អាជ្ញាធរខេត្តឧត្តរមានជ័យ បាននាំវិទ្យុទាក់ទងចំនួន២១៣គ្រឿង មកចែកជូនអង្គភាពនានាជុំវិញរដ្ឋបាលស្រុកបន្ទាយអំពិល

AKP ឧត្តរមានជ័យ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០

ឯកឧត្តម ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ អមដំណើរដោយថ្នាក់ដឹកនាំ ប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត កាលពីថ្ងៃព្រហស្បតិ៍ ១៣រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ បាននាំវិទ្យុទាក់ទងចំនួន២១៣គ្រឿង មកចែកជូនអង្គភាពនានាជុំវិញរដ្ឋបាលស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

ឯកឧត្តម ប៉ែន កុសល្យ បានមានប្រសាសន៍ថា វិទ្យុទាក់ទងដែលបាននាំមកចែកជូនបងប្អូននាពេលនេះ ជាអំណោយរបស់ឯកឧត្តម នៅ សំ អ្នកតំណាងរាស្ត្រមណ្ឌលឧត្តរមានជ័យ។ សារៈសំខាន់របស់វិទ្យុទាក់ទង ដែលអាចជួយសម្រួលការងារទំនាក់ទំនងគ្នាមានភាពងាយស្រួលបន្ទាប់ពីទូរស័ព្ទ ក្នុងការទំនាក់ទំនងនៅមូលដ្ឋាន ហេតុនេះសូមបងប្អូនជួយថែរក្សាដើម្បីឱ្យការប្រើប្រាស់ជាប់បានយូរអង្វែង។

ឯកឧត្តម ក៏បានជម្រាបជូនពីស្ថានភាពទឹកនៅក្នុងខេត្ត ក្នុងរយៈពេល២ថ្ងៃនេះ ឯកឧត្តមបានដឹកនាំក្រុមការងារចុះពិនិត្យជាក់ស្តែងតាមក្រុងស្រុកទាំងអស់ ឃើញថាសម្រាប់ខេត្តឧត្តរមានជ័យមិនមានស្ថានភាពគ្រោះទឹកជំនន់នោះទេ បើមានលុះត្រាតែភ្លៀងបន្តធ្លាក់ច្រើនថ្ងៃជាប់ៗគ្នា ពេលនេះខេត្តឧត្តរមានជ័យ ស្ថានភាពអំណោយផលល្អ មិនទាន់មានបង្កឱ្យ មានគ្រោះទឹកជំនន់នោះនៅឡើយទេ គឺយើងមានភ្នំដងរ៉ែកដែលខណ្ឌចែកគ្នារវាងប្រទេសថៃ និងប្រទេសកម្ពុជា។

ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋយើងទាំងអស់ឱ្យ អញ្ជើញទៅចុះឈ្មោះបោះឆ្នោតបានគ្រប់ៗគ្នា និងជំរុញឱ្យអាជ្ញាធរមូលដ្ឋានត្រូវណែនាំដល់យុវជនដែលមានអាយុ១៥ឆ្នាំ ទៅធ្វើអត្តសញ្ញាណប័ណ្ណផងដែរ៕

ដោយ ទិត ស្រ៊