ពលរដ្ឋរងគ្រោះជំនន់ទឹកភ្លៀង ២០៤គ្រួសារ ក្នុងក្រុងសិរីសោភ័ណទទួលបានអំណោយ​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ​​ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា

AKP បន្ទាយមានជ័យ ថ្ងៃទី១៦ ខែតុលា ​ឆ្នាំ២០២០–

ពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន២០៤គ្រួសារ រស់នៅក្នុងសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យទទួល បានអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជាឆ្លើយតបសង្គ្រោះបន្ទាន់ គ្រោះមហន្តរាយ នៃគ្រោះជំនន់ទឹកភ្លៀងសម្រាប់ជួយ សម្រួលដល់ជីវភាពរស់នៅក្នុងគ្រាជួបការ​លំបាកនេះ។

​អំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ដែលមានជាគ្រឿងឧបភោគបរិភោគ ត្រូវបាន លោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន អនុប្រធានកិត្តិយសគណៈកម្មាធិការសាខាកាកបាទ ក្រហមខេត្តបន្ទាយមានជ័យ រួមនិងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត ជាមួយក្រុមការងារចុះទៅ ចែកដោយផ្ទាល់ដៃជូនដល់ប្រជាពលរដ្ឋរងគ្រោះចំនួន ២០៤គ្រួសារ ដែលមកពី៣ភូមិក្នុង សង្កាត់អូរអំបិល ក្នុងក្រុងសិរីសោភ័ណ កាលពីរសៀលថ្ងៃ១៣រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី១៥ ខែតុលា ឆ្នាំ២០២០។

ក្នុងឱកាសនេះលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន បានជម្រាបជូនដល់ប្រជាពល រដ្ឋនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលសម្ដេច តែងតែគិតគូរពីសុខទុក្ខជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្រីក្រ ឬជួបការលំបាកនៅគ្រប់ទី កន្លែងទាំងអស់។ ព្រោះនៅទីណាឱ្យតែមានប្រជាពលរដ្ឋរងគ្រោះ ងាយរងគ្រោះ ទីនោះតែង តែមានវត្តមានកាកបាទក្រហមកម្ពុជាមកជួយសង្គ្រោះជានិច្ច។

ជាក់ស្តែងដូចជាក្រុមការងារ កាកបាទក្រហមរួមនិងអាជ្ញាធរកងកម្លាំងប្រដាប់អាវុធ ដែលកំពុងធ្វើសកម្មភាពជួយដល់ប្រ ជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងនាពេលនេះដោយមិនប្រកាន់ពូជសាសន៍ពណ៌សម្បុរឬនិន្នាការនយោបាយឡើយ ដែលស្ថិតក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយ​គតិបណ្ឌិត របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

ក្នុងពិធីពេលប្រគល់អំណោយមនុស្សធម៌ដ៏ថ្លៃថ្លានេះលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹម យ៉ាន រួមនិងឯកឧត្តម អ៊ុំ រាត្រី ជាមួយសហការីរួមនិងប្រជាពលរដ្ឋបានថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅបំផុតជូនចំពោះសម្ដេចទាំងពីរ ដែលបានយកចិត្តទុកដាក់ជួយដល់ពួកគាត់កំពុង ជួបបញ្ហាខ្វះខាត ដោយសារជំនន់ទឹកភ្លៀង នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ​នេះបានទាន់ពេល វេលា៕

ដោយឈុន សារ៉ាត