភ្នំពេញ ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០២០

ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សម្ដែង​នូវ​ការកោតសរសើរ​ចំពោះ​សម្ដេច​តេ​ជោ ហ៊ុន សែន ដែលមាន​វិធានការ​ដោះស្រាយ​ទាន់ពេលវេលា ក្នុងការ​សង្គ្រោះ​ប្រជាពលរដ្ឋ​ពី​ជំនន់​ទឹកភ្លៀង ពិសេស​ការជម្លៀស​បង​ប្អូន​ប្រជាពលរដ្ឋ​ចេញពី​តំបន់​រងគ្រោះ ទៅកាន់​ទីតាំង​សុវត្ថិភាព​នោះ​។​

នៅក្នុង​ព្រះរាជ​សារលិខិត​ចុះ​ថ្ងៃទី ១៦​ខែតុលា​ឆ្នាំ​២០២០ របស់​ព្រះករុណា​ព្រះមហាក្សត្រ ផ្ញើជូន​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះអង្គ​បាន​មាន​ព្រះរាជបន្ទូល​ថា “​ខ្ញុំ​មាន​សេចក្តី​រំជួល​ហឫទ័យ​ជាខ្លាំង ដោយបាន​ទទួលដំណឹង​អំពី​បងប្អូន កូនចៅ នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​មួយចំនួន​ត្រូវ​ទទួលរង​គ្រោះ ដែល​បង្កឡើង​ដោយ​ជំនន់​ទឹកភ្លៀង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ បណ្តាលឱ្យមាន​ការបាត់​បង់ជីវិត និង​ខូចខាត ទ្រព្យសម្បត្តិ​។ ខ្ញុំ​សូម​ចូលរួម​រំលែក​ទុក្ខលំបាក​ជាមួយ​បងប្អូន​ប្រជារាស្ត្រ​នៅ​ទូទាំងប្រទេស​”​។

ព្រះអង្គ​សូម​កោតសរសើរ​នូវ​ភាពឈ្លាសវៃ និង​សូម​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ ចំពោះ​សម្តេច​អគ្គមហាសេនា ប​តី​តេ​ជោ នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែលមាន​វិធាន​ការជួយ​ដោះស្រាយ​ទាន់ពេលវេលា ជម្លៀស​បងប្អូន​ប្រជាពលរដ្ឋ​ចេញពី​តំបន់​រងគ្រោះ ទៅកាន់​ទីតាំង​សុវត្ថិភាព​នានា​។​ព្រះអង្គ​បន្តថា ខ្ញុំ និង សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ក៏បាន​ប្រទាន​ព្រះរាជ​អំណោយ​ជូន​ដល់​បងប្អូន​រងគ្រោះ​មួយចំនួន តាមរយៈ សម្ដេចចៅហ្វា​វាំង វរវៀងជ័យ អធិបតី​ស្រី​ង្គា​រ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​ព្រះបរមរាជវាំង​ជា​បន្តបន្ទាប់​ផងដែរ​។ ព្រះអង្គ​ក៏​សូម​ជូនពរ​ដល់​បងប្អូន កូនចៅ​ប្រជារាស្ត្រ​កម្ពុជា​ទាំងអស់ បាន​រួច​ផុតពី​គ្រោះមហន្តរាយ ធម្មជាតិ​ខាងលើនេះ និង​សូមមេត្តា​ការពារ និង​ថែរក្សា​សុខភាព​ឱ្យបាន​ល្អ កុំឱ្យ​មាន​ជំងឺ​ឈឺ​ថ្កាត់ ផ្សេងៗ​។

ជាមួយគ្នានេះ ព្រះអង្គ​ក៏​សូម​ប្រសិទ្ធពរ​ដ៏​ល្អ​បវរ មហាប្រសើរ ជូន សម្តេច​អគ្គមហាសេនាបតី​តេ​ជោ នាយក​រដ្ឋ មន្ត្រី និង​សមាជិក សមាជិកា​ដ៏​ឧត្តុង្គឧត្តម​នៃ​រាជរដ្ឋាភិបាល​កម្ពុជា សូម​ទទួលបាន​មហា​ជោគ ជ័យ​ថ្មីៗ​ទៀត និង​សូម​បាន​ប្រកប​តែ​នឹង​ព្រះពុទ្ធ​ពរ​គឺ អាយុ វណ្ណៈ សុ​ខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​។ ដោយឡែក​ក្នុង​លិខិត​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ចុះ​ថ្ងៃទី ១៦ ខែតុលា ឆ្នាំ​២០២០ ក្រាបបង្គំ​ទូលថ្វាយ ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​គូសបញ្ជាក់ថា បពិត្រ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង​ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​។​ជាបឋម​ក្នុងនាម​សមាជិក សមាជិកា​នៃ​រាជរដ្ឋាភិបាល​កម្ពុជា និង​ប្រជាពលរដ្ឋ​គ្រប់រូប ព្រមទាំង ទូលព្រះបង្គំជាខ្ញុំ សូម​ថ្លែង​អំណរ​ព្រះរាជ​គុណ​ប្រកបដោយ​បីតិ​សោមនស្ស​រីករាយ​ជា​អតិបរមា​ថ្វាយ​ចំពោះ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង​ជាទីគោរព​សក្ការៈ និង​សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា ជាតិខ្មែរ ជា​អម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ដែល​ព្រះអង្គ​ទាំង​ទ្វេ ទ្រង់​ស្ដេច សព្វព្រះរាជហឫទ័យ ប្រោស​ព្រះរាជទាន​នូវ​ព្រះ​រាជអំណោយ ជា​បន្តបន្ទាប់​ជួយ​សម្រាល​នូវ​ទុក្ខលំបាក​ដល់ ប្រជាពលរដ្ឋ​ជា​កូន ជា​ចៅ​របស់​ព្រះអង្គ ក្នុង​គ្រា​ជួប​ហានិភ័យ​ដ៏​ធ្ងន់ធ្ងរ​ដោយ​គ្រោះធម្មជាតិ ទឹកជំនន់​ប៉ះពាល់ ដល់​បណ្តា​ខេត្ត​មួយចំនួន និង​រាជធានី​ភ្នំពេញ​។

សម្ដេច​តេ​ជោ​បាន​បន្តថា តប​ចំពោះ​ព្រះរាជ​កាយវិការ​ប្រកប​ដោយ​ព្រះព្រហ្ម​វិហារធម៌ ព្រះ​ទសពិធរាជធម៌ ព្រមទាំង​មនុស្សធម៌ ដ៏​មហា​ត្រជាក់ត្រជំ​ត្រចះត្រចង់​នេះ ជាថ្មី​ម្តងទៀត ទូល​វ​ព្រះ​បង្គំ​យើងខ្ញុំ​គ្រប់រូប សូម​ថ្លែង​អំណរ​ព្រះរាជ​គុណ ជា​អនេកប្បការ និង​សូម​លំឱនកាយ​ថ្វាយ​នូវ​ព្រះ​សព្វ​សាធុការពរ​បវរ​មហា​ប្រសើរ សូម​ព្រះករុណា ជា​អម្ចាស់ ជីវិត​លើ​ត្បូង​ជាទីគោរព​សក្ការៈ និង សម្តេចព្រះ​មហាក្សត្រី ព្រះ​វរមាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និង​សុភមង្គល ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត សូម​ព្រះអង្គ​ទាំង​ទ្វេ​ទ្រង់​ស្ដេច​ព្រះ​ប្រកប ដោយ​ព្រះ​ពុទ្ធពរ​ទាំង​បួន​ប្រការ គឺ អាយុ វណ្ណៈ សុ​ខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​។

សូម​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង​ជាទីគោរព​សក្ការៈ ទ្រង់​ប្រោស​ព្រះរាជ​មេត្តា​ទទួល​នូវ​អភិវន្ទន​កិច្ច និង​កតញ្ញូ កតវេទិតា​ធម៌​ដ៏​ខ្ពង់ខ្ពស់​បំផុត​ពី​ទូលព្រះបង្គំជាខ្ញុំ​៕ ដោយ៖ ជឹម ណា​រី សម្រួលផ្សាយដោយ៖ ធូ កុសល