អាជ្ញាធរជាតិអប្សរា គ្រោងដាំដើមត្នោតឱ្យបានច្រើនក្នុងបរិវេនឧទ្យានអង្គរ ខណៈបច្ចុប្បន្ន អាជ្ញាធរដាំបានប្រមាណជាង៦.០០០ដើមហើយ

AKP សៀមរាប ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០

ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរាបានដឹងនៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០នេះថា ចក្ខុវិស័យវែងឆ្ងាយរបស់អាជ្ញាធរជាតិអប្សរា បានគិតគូរយ៉ាងម៉ត់ចត់អំពីការ ដាំដើមឈើណាដែលអាចផ្តល់សារៈប្រយោជន៍ទៅកាន់ប្រជាពលរដ្ឋ ជាក់ស្តែងដូចជា ដើមត្នោតដែលអាចយកទៅកែច្នៃសម្រាប់ធ្វើជាសម្ភារប្រើប្រាស់ផ្សេងៗ និងថែមទាំងអាចយក ទៅធ្វើជាអាហារបានទៀតផង។

ឯកឧត្តមបន្តថា បច្ចុប្បន្ននេះអាជ្ញាធរជាតិអប្សរា បានបណ្តុះកូនត្នោត និងបានដាំដុះ នៅក្នុងតំបន់ឧទ្យានអង្គរបានចំនួនជាង៦.០០០ដើមមកហើយ។ ក្នុងគោល ដៅដើម្បីថែរក្សា អត្តសញ្ញាណជាតិមួយនេះឱ្យបានគង់វង្ស ហើយអាជ្ញាធរជាតិអប្សរាគ្រោងនឹងធ្វើការ ដាំដើមត្នោតបន្ថែមទៀតជារៀងរាល់ឆ្នាំ ហើយនាថ្ងៃអនាគត អាជ្ញាធរជាតិអប្សរានឹងបង្កើតជា កន្លែងបណ្តុះកូនត្នោត ដើម្បីចែកជូនបន្តទៅកាន់ប្រជាពរដ្ឋដែលមានបំណងដាំផងដែរ។ ឯកឧត្តម ហង់ ពៅ ក៏បានសំណូមពរដល់ប្រជាពរដ្ឋចូលរួមក្នុងថែរក្សាកូនត្នោត ដែល អាជ្ញាធរជាតិអប្សរាបានដាំកុំឱ្យមានការបាត់បង់។
សូមបញ្ជាក់ថា ដើមត្នោតជាអត្តសញ្ញាណនៃទេសភាពទឹកដីរបស់ខ្មែរ ដោយស្ទើរ គ្រប់ទីកន្លែងនៅក្នុងទឹកដីមួយនេះ។

ដោយតម្លៃនៃអត្តសញ្ញាណវប្បធម៌អរិយធម៌ និងប្រវត្តិសាស្រ្តធម្មជាតិ ដើមត្នោតត្រូវបានចាត់បញ្ចូលជាប្រភេទរុក្ខជាតិនិមិត្តរូបជាតិ នៃព្រះរាជាណាចក្រកម្ពុជា ដោយព្រះរាជក្រឹត្យ លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី ២១ ខែមីនា ឆ្នាំ២០០៥ ស្តីពីការកំណត់ប្រភេទសត្វ និងរុក្ខជាតិសម្រាប់និមិត្តរូប នៃព្រះរាជាណាចក្រកម្ពុជា៕

ដោយ ឃុត សៅ

សម្រួលផ្សាយ៖ ខៀវ យុទ្ធវង្ស