កូនទាព្រៃ​ស្លាប​ស បង្ហាញវត្ដមានក្នុងដែនជម្រកសត្វព្រៃគូលែន ព្រហ្មទេព ក្នុងខេត្ត​ព្រះវិហារ

AKP ភ្នំពេញ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០
អង្គការ WCS ប្រចាំកម្ពុជា​បានចេញផ្សាយរូបភាពកូនទាព្រៃ​ស្លាប​ស​ ខណៈពេលដែលវា​បានចាកចេញពីសំបុករបស់វាក្នុងរន្ធដើមឈើជាមួយមេរបស់វា។ ក្រុមការងារ​អភិរក្ស​ជឿថា កូនទាព្រៃ​ស្លាប​សនេះគឺជាកូនទាព្រៃស្លាបសមួយក្នុងចំណោមកូនទាព្រៃស្លាបស ៥ក្បាល ដែល​​ក្រុម​ការ​ងារបានតាមដាននៅក្នុងដែនជម្រកសត្វព្រៃគូលែន ព្រហ្មទេព ភូមិសាស្ត្រ​ខេត្ត​ព្រះវិហារ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អង្គការ WCS ប្រចាំកម្ពុជា។

ក្នុងសេចក្ដីប្រកាសបានបញ្ជាក់ថា លោក ម៉ៅ ឃៀន ​និងក្រុមការងារ​របស់គាត់បាន​ដំឡើងម៉ាស៊ីនថតសត្វ​ព្រៃស្វ័យប្រវត្តិ​នៅក្បែរសំបុក​ដើម្បី​ថត​យក​រូបភាពដោយមិនឱ្យមាន​ការរំខានដល់ទាព្រៃស្លាបស។ ទាព្រៃ​ស្លាប​សទាំងនេះចូលចិត្តធ្វើសំបុកនៅក្នុង​រន្ធឈើ​​នៅលើ​ដើមឈើចាស់ៗ។ សំបុកទា​ព្រៃ​ស្លាប​ស ស្ថិតនៅកម្ពស់ ៤ម៉ែត្រពីដី ដូច្នេះការថតយកសកម្ម​ភាព​ទាព្រៃស្លាបសនៅក្នុង​សំបុក​របស់​វាមិនងាយស្រួលទេ។ តែទោះជាយ៉ាងនេះក្តី ក្រុមការ​ងារស្រាវជ្រាវ​ជីវៈ​ចម្រុះ​​​សហគមន៍​អាច​ដាក់ពង្រាយម៉ាស៊ីនថតសត្វស្វ័យប្រវត្តិចំនួនពីរនៅ​ក្បែរសំបុក ហើយ​លទ្ធផលទទួលបាន​គឺគួរ​ឱ្យភ្ញាក់​ផ្អើល។
បើតាមការបញ្ជាក់របស់អ្នកជំនាញបានឱ្យដឹងថា​ ទាព្រៃស្លាបស (Asacornis scutulata) បច្ចុប្បន្ន ត្រូវបានកត់ត្រាក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជា​ប្រភេទជិតផុត​ពូជនៅលើពិភពលោក មានវត្តមាននៅសេសសល់ក្នុងទីជម្រកធម្មជាតិតិចជាង ​១ ០០០​ក្បាល ភាគច្រើនមាននៅក្នុងប្រទេសឥណ្ឌា និងមីយ៉ាន់ម៉ា។
លោក សាយម៉ុន ម៉ាហ៊ូដ (Simon Mahood) ទីប្រឹក្សាបច្ចេកទេសជាន់ខ្ពស់នៃអង្គការ WCS បានថ្លែងថា ទាព្រៃស្លាបសគឺជាប្រភេទសត្វព្រៃដ៏សំខាន់ ហើយទីជម្រករបស់វា​មាន​លក្ខណៈពិសេស ហើយយើងត្រូវតែ​អភិរក្ស​ទីជម្រកទាំងនេះដើម្បីការពារប្រភេទសត្វនេះ ព្រមទាំងប្រភេទសត្វដទៃៗទៀត។ លោកបានបញ្ជាក់ថា លទ្ធផលនៃការ​អង្កេត​តាមដាន​នេះ​មានលក្ខណៈវិជ្ជមាន​ និងបង្ហាញច្បាស់ថា ដោយមានការចូលរួមពី​សហគមន៍ និងមាន​កិច្ច​សហការ​រឹងមាំក្នុងភាពជាដៃគូរវាងភាគីពាក់ព័ន្ធទាំងអស់ ធ្វើឱ្យកិច្ចប្រឹងប្រែងអភិរក្សអាច​ទទួល​បាន​​ជោគ​ជ័យ។

អង្គការ WCS សហការជាមួយមន្ទីរបរិស្ថានខេត្ត និងដៃគូដទៃទៀត បាននិងកំពុងធ្វើ​ការ​ជា​មួយប្រជា​សហគមន៍នៅក្នុងតំបន់ដើម្បីការពារប្រភេទសត្វដ៏សំខាន់នេះ​អស់រយៈពេល​១០​ឆ្នាំ​កន្លងមក ហើយ​លទ្ធផលគួរឱ្យចាប់អារម្មណ៍ជាច្រើនសម្រេចបានតាមរយៈដៃគូ​សហ​ការដ៏ល្អនេះ។ កាលពីខែវិច្ឆិកា ឆ្នាំ ២០១៥ អ្នកភូមិដែលនៅពេលនោះទទួលបានការអប់រំ​អំពី​ស្ថានភាព និង​សារៈសំខាន់​របស់​ទាព្រៃស្លាបស បានចូលរួមសង្គ្រោះមេទាព្រៃស្លាបសមួយ​ក្បាលក្នុងរដូវកាលជម្រុះ​រោម។ ក្នុងកំឡុងពេលជម្រុះរោម សត្វទាព្រៃស្លាបសមិនអាចហើរ​បានទេ ជាហេតុនាំឱ្យវាងាយរង​គ្រោះ​ពេលជួបពួកប្រភេទសត្វស៊ីសាច់ជាអាហារ។ ក្រោយពី​បាន​ទទួលការមើលថែទាំមួយរយៈពេលខ្លីនៅ​ឯមជ្ឈមណ្ឌល អង្គរ ដើម្បីការអភិរក្សជីវៈចម្រុះ​(ACCB) មេទាព្រៃស្លាបសនោះត្រូវបានយកមកលែងនៅក្នុងតំបន់នេះវិញ​ដោយសុវត្ថិភាព។ ពីរឆ្នាំក្រោយមក គឺនៅក្នុងឆ្នាំ ២០១៧ អ្នកភូមិបានរាយការណ៍ឱ្យដឹងថាពួកគាត់បាន​ឃើញ​សំបុក​សត្វមួយ សំបុក ហើយភ្លាមនោះ ក្រុមការពារសំបុកសត្វនៃអង្គការWCS បានទៅពិនិត្យ មើល​ និងការពារសំបុកនោះ។

សូមរម្លឹកផងដែរថា គម្រោងការពារសំបុកសត្វ គឺជាគម្រោងមួយបង្កើតឡើងដោយ​ក្រុម​អភិរក្សក្នុង​គោលបំណងផ្តល់ជម្រើសដល់សហគមន៍ដែលរស់នៅ​ក្នុង ឬក្បែរតំបន់ការ​ពារធម្មជាតិដើម្បីបង្កើតប្រភពចំណូលសម្រាប់ទ្រទ្រង់ជីវភាពរស់នៅតាមរយៈប្រព័ន្ធលើកទឹក ចិត្ត។ ប្រជាសហគមន៍មូលដ្ឋាន​ត្រូវបាន​ជួលឱ្យយាម​ការពារសំបុកទាព្រៃស្លាបសនេះរហូត ដល់កូនទាព្រៃស្លាបសចំនួន ៩ក្បាលបានញាស់ដោយ​ជោគជ័យ។ ក្រវឹល​ពាក់ជាប់នឹង​ជើង​របស់វា បានបញ្ជាក់ថា វាគឺជាមេទាព្រៃស្លាបសដែលបានបញ្ជូនទៅថែ​ទាំនៅមជ្ឈមណ្ឌល​អង្គរដើម្បីការអភិរក្សជីវៈចម្រុះ កន្លងមក។ ក្នុងឆ្នាំ ២០១៩ អ្នកភូមិបានរាយការណ៍ជូន​អង្គការ WCS ម្តង​ទៀតថា មេទាព្រៃស្លាបសដដែលនេះ ត្រូវបានពួកគាត់ជួយសង្គ្រោះម្តង​ទៀតក្នុង​អំឡុង​ពេលវាផ្លាស់រោមប្រចាំឆ្នាំ។ ទោះបីជាគ្មានមនុស្សទៅ ចាប់វាក៏ដោយ ការដែលវាមាន​វត្តមាននៅក្បែរ​ភូមិ និងចម្ការក្នុងអំឡុងពេលវា​ជម្រុះរោម វាអាចប្រឈមនឹងគ្រោះថ្នាក់​ខ្ពស់​ពេលឆ្កែ​ស្រុកឃើញវា។

លោក ម៉ៅ ឃៀន ប្រធានក្រុមជីវៈចម្រុះនៃអង្គការ​ WCS បានបញ្ជាក់ថា «ពួកយើង​មាន​ក្តីរំភើបនៅពេលដែល​បានឮដំណឹងថាសំបុកនោះត្រូវបានមេទាព្រៃស្លាបសប្រើប្រាស់​ម្តងទៀត ហើយនៅពេលដែលពួកយើង​ទៅ​ពិនិត្យមើល ក៏បានឃើញមេទាព្រៃស្លាបស​ថ្មីមួយ​ផ្សេងទៀត ពួកយើងសប្បាយចិត្តណាស់”។​ ក្នុងរយៈពេលកន្លងមក ប្រទេសកម្ពុជា​ជួបគ្រោះ​រាំង​ស្ងួតរយៈពេលជាច្រើនឆ្នាំជាប់ៗគ្នា ធ្វើឱ្យទឹកអូររីងហួត​នៅរាក់។ ប៉ុន្តែ នៅខែមិថុនា ឆ្នាំ ២០២០ នៅពេលដែលទឹកចាប់ហូរចូលអូរវិញ មេទាព្រៃស្លាបស​ត្រូវបាន​លែងចូល​ព្រៃធម្ម​ជាតិរបស់វាវិញម្តងទៀតបន្ទាប់ពីវាដុះរោមពេញខ្លួនវិញនៅឯមជ្ឈមណ្ឌល​អង្គរ​ដើម្បី​ការ​អភិរក្សជីវៈចម្រុះ។ មេទាព្រៃស្លាបសនេះ មានក្រវឹលសម្គាល់អត្តសញ្ញាណដែលក្រុមការងារ​បាន​ចងភ្ជាប់​ទៅនឹងជើងឆ្វេង​របស់វាដើម្បីឱ្យក្រុមការងារស្រាវជ្រាវងាយស្រួលសម្គាល់។

លោកបានបន្ថែមថា “អង្គការ WCS មាន​ការសប្បាយ​រីករាយដោយ​មួយខែក្រោយ​មក​គឺនៅខែកក្កដាបានឃើញមេទាព្រៃ​ស្លាបស​មួយក្បាល​ផ្សេងទៀតមកក្រាប​ពងនៅក្នុងសំបុក​របស់មេទាព្រៃស្លាបសមុន។ មេទាព្រៃស្លាបសថ្មីនេះ ញាស់បានពង​ចំនួន ៥ ហើយក្រុម​ការ​ពារ​សំបុកបានប្រញាប់ប្រញាល់យាមការពារសាជាថ្មីម្តងទៀត”៕

ដោយ រិទ្ធី