ប្រជាពលរដ្ឋចំនួន ១៨នាក់ បានរងគ្រោះដល់អាយុជីវិត ដោយសារជំនន់ទឹកភ្លៀង គិតត្រឹមព្រឹកថ្ងៃទី១៦ ខែតុលា នេះ ខណៈសម្តេចតេជោ បានណែនាំដល់សមត្ថកិច្ចត្រូវគិតពីសុវត្ថិភាពប្រជាពលរដ្ឋជាអាទិភាព

AKP ភ្នំពេញ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ —

គិតត្រឹមព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០នេះ មានប្រជាពលរដ្ឋចំនួន ១៨នាក់ហើយ (ស្រី៨នាក់) ដែលបានស្លាប់ដោយគ្រោះជំនន់ទឹកភ្លៀង ដែលបាន និងកំពុងវាយប្រហាររាជធានី-ខេត្ត ចំនួន១៩ ។ នេះបើយោងតាមរបាយការណ៍ របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ទទួលបាននៅមុននេះបន្តិច។

របាយការណ៍បានបង្ហាញថា ខេត្តបន្ទាយមានជ័យ មានប្រជាពលរដ្ឋស្លាប់ច្រើនជាងគេ គឺចំនួន ០៧នាក់ ខេត្តពោធិ៍សាត់ ០៣នាក់ ខេត្តព្រះសីហនុ ០២នាក់ ខេត្តប៉ៃលិន ០១នាក់ ខេត្តកំពង់ធំ ០១នាក់ និងខេត្តកណ្តាលចំនួន ០៤នាក់។

របាយការណ៍ដដែលក៏បានបញ្ជាក់ពីការខូចខាតហេដ្ឋារចនាសម្ព័ន្ធមួយចំនួនធំ ដូចជាផ្ទះ សាលារៀន ស្ពាន ផ្លូវថ្នល់ ។ល។ នៅក្នុងខេត្តដែលរងគ្រោះខ្លាំងជាងគេ ខណៈជំនន់ទឹកភ្លៀងនេះ បានប៉ះពាល់ដល់ប្រជាជនប្រមាណជាង ៥៣ ១៦៩គ្រួសារ ស្មើនឹង ២១២ ៦៧៦នាក់ ហើយជំនន់នេះបានជន់លិចស្រូវ ប្រមាណ ១៣៧ ១៦០ហិកតា និងខូចខាតទាំងស្រុងប្រមាណ ៧ ២៣១ហិកតា រួមនឹងដំណាំរួមផ្សំជាច្រើនហិកតាទៀតផងដែរ។

គួររម្លឹកថា ជំនន់ទឹកភ្លៀងនៅប៉ុន្មានថ្ងៃជាប់ៗគ្នាមកនេះ បានប៉ះពាល់ស្ទើរតែគ្រប់រាជធានី-ខេត្ត ជាពិសេសខេត្តភាគពាយ័ព្យដែលរងគ្រោះធ្ងន់ធ្ងរជាងគេ ប៉ុន្តែបើតាមរបាយការណ៍ដែលទីភ្នាក់ងារសារព័ត៌មានកម្ពុជាទទួលបាន ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង ដែលពីមុនបានរងផលប៉ះពាល់ខ្លាំងជាងគេ បានចាប់ផ្តើមធូរស្រាលបន្តិចវិញហើយ ខណៈខេត្តបន្ទាយមានជ័យ កំពង់ស្ពឺ និងកណ្តាល រួមទាំងផ្នែកខ្លះនៃខណ្ឌដង្កោ រាជធានីភ្នំពេញ បានរងគ្រោះធ្ងន់ធ្ងរវិញ៕

កាលពីយប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ ក្នុងខណៈអញ្ជើញជួបប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ហើយត្រូវបានដឹកជញ្ជូនមកកាន់ទីទួលសុវត្ថិភាព ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានប្រសាសន៍ថា អាទិភាពរបស់រាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់ថ្នាក់ក្នុងពេលនេះ គឺត្រូវសង្គ្រោះប្រជាពលរដ្ឋឱ្យចេញផុតពីតំបន់រងគ្រោះជាមុនសិន ហើយសម្ដេចក៏បានស្នើឱ្យអាជ្ញាធររាជធានីភ្នំពេញ ខេត្តកណ្ដាល និងខេត្តបន្ទាយមានជ័យ បន្តការយកចិត្តទុកដាក់ តាមដានទៅលើការវិវត្តរបស់ចរន្តទឹកដែលហូរចូលផងដែរ និងត្រូវចាត់វិធានការគ្រប់បែបយ៉ាង ដើម្បីកាត់បន្ថយ ឱ្យបានជាអតិបរមានូវការលំបាក ផលប៉ះពាល់ដល់អាយុជីវិត និងទ្រព្យសម្បត្តិប្រជាពលរដ្ឋ៕

ដោយ៖ផែន រតនៈ
ផ្សាយដោយ៖ កន ចំណាន