អភិបាលខេត្តកំពត ក្រើនរម្លឹកឱ្យអាជ្ញាធរ កងកម្លាំង និងមន្ត្រីជំនាញត្រូវត្រៀម មធ្យោបាយជួយសង្គ្រោះប្រជាពលរដ្ឋក្នុងហេតុការណ៍ ដោយជំនន់ទឹកភ្លៀងកើតឡើង

AKP កំពត ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០

បើទោះបីភ្លៀងធ្លាក់អស់រយៈពេលជាច្រើនថ្ងៃ បណ្ដាលឱ្យរាជធានី ខេត្តមួយចំនួន ទទួលរងគ្រោះនូវផលប៉ះពាល់ ដោយជំនន់ទឹកភ្លៀងនេះក្ដី ប៉ុន្តែខេត្តកំពតនៅមិនទាន់មាន បញ្ហាកើតឡើងដោយជំនន់ទឹកភ្លៀងឡើយនៅទូទាំងខេត្ត។

ការលើកឡើងបែបនេះរបស់ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត នៅក្នុងឱកាស ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តលើកទី៣០ កាលពីព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០  ដែលកិច្ចប្រជុំនេះមានការចូលរួមពីអាជ្ញាធរក្រុង ស្រុក មន្ទីរ អង្គភាពជំនាញ និងបណ្ដាកងកម្លាំងឯកភាពក្នុងភូមិសាស្ត្រខេត្តកំពត។

ឯកឧត្តម ជាវ តាយ អភិបាលខេត្ត បានបញ្ជាក់ឱ្យដឹងថា នៅក្នុងភូមិសាស្រ្តខេត្តកំពត មានភ្លៀងធ្លាក់នារយៈពេលប៉ុន្មានថ្ងៃនេះដូចបណ្ដារាជធានី ខេត្ត ពិសេស ខេត្តជាប់តំបន់ មាត់សមុទ្រផងដែរ។ ប៉ុន្តែតាមការសង្កេតជាក់ស្ដែង និងរបាយការណ៍របស់អាជ្ញាធរ មូលដ្ឋានក្រុង ស្រុក ជំនន់ទឹកភ្លៀង មិនបានធ្វើឱ្យមានផលប៉ះពាល់ ឬ រងគ្រោះដោយ គ្រោះមហន្តរាយអ្វីឡើយ។ នៅតាមដងព្រែកកំពត និងនៅទំនប់ទឹកវារីអគ្គិសនីកំចាយ ក៏ពុំបានធ្វើឱ្យកើតការព្រួយបារម្ភ ឬមានផលប៉ះពាល់ធ្ងន់ធ្ងរដល់ផលដំណាំស្រែចំការ ឬអាយុជីវិតមនុស្សសត្វអ្វីឡើយដែរ។

ប៉ុន្តែបើទោះបីយ៉ាងនេះក្តី ឯកឧត្តម ជាវ តាយ អភិបាលខេត្ត ក៏បានបញ្ជាក់ថា នៅពេលនេះ រដ្ឋបាលខេត្ត បានត្រៀមលក្ខណៈគ្រប់មធ្យោបាយ និងស្បៀងអាហារសម្រាប់ ជួយសង្គ្រោះដល់ប្រជាពលរដ្ឋ ក្នុងហេតុការណ៍កើតឡើងដោយគ្រោះជំនន់ទឹកភ្លៀង​នេះ ហើយផងដែរ។ តែបញ្ហានេះឯកឧត្តមអភិបាលខេត្ត ក៏បានក្រើនរម្លឹកផ្ដាំផ្ញើដល់គ្រប់បណ្ដា អាជ្ញាធរក្រុង ស្រុក អង្គភាពកងកម្លាំងប្រដាល់វុធ និងមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធក្នុងខេត្ត ត្រូវតែមានការយកចិត្តទុកដាក់ប្រុងប្រយ័ត្ន ត្រៀមលក្ខណៈគ្រប់មធ្យោបាយចូលរួម សហការគ្នា ឱ្យបានសស្រាក់សស្រាំនៅចំពោះមុខហេតុការណ៍កើតឡើង ដោយចៃដន្យ យើងមិនត្រូវធ្វេសប្រហែលឬមើលស្រាលចំពោះបញ្ហាទឹកជំនន់នេះបានឡើយ ព្រោះគ្រោះ ធម្មជាតិគ្មានអ្នកណាមើលបានដឹងមុនឡើយ។

ពិសេសជាងនេះ អាជ្ញាធរក្រុងស្រុក ត្រូវតែប្រុងប្រយ័ត្នយកចិត្តទុកដាក់ត្រៀម លក្ខណៈបង្ការគ្រប់មធ្យោបាយ ទាំងទូក និងទូកកាណូតម៉ាស៊ីន ឬទីទួលសុវត្ថិភាព ស្បៀងអាហារ ថ្នាំពេទ្យ ដើម្បីទុកជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋនៅពេល ជួបហេតុការណ៍គ្រោះមហន្តរាយដោយចៃដន្យដោយសារជំនន់ទឹកភ្លៀងនេះកើតឡើង គឺ យើងមិនត្រូវទុកឱ្យប្រជាពលរដ្ឋណាម្នាក់រងគ្រោះឬស្លាប់ ដោយយើងមិនបានយក ចិត្តទុកដាក់ជួយដល់ប្រជាពលរដ្ឋបានឡើយ៕

ដោយ ប្រាក់ លាង