អភិបាលខេត្ត នាំអំណោយសាខាកាកបាទក្រហមកម្ពុជាខេត្ត ជូនពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងស្រុកកណ្ដាលស្ទឹង

AKP កណ្តាល ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០–

រសៀលថ្ងៃ១៣រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី១៥ ខែតុលា ឆ្នាំ២០២០ ឯឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល និង ឯកឧត្តមបណ្ឌិត ឈុន ស៊ីរុន តំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល អមដំណើរដោយ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មន្ទីរអង្គភាពជុំវិញខេត្ត និងមន្ត្រីសាខា បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ជិត៣០០គ្រួសារ នៅភូមិអំពើព្រៃ ឃុំកណ្ដោក ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

ឯកឧត្តម គង់ សោភ័ណ្ឌ បានពាំនាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្តីអាណិតអាសូរ និងនឹករលឹកបំផុត។

ឯកឧត្ដម បានបន្តទៀតថា កាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្ដេចតែងមានការគិតគូរជានិច្ច អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅ នៅគ្រប់ពេលវេលា និងថែមទាំងបានណែនាំជាប្រចាំ ដល់មន្រ្តីកាកបាទក្រហមនៅថ្នាក់មូលដ្ឋានទាំងអស់ ត្រូវពិនិត្យមើលពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងចុះសួរសុខទុក្ខដល់ចាស់ជរាគ្មានទីពឹង ជនក្រីក្រ ស្រី្តមេម៉ាយកូនច្រើនក្រីក្រ អ្នកកំពុងរស់នៅជាមួយមេរោគអេដស៍ អ្នកជំងឺអេដស៍ អ្នកមានជំងឺរ៉ាំរ៉ៃហើយមានជីវភាពក្រីក្រ កុមារកំព្រា ស្រី្តឆ្លងទន្លេ និងអ្នករងគ្រោះផ្សេងៗ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ប្រពៃណី ឬនិន្នាការនយោបាយឡើយ។ គឺក្នុងគោលបំណងជួយដោះស្រាយសម្រាលនូវការលំបាកចំពោះមុខឱ្យបានទាន់ពេលវេលា និងមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយសារដាច់ស្បៀងអាហារឡើយ ។

ឯកឧត្តមអភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ត្រូវថែរក្សាសុខភាព ដោយប្រកាន់នូវ ហូបស្អាត ផឹកស្អាត និងដេកឱ្យបានត្រឹមត្រូវ ។ ជាងនេះទៅទៀតត្រូវប្រុងប្រយ័ត្នដល់ក្មេងតូចៗ មិនត្រូវមានការធ្វេសប្រហែស បណ្ដែតបណ្ដោយឱ្យពួកគាត់នៅក្បែរទឹក ដែលអាចបង្កជាគ្រោះថ្នាក់ដោយប្រការណាមួយ។ ពិសេសនៅពេលបងប្អូនធ្វើដំណើរ ឆ្លងទឹក ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ដោយមានត្រៀមសម្ភារៈសម្រាប់ជួយសង្គ្រោះ ដូចជាអាវពោង ដើម្បីបង្ការនូវគ្រោះថ្នាក់ផងដែរ។

អំណោយដែលសាខា បានផ្តល់ជូនបងប្អូនប្រជាពលរដ្ឋជិត ៣០០គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបានអង្ករ ២៥គីឡូក្រាម មី១កេស ត្រីខកំប៉ុង១យួរ និងថវិកា៥ម៉ឺនរៀល៕ ដោយ ណយ នឿន (ប្រភព:រដ្ឋបាលខត្តកណ្តាល)