ឯកអគ្គរដ្ឋទូតរុស្ស៊ី សន្យាជំរុញកិច្ចសហប្រតិបត្តិការនយោបាយ​ សេដ្ឋកិច្ច ពាណិជ្ជកម្ម ជាមួយកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០

ឯកឧត្តម អាណាតូលី បូរូវីក (Anatoly BOROVIK) បានសន្យាថា​ នៅក្នុង បេសកកម្មការទូតនៅកម្ពុជានេះ នឹងខិតខំពង្រឹងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ប្រទេសទាំងពីរឱ្យកាន់តែរឹងមាំឡើង ទាំងនៅខាងនីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិជាទ្វេភាគី និងពហុភាគី។

នៅក្នុងឱកាសសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអនុញ្ញាតឱ្យឯកឧត្តម អាណាតូលី បូរូវីក ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហព័ន្ធរុស្ស៊ីទើបតែងតាំងថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជា ជួបសម្តែងការគួរសម នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ នៅវិមានរដ្ឋសភា ឯកឧត្តមបានវាយតម្លៃខ្ពស់ ចំពោះដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចប្រធានរដ្ឋសភា ទៅកាន់ប្រទេសរុស្ស៊ី កាលពីឆ្នាំ២០១៦ ដែលនាំមកនូវជោគជ័យជាច្រើនក្នុងការពង្រឹងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការសភាប្រទេសទាំងពីរឱ្យរឹងមាំឡើង។

ឯកឧត្តម អាណាតូលី បូរូវីក បានលើកឡើងថា​ អ្នកវិនិយោគទុនរុស្ស៊ីមានការ ចាប់អារម្មណ៍ជាខ្លាំងក្នុងការបណ្តាក់ទុកនៅកម្ពុជា នៅក្នុងវិស័យជាច្រើនមានដូចថាមពល អគ្គិសនីជាដើម។ រុស្ស៊ី បានគាំទ្រដល់ការទទួលជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប របស់កម្ពុជានៅឆ្នាំ២០២១ ខាងមុខ។

ឯកឧត្តម អាណាតូលី បូរូវីក ក៏បានលើកឡើងពីការចូលរួមចែករំលែកទុក្ខ លំបាកនិងសម្តែងការសោកស្តាយជាមួយពលរដ្ឋកម្ពុជា ដែលកំពុងទទួលរងគ្រោះធម្មជាតិ ជំនន់ទឹកភ្លៀង។ ជាមួយគ្នានេះ ឯកឧត្តម​ បានជម្រាបជូនសម្តេចផងដែរ ពីជោគជ័យរបស់ប្រទេសរុស្ស៊ីក្នុងការស្រាវជ្រាវ និងផលិតថ្នាំនិងវ៉ាក់សាំងជំងឺកូវីដ១៩ ដែលទទួលបានជោគជ័យជាវិជ្ជមាន។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានស្វាគមន៍ និងគាំទ្រចំពោះបេសកកម្មការ ទូតរបស់​ ឯកឧត្តម​ អាណាតូលី បូរូវីក នៅកម្ពុជា និងបានបញ្ជាក់ថា រដ្ឋសភាកម្ពុជាពេញចិត្តចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការនានា ដែលរដ្ឋាភិបាល នៃប្រទេសទាំងពីរ បានកសាងរួមគ្នារៀងរហូតមក ទាំងវិស័យនយោបាយ ការទូតសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ អប់រំ សុខាភិបាល វិទ្យាសាស្រ្ត និងវប្បធម៌ មានការរីក ចម្រើនជាលំដាប់ ដែលបានរួមចំណែកដ៏សំខាន់ ក្នុងការអភិវឌ្ឍនៅកម្ពុជា។

សម្តេចបានលើកឡើងថា ក្នុងកាលៈទេសៈនេះ បច្ចុប្បន្នដែលពិភពលោកទាំងមូល កំពុងជួបវិបត្តិជំងឺកូវីដ១៩ ទាមទារឱ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការជិតស្និទ្ធថែមទៀត ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី ពហុភាគី និងការគាំទ្រពហុភាគីនិយម ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំង ជំងឺកូវីដ១៩ ឱ្យទទួលបានជោគជ័យ។

សម្តេចប្រធានរដ្ឋសភា និងឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានលើកឡើងពីចំណង មិត្តភាពនិងទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរ (កម្ពុជា-រុស្ស៊ី)​ ដែលមានតាំងពីយូរមកហើយ ពោលបានឈានដល់ខួបទី៦៥ នៅឆ្នាំក្រោយនេះ។ អតីតសហភាពសូវៀត ជាមិត្តដ៏ល្អរបស់ កម្ពុជាដែលបានជួយគាំទ្រកម្ពុជា តាំងពីក្រោយរបបប៉ុលពតបានដួលរលំទៅក្នុងឆ្នាំ១៩៧៩ ខណៈដែលប្រទេសលោកខាងលិចបានព្យាយាមហ៊ុមព័ទ្ធកម្ពុជាឱ្យនៅឯកោ៕

ដោយ ប៉ាល់ សុង