ខេត្តក្រចេះ ប្រារព្ធព្រះរាជពិធីបង្សុកូល ថ្វាយព្រះរាជកុសលចំពោះព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ

AKP ក្រចេះ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០–

ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តនិងលោកជំទាវ ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្ត និងលោកជំទាវ ព្រមទាំងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋនៅខេត្តក្រចេះ បានអញ្ជើញប្រារព្ធពិធីបង្សុកូលឧទ្ទិសកុសលថ្វាយចំពោះព្រះវិញ្ញាណក្ខន្ធព្រះ ករុណាព្រះមហាវីរ:ក្សត្រ ព្រះបរមរតនកោដ្ឋ កាលពីរសៀលថ្ងៃ១៣រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ត្រូវនឹងថ្ងៃព្រហស្ប តិ៍ ទី១៥ ខែតុលា ឆ្នាំ២០២០ ។

ពិធីបង្សុកូលថ្វាយព្រះរាជកុសលព្រះករុណាព្រះបរមរតនកោដ្ឋ ត្រូវបានប្រារព្ធធ្វើទៅតាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា ដោយមានការនិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងប្រគេនយាគូនិងវេរភត្តាហារប្រគេនព្រះសង្ឃ បង្សុកូលឧទ្ទិសព្រះរាជកុសលថ្វាយចំពោះព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ដើម្បីជាការរម្លឹកដល់ព្រះរាជទិគុណ និងស្នាព្រះហស្តដ៏ឧត្តុង្គឧត្តម ក្នុងការការពារនូវបូរណភាពទឹកដី គឺការដណ្តើមបានឯក រាជ្យពីអាណានិគមនិយមបារាំងនាឆ្នាំ១៩៥៣ និងការទាមទានូវប្រាសាទព្រះវិហារខ្មែរមកវិញ ពីសំណាក់សៀមឈ្លានពាននាឆ្នាំ១៩៦២ ការបង្រួបបង្រួមផ្សះផ្សាជាតិ និងសមិទ្ធផលធំៗជាច្រើនទៀត ។

ការសោយទីវង្គតរបស់ព្រះករុណា សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិ ព្រះបរមរតនកោដ្ឋ បានធ្វើឱ្យយើងជាកូន ជាចៅ ចៅទួត ចៅលួត របស់ព្រះអង្គ មានក្តីសោកស្តាយ អាឡោះអាល័យរកទីបំផុតគ្មាន ព្រមទាំងឱ្យថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង ប្រជានុរាស្ត្ររបស់ព្រះអង្គនឹកឃើញនូវព្រះគុណូបការៈដ៏ថ្លៃថ្លា និងវិសេសវិសាលឧត្តុង្គឧត្តម ។ ក្នុងមួយព្រះជន្មរបស់ព្រះអង្គ បានលះបង់ទាំងព្រះកាយពលនិងព្រះបញ្ញាញាណ ដើមី្បបុព្វហេតុជាតិ ។ ជាងនេះទៅទៀតគ្រប់ព្រះរាជសកម្មភាពរបស់ព្រះបរមរតនកោដ្ឋ គឺបានធ្វើឱ្យព្រះរាជាណាចក្រកម្ពុជាទទួលបានឯករាជ្យ បូរណភាពទឹកដី ឯកភាពជាតិ អព្យាក្រឹត្យភាព និងកិត្យានុភាពដ៏ល្បីល្បាញនៅលើសកលលោកទៀតផង៕ ដោយ៖ជួន សុជាតិ